អ្នក​ទទួល​ផ្ញើ​ម៉ូតូ​ផ្សារ​តាកែវ​ព្រួត​គ្នា​វាយ​អ្នក​យក​ម៉ូតូ​មក​ផ្ញើរបួស​​ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

ខេត្ត​តាកែវ​ ៖ ស្ត្រី​ជើង​ខ្លាំង​ខាង​ជេរ​បញ្ចោរ​អ្នក​ដែល​យក​ម៉ូតូ​មក​ផ្ញើ​រួម​ជាមួយ​កូន​ប្រុស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​ដូន​កែវ​ចាប់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ កាល​ពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៤ ​វិច្ឆិកា បន្ទាប់​ពី​ជន​ល្មើស​ម្តាយ​ និង​កូន​បាន​ធ្វើ​សកម្ម​ភាព​ព្រួត​វាយ​បុរស​ម្នាក់​ដែល​យក​ម៉ូតូ​ទៅ​ផ្ញើ​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ដំណំ​ ដោយ​គ្រាន់តែ​ជន​រង​គ្រោះ​បញ្ឈរ​ម៉ូតូ​ប៉ះ​តៅ​នឹង​ម៉ូតូ​គេ​បន្តិច​បន្តួច​។

លោក​វរ​សេនីយ៍​ត្រី​ឆាយ សាវុធ​ អធិការ​នគរ​បាល​ក្រុង​ដូន​កែវ​ បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ម្តាយ និង​កូន​ដែល​ត្រូវ​ចាប់ខ្លួន​ ឈ្មោះ​គង់ ហេង ភេទ​ស្រី អាយុ​៥០​ឆ្នាំ និង​កូន​ប្រុស​ឈ្មោះ​គង់​ វណ្ណៈ អាយុ២៩​ឆ្នាំ រស់​នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ  មុខ​របរ​ជា​អ្នក​ទទួល​ផ្ញើ​កង់​-ម៉ូតូ​នៅ​ផ្សារ​តា​កែវ​ពី​ខាងលិច ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ហម សុធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ក្រាំង​ធ្នង់​ ឃុំ​ធ្លក ស្រុក​ទ្រាំង​។

លោក​អធិការ​នគរ​បាល​ក្រុង​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ​វេលា​ម៉ោង​៩​ព្រឹក​ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​មក​ផ្សារ​រក​ទិញ​អីវ៉ាន់ ពេល​នោះ​បុរស​ជា​ប្តី​បាន​ឱ្យ​ប្រពន្ធ​ចុះ​ឈរ​នៅ​មាត់​ច្រក​ចូល​ រួច​អូស​ម៉ូតូ​ចូល​ទៅ​ផ្ញើ​ដោយ​បាន​កិប​សំបុត្រ​ត្រឹម​ត្រូវ​។ ពេល​យក​ម៉ូតូ​ទៅ​ដាក់​កន្លែង​ផ្ញើ​នោះ​ ជន​រង​គ្រោះ​បានដាក់​ម៉ូតូ​បែរ​ក្បាល​ទៅ​ទិស​ខាង​លិច​ ហើយ​ម៉ូទូ​បាន​ផុង​ដី​ផ្អៀង​ទៅ​ប៉ះ​ម៉ូតូ​ក្បែរ​គ្នា​នោះ​បន្តិច​បន្តួច​ មិន​មាន​ខូច​ខាត​អ្វី​ទេ។

តែ​​ពេល​បុរស​រង​គ្រោះ​ចេញ​មក​វិញ​ ​​ស្ត្រី​ជន​ល្មើស​បាន​ជេរ​ដៀល​មក​លើ​បុរស​រង​គ្រោះខ្លាំង​ៗ ដោយ​អត់​ទ្រាំ​មិន​បានជន​​រង​គ្រោះ​បាន​ទៅ​អូស​យក​ម៉ូតូ​ចេញ​វិញ​ស្រាប់​តែ​ស្ត្រី​ល្មើស​រួម​ជាមួយ​កូន​ប្រុស​ស្ត្រី​៤-៥នាក់​ព្រួត​គ្នា​វាយ​លើ​បុរស​រង​គ្រោះ​ និង​ប្រពន្ធ​យ៉ាង​ដំណំ​។

ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​២នាក់​ប្តី​ប្រពន្ធ​បាន​ដាក់​ពាក្យ​ប្តឹង​មក​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ដូន​កែវ​ឱ្យ​ចុះ​ចាប់ខ្លួន​ជន​ល្មើសមក​សាក​សួរ​តែ​ម្តង​៕