​ចាប់ខ្លួន​យុវ​ជន​ម្នាក់​តាម​ដីកា​​ពី​បទ​ហិង្សា​ដោយ​ចេតនា​នៅ​ស្រុក​ច​ន្ទ្រា

ខេត្តស្វាយរៀង​ ៖​ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុក​​ឃាត់ខ្លួន​តាម​ដីកា​លេខ​៩៩​ត​ព្រ​/១៥​ ចុះ​ថ្ងៃ​ទី​២៣  កក្កដា​ ២០១៥​ ចុះហត្ថលេខា​ដោយ​លោក​ហម​ម៉េ​ង​សែ​ ចៅក្រមស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​ពី​បទ​ហិ​ង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ​​វិ​ឆ្ឆិ​កា ២០១៥ ​នៅ​ចំណុច​ភូមិ​ត្រពាំង​បុណ្ យ​ឃុំ​ព្រៃ​គគីរ​ ស្រុក​ច​ន្ទ្រា​។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា​ ជន​ដែល​ត្រូវ​ចោទ​មានឈ្មោះ​ដួង​ ដា​រ៉ា​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​បុណ្យ​ ឃុំ​ព្រៃ​គគីរ​ ស្រុក​ច​ន្ទ្រា​ ដោយ​បាន​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៨​ ​មិ​នា ២០១៥​ ស្ថិត​ក្នុងភូមិ​ត្រពាំង​បុណ្យ​​ ឃុំ​ព្រៃ​គគីរ​ ស្រុក​ច​ន្ទ្រា​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​រង​របួសធ្ងន់​ និង​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ ហើយ​បាន​រត់គេច​ខ្លួន​បាត់​។

​ប៉ុន្តែ​ជង់​វា​មិន​ដែល​ភ្លេច​កុក​ទេ ​មាន​តែ​កុក​ទេ​ដែល​ភ្លេច​ជង់ ​នឹក​ផ្ទះ​ត្រឡប់​មក​វិញ​ត្រូវ​ចាប់​ខ្លូ​ន​។ បច្ចុប្បន្ន​ជន​ដែល​ត្រូវ​ចោទ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ច្បាប់​។ 

ជន​សង្ស័យត្រូវ​លោក​ចៅក្រម​​ចេញ​ដីកា​ឃុំខ្លួន​​​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ​៕