សង្គម​ស៊ីវិល៖ ការ​ដោះលែង​អ្នក​ទោស​រៀងរាល់​ឆ្នាំ​មាន​ភាព​មិន​ប្រក្រតី

អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះលែង និង​បន្ធូរបន្ថយ​ទោស​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៥ នេះ មាន​ប្រមាណ​ជិត ៧០០​នាក់។ ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា ចំណាត់​ការ​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូចជា​មាន​ករណី​ពុករលួយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង ទោះ​ជា​មាន​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ក្ដី។

ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​ឆ្នាំ​២០១៥ នេះ ព្រះមហាក្សត្រ​បាន​ព្រះរាជទាន​ការ​លើកលែង​ទោស​ដល់​ទណ្ឌិត​ចំនួន ១០២​នាក់ ហើយ​ទណ្ឌិត​ចំនួន ៥៧៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​បន្ធូរបន្ថយ​ទោស​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។

អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ការ​លើកលែង​ទោស​នោះ គឺ​មាន​ការ​វាយ​តម្លៃ​ល្អិតល្អន់​ចាប់​ពី​ក្រុម​ការងារ​វាយ​តម្លៃ​ក្នុង​ពន្ធនាគារ និង​គណៈកម្មការ​ថ្នាក់​ខេត្ត រហូត​ដល់​គណៈកម្មការ​ថ្នាក់​ជាតិ។ ការ​លើក​លែង​ទោស​នេះ លោក​បដិសេធ​ថា មិន​មាន​ការ​រើសអើង​នយោបាយ​ឡើយ៖ «»។

​ទាក់ទង​នឹង​ការ​ដោះលែង​អ្នកទោស​នា​ឱកាស​ពិធី​បុណ្យ​ផ្សេងៗ​នោះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា អ្នក​ទោស​នយោបាយ​គេ​មិន​ដែល​បាន​ស្នើ​ឲ្យ​ដោះលែង​ឡើយ ដោយ​សំអាង​ថា អ្នក​នយោបាយ និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​ក្រោម​ហេតុផល​នយោបាយ គឺ​មាន​តែ​ច្រក​ចេញ​តាម​រយៈ​ដំណោះស្រាយ​នយោបាយ​នោះ​ទេ។

ការ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​នៅ​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង ៣​ដង​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា គណៈកម្មការ​វាយ​តម្លៃ​ក្នុង​ការ​លែង​អ្នក​ទោស និង​បន្ធូរបន្ថយ​ទោស​នៅ​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ មិន​ប្រក្រតី​ដោយសារ​មាន​ទណ្ឌិត និង​ពិរុទ្ធជន​រអ៊ូរទាំ​ថា ពួកគាត់​មាន​លក្ខខណ្ឌ​បន្ធូរ​បន្ថយ​ទោស​ដូច​គេ​ដែរ ប៉ុន្តែ​ពួក​គាត់​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី ដោយសារ​គ្មាន​លុយកាក់​សម្រាប់​សូកប៉ាន់។ លោក អំ សំអាត ថា បញ្ហា​ពុករលួយ​នេះ កើត​មាន​ឡើង​រៀងរាល់​ពេល​លើកលែងទោស​ម្តងៗ៖ «»។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន លើក​ឡើង​ថា ឈ្មោះ​អ្នក​ទោស​ដែល​ត្រូវ​យក​មក​ពិភាក្សា​សម្រាប់​ដោះលែង គឺ​ជា​ទណ្ឌិត​ដែល​បាន​កែខ្លួន និង​អនុវត្ត​ទោស​បាន ២​ភាគ​៣​នៃ​ទោស​សរុប ទើប​អាច​ដោះលែង​បាន។ ចំណែក​ទណ្ឌិត​ដែល​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស លុះ​ត្រា​បាន​អនុវត្ត​ទោស ១​ភាគ​៣ នៃ​ទោស​សរុប។ លោក​សង្ឃឹម​ថា អតីត​អ្នក​ទោស​នឹង​កែខ្លួន​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។