ស្ត្រី​​រង​គ្រោះដែ​ល​ត្រូវ​​គេវាយផ្អើល​រោង​ការ​​ដង្ហោយ​រក​យុត្តិធម៌ ខណៈជន​ដៃដល់ត្រូវ​បាន​ដោះ​លែង

ខេត្ត​កំពង់​ស្ពឺ ៖ ​ស្ត្រី​រង​គ្រោះ​​​ជា​ម្តាយកូន​ក្រមុំ​ដែល​រង​នូវ​ការ​វាយដំ​ពី​សំណាក់​ប្រ​ព​ន្ធ​មន្ត្រី​នគរបាល​ខេត្ត​ កំ​ពុង​ដង្ហោយ​រក​យុត្តិធម៌ ​បន្ទាប់​ពី​ស្ត្រី​ដៃដល់​ត្រូ​វបាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​នៅថ្ងៃ​ទី​២៥ ​វិច្ឆិកា ​២០១៥​នេះ ។ នេះ​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​ន​គត​របាល​ស្រុក​មួយ​រូប​។

សាច់ញាតិ​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា​ រឿងរ៉ាវ​ទំនាស់​នោះ​គឺ​ផ្តើម​ចេញពី​រឿង​លុយ​១០០.០០០​រៀល ​មិន​គួរ​ណា​ស្ត្រី​ដៃដល់​ដែល​អាង​ប្តី​ជា​មន្ត្រី​នគរបាល​ខេត្ត​បាន​យក​ដុំ​ថ្ម​ទៅ​វាយ​ស្ត្រី​រង​គ្រោះ​​បណ្តាល​ឱ្យ​បែក​ចិញ្ចើម ​និង​ផ្អើល​ឆោឡោ​ពេញ​រោងការ​ទេ​។​

ការ​ដែលមាន​អំពើ​ហិង្សា​នេះ​ហើយ​ធ្វើឱ្យ​ស្ត្រី​រង​គ្រោះ​ខាតបង់​នូវ​ទ្រព្យធន​អស់​ជា​ច្រើន​​ព្រោះតែ​មិន​មាន​ភ្ញៀវ​មក​ចូលរួម​ការកូន​គាត់​។​​ ​គាត់​បានខាតបង់​ប្រាក់ចំនួន​៤៥០០​ដុល្លា​រ ដែល​​ថវិកា​​នេះ​គឺ​គាត់​បាន​ចងការ​ពី​ធនាគារ​ទាំងស្រុង​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍ឃុំ​ធម្មតា​អរ​មួយ​រូបឱ្យ​ដឹង​ថា ​នៅ​ប្រឹ​ក​ថ្ងៃ​ទី​២៥​ វិច្ឆិកា​ ២០១៥ ​មាន​មន្ត្រី​នគរបាល​ខេត្ត​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​បាន​បញ្ជា​មក​ប៉ុស្តិ៍ឱ្យ​ជួយ​កែ​របាយ​ការ​ណ៍​ពី​វាយ​ដោយ​ដុំ​ថ្ម​ទៅ​ជា​វាយ​ដោយ​ទូរស័ព្ទ​វិញ​។​ ការ​ដែល​មាន​បញ្ជា​បែប​នេះ​ធ្វើ​ឱ្យ​មន្ត្រី​ប៉ុស្តិ៍​ដែល​ជា​ម្ចាស់​ករណី​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​។

ក្រុម​គ្រួសា​សាច់ញាតិ​ក៏​ដូច​ជា​ស្ត្រី​រង​គ្រោះ​សូម​សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​ មន្ត្រី​នគរបាល​ជាន់ខ្ពស់​សូម​មេត្តា​ជួយ​ពិនិត្យ​រឿង​នេះ​ផង​ បើ​សង្ឃឹមលើ​នគរបាល​ខេត្ត​ គឺ​ឈរ​ខាង​ភាគី​បង្ក​អស់​ទៅ​ហើយ​។​ ដូច្នេះ​មាន​តែ​ថ្នាក់លើ​ទេ​ទើប​អាច​ឱ្យគាត់​សង្ឃឹម​បាន​ ​ព្រោះថា ​ស្ត្រី​បង្ក​ត្រូវ​បាន​ដោះ​លែងឱ្យមាន​សេរីភាព​វិញ​ហើយ​ ​​។

​ស្ត្រី​រង​គ្រោះបានឱ្យ​កោះសន្តិភាព​ដឹង​ដែរ​ថា ​កា​​ល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​ស្ត្រី​ដៃដល់​បាន​ទៅ​ជេរ​បញ្ចោ​រគាត់​ ថែម​ទាំង​ដៀមដាម​ដាក់​គាត់​ថា​ គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​គេ​បាន​ឡើយ​ ព្រោះ​ប្តី​គេ​ជា​មន្ត្រី​នគរបាល​ស្រាប់​ហើយ​បើ​ប្តឹង​ចង់បាន​លុយ​កុំ​សង្ឃឹមឱ្យ​សោះ​។

សូម​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២២ ​វិច្ឆិកា ២០១៥ ​នៅ​ចំណុច​ភូមិ​ម្កាក់ ​ឃុំ​ធម្មតា​អរ​ ស្រុក​សំរោង​ទង​ ​បុរស​ជាមន្ត្រី​នគរ​បាល​ម្នាក់​បាន​ឌុប​ប្រពន្ធ​​ចូល​ទៅ​វាយ​ម្តាយកូន​ក្រមុំ​ក្នុង​ថ្ងៃ​ការកូន​បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ដួល​សន្លប់​។

​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ប៉ិច ​អូន​ អាយុ​៤៩​ឆ្នាំ​ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ ចំណែក​ស្ត្រី​ដៃដល់​មានឈ្មោះ​ជី សុខ​ហាក់ ​​អាយុ​៤១​ឆ្នាំ​ និង​ប្តី​ឈ្មោះ​ផូ​ ណ​ន ​អាយុ​៤១​ឆ្នាំ ​ជា​មន្ត្រី​នគរបាល​នៅ​ការិយាល័យ​វិក្រឹត្យការ​ខេត្ត​ មាន​ទីលំនៅ​ត្រពាំង​លាភ​ ឃុំ​ធម្មតា​អរ ​ស្រុក​សំរោង​ទង​។

ប្រភព​បន្ត​ថា​ រឿងហេតុ​ គឺ​ផ្តើម​ចេញពី​អ្នក​រង​គ្រោះ​ជំពាក់​លុយ​ស្ត្រី​ដៃដល់​១០០.០០០​រៀល​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​