ជនសង្ស័យ​សម្លាប់លោកយាយអាយុ៧១ឆា្នំ​ ប៉ូលិសឃុំខ្លួន​បានមួយថ្ងៃ ​​​ហែកគុក​រត់​

ខេត្តកំពង់ស្ពឺ ៖​ ប្រភពពីប៉ូលិសនៃស្នង​ការដ្ឋាននគរបាល​ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ​ជនសង្ស័យពីរនាក់ ​ក្នុងនោះម្នាក់ជាប់​ចោទពីបទឃាតកម្មស្រ្តី​ចំណាស់​ ​និង​ម្នាក់ទៀត​(មិន​ស្គាល់អត្តសញ្ញាណ) ​ជាប់ចោទ​លួចគោ​នៅស្រុកឧដុង្គ ​បានគាស់ចម្រឹង​បង្អួចបន្ទប់ឃុំឃំាងនៃ​ស្នងការដ្ឋាននគរបាលខេត្តរត់គេចខ្លួន​បាត់ស្រមោល​កាលពី​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី២៥ ​វិច្ឆិកា​ ២០១៥ ។

គួរបញ្ជាក់ថា ​ជន​សង្ស័យហែកគុករត់ ឈ្មោះ ប៉ូ​ញ ចាន់​រិ​ទ្ទ ​ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ​​ជា​កសិករ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ន​រា​ ឃុំ​ខ្ទំ​ក្រាំង​ ស្រុក​សំរោង​ទង ​​ជាប់ពពាក់​ព័ន្ធ​​ករណី​ឃាតកម្ម​​​​​គិត​ទុកជា​មុនលើ​ស្រ្តីចំណាស់អាយុ​៧១ ឆ្នាំ​ម្នាក់​​ ​នៅ​ភូមិ​​ព្រៃព្រន​រា ឃុំ​ខ្ទំ​ក្រាំង ស្រុក​សំរោងទង ​បានសមត្ថកិច្ចឃាត់ខ្លួន​បន្ទាប់ពីរត់គេចចេញពីភូមិ ​ក្រោយ​ពេល​មានការឆោឡោថា ​ស្ដ្រីចំណាស់ម្នាក់​ត្រូវឃាតករសម្លាប់ ​រួចអូសសពចូលក្នុងវាលស្រែក្រោយភូមិ ​។ ការឃាត់ខ្លួននេះធ្វើឡើង​កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី២៣ វិច្ឆិកា​ គឺបន្ទាប់ពីមានព័ត៌មានបាត់ខ្លួនស្ដ្រីចំណាស់ ។  ការចាប់ខ្លួននេះ​ ត្រូវបានសង្ស័យថា​ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន​ ដោយសម្លាប់​ស្ដ្រីចំណាស់ នៅចម្ងាយប្រមាណ៨០០ម៉ែត្រ ​ខាងលិចភូមិព្រនារាយណ៍​ ឃុំក្ទម្ពក្រាំង ស្រុកសំរោងទង ។ ​សំណុំរឿងខាងលើ​បើតាមលោកវរសេនីយ៍ត្រី សម សាក់​ នាយការិយាល័យ​ព្រហ្មទណ្ឌ​​ខេត្តបាន​ឱ្យដឹងថា​​ យោងតាមការស្រាវជ្រាវ និង​​សាកសួរសាក្សី គឺរវាងជនរងគ្រោះនិងជនសង្ស័យ​ ​មានជម្លោះគ្នារឿងដីធ្លី៦ឆ្នាំមកហើយ ​​។ ស្ត្រីចំណាស់រង​គ្រោះឈ្មោះ ទូច ញឹក ​អាយុ ៧១ឆ្នាំ ​ត្រូវបានអ្នកភូមិនិង​ក្រុមគ្រួសារប្រទះ​ឃើញស្លាប់នៅក្នុង​វាលស្រែក្នុងភូមិសាស្រ្តខាងលើ ដោយមានស្ថានភាពជាន់​ពន្លិចក្បាល​នៅក្នុងភក់ ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា​ ករណីសម្លាប់នេះ​បានកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ​ខែវិច្ឆិកា ហើយក្រុមគ្រួសារនាំគ្នា​ដើររកក៏ប្រទះឃើញសព ​នៅវេលាម៉ោង៦និង១៦​នាទីព្រឹកថ្ងៃទី២៤​ ខែវិច្ឆិកា នៅភូមិនារាយណ៍​ ឃុំក្ទម្ពក្រាំង ស្រុកសំរោងទង ។ ​តាមការសាកសួរនិងស្រាវជ្រាវ​ពីក្រុមគ្រួសារសពបានឲ្យដឹងថា ​នារសៀលថ្ងៃទី២៣ ខែ​វិច្ឆិកា គាត់បានដឹកគោ​ទៅចងឱ្យស៊ីស្មៅនៅក្រោយភូមិ ​ហើយក៏បាត់ខ្លួនរហូតមក បើទោះ​ជាក្រុមគ្រួសារកូនចៅនាំគ្នាដើរ​រកក៏មិនប្រទះឃើញឡើយ ។ រហូតដល់​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ក៏ប្រទះឃើញ​ស្លាប់នៅក្នុងវាល​ស្រែក្នុងស្ថានភាពក្បាលកប់ក្នុងភក់ ។

ជនរងគ្រោះមានស្នាមបែក​ចំនួន៣កន្លែងនៅក្បាល ​ហើយក្បាលកប់ក្នុងភក់​ទៀត​ផង។ ក្រោយពីពិនិត្យចប់ ​សមត្ថកិច្ច​បានប្រគល់សពឱ្យក្រុម​គ្រួសារ​ទទួលយកទៅរៀបចំ​ធ្វើបុណ្យតាមប្រពៃណី​ និងតាមប្រមាញ់ជនដៃ​ដល់រហូតចាប់ខ្លួនបាននៅយប់ថ្ងៃទី២៣ វិច្ឆិកា​ ហើយសមត្ថកិច្ចបាន​បញ្ជូនទៅសាកសួរនិងឃុំខ្លួន​នៅស្នង​ការដ្ឋាននគរបាល​ខេត្តដើម្បីកសាងសំណុំរឿង​បញ្ជូនបន្តទៅសាលាដំបូង ​តែទំនងជាសមត្ថកិច្ចខ្វះ​ការទទួលខុសត្រូវ​ គាប់ជួននឹងបន្ទប់ឃុំឃំាង​មិនរឹងមំាផង ​ជនសង្ស័យក៍គាស់​ចម្រឹងបង្អួច​រត់គេចខ្លួន​បាត់តែម្តង ។

យ៉ាងណាក៍ដោយ​ នៅពេលនេះ ​សមត្ថកិច្ចក៍កំពុង​តាមចាប់ខ្លួនជនដៃដល់រូបនេះ ​ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕