បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​២​គ្រឿង រឹបអូស​បាន​ឈើ​គ្រញូង​១៤២​ដុំ ឃាត់ខ្លួន​ម្ចាស់​ឈើ​បាន​ម្នាក់

ខេត្តកោះកុង ៖ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ហៅ​កាត់​ថា វ៉ា​យ​អេ​ដ បាន​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​ដែល​ដឹកឈើ​គ្រញូង​ចេញពី​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​មក​កាន់​ទីរួមខេត្ត​កោះកុង ។ ការ​ស្ទាក់​ចាប់​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៥ ខណៈ​រថយន្ត​ដឹកឈើ​គ្រញូង​មក​ជិត​ដល់ទី​រួម​ខេត្តកោះកុង ស្ថិត​ក្នុងភូមិ​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់​​គេច​ខ្លួន​បាន​ដោយ​ទុក​ចោល​រថយន្ត​នៅ​កន្លែង​កើត​ហេតុ ។

ក្រោយ​ពី​ម្ចាស់​រថយន្ត​រត់​ចោល​រថយន្ត​បាត់ សមត្ថកិច្ច​របស់​អង្គការ​វ៉ា​យ​អេ​ដ​បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​អូស​យក​រថយន្ត​ខាងលើ​ម៉ាក ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-7031 យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ។

បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​រថយន្ត​ខាងលើ​គឺ​បាន​រក​ឃើញ​ឈើ​គ្រញូង​ចំនួន​៣៥​ដុំ ស្មើនឹង​៨៧​គីឡូក្រាម ស្មើនឹង​០,០៧២​ម៉ែត្រគូប ។ លុះដល់​ដល់​រសៀល​ថ្ងៃ​ដដែល​ក៏​មាន​យុវជន​ម្នាក់​ចេញ​មុខ​ថា​រថយន្ត​ស្តា​រិច និង​ឈើ​គ្រញូង​ខាងលើ​ជា​របស់​ខ្លួន ខណៈនោះ​យុវជន​ដែល​ចេញ​មុខ​សារភាព​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​បន្ទាប់​ពី​សមត្ថកិច្ច​បាន​រាយការណ៍ និង​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រួច​មក ។

បន្ទាប់​ពី​ឃាត់​បាន​រថយន្ត​ម៉ាក​ស្តា​រិច​ខាងលើ​ហើយ ប្រភព​ព័ត៌មាន​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ច្បាស់​ថា​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​បាន​ដឹកឈើ​គ្រញូង​ប្រដេញ​គ្នា​​ជាមួយ​ដែរ មាន​ម៉ាក​ធុន​ត្រា ពណ៌​ស ។ សមត្ថកិច្ច​ក៏​ចាត់​កម្លាំង​ស្វែងរក​ពេញទី​រួម​ខេត្តកោះកុង ទើប​ប្រទះ​ឃើញ​រថយន្ត​សង្ស័យ​ចត​នៅ​មុខ​ផ្ទះសំណាក់​កុលាប​កោះកុង ពេល​នេះ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង​ក៏​បាន​បញ្ជា​ឲ្យ​ធ្វើការ​ឆែកឆេរ​រថយន្ត​ទី​២​ម៉ាក​ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2P-7525 រក​ឃើញ​ឈើ​គ្រាក់​គ្រញូង​ចំនួន​១០៧​ដុំ ស្មើនឹង​៤៩៨​គីឡូក្រាម ស្មើនឹង​០,៤១៥​ម៉ែត្រគូប​, រណារ​យន្ត​១, ពូថៅ​៣, កា​បិត​ផ្គាក់​១ និង​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ជា​បណ្ដោះអាសន្ន ។

លោក​ប្រាក់ ប៊ុ​ន្នី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កោះកុង បាន​បញ្ជាក់​ប្រាប់​«​កោះសន្តិភាព​»​ថា យុវជន​ដែល​ចេញ​មុខ​ថា​រថយន្ត​ទាំង​២​គ្រឿង​ជា​របស់​ខ្លួន​ខាងលើ​ឈ្មោះ ចាន់ សិលា អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​២ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង មានមុខរ​បរជា​អ្នក​ធ្វើ​ចំការ ។ លោក​បញ្ជាក់​ទៀត​ថា យុវជន​ខាងលើ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដោយ​ចោទ​ពី​បទ​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ។

លោក ប៊ូ ប៊ុ​ន​ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជាក់​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥​នេះ​ថា នីតិវិធី​អយ្យការ​គឺ​ដើរទៅ​មុខ ហេតុនេះ​ជនសង្ស័យ​ត្រូវ​បាន​ជាប់​ចោទ​តាម​ចំណុច​មាត្រា​ចោទប្រកាន់​របស់​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ ៕