សមត្ថកិច្ច​សាកសួរ​ក្រុម​អ្នក​កាសែត​ករណី​ថត​រូប​ទារ​លុយ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​សៀមរាប

សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​នាំ​ខ្លួន​អ្នក​កាសែត និង​គ្នីគ្នា​ចំនួន ៩​នាក់ ទៅ​សាកសួរ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នៅ​ក្រោយ​ពេល​ដែល​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​ស្ទឹង​បាន​ចាប់​ផ្ដើម​ប្រហែល​ជាង ៣​ម៉ោង។ ការ​នាំ​ខ្លួន​ទៅ​សាកសួរ​នេះ បន្ទាប់​ពី​ក្រុម​អ្នក​កាសែត ៤​នាក់ និង​គ្នីគ្នា ៥​នាក់​ទៀត បាន​នាំ​គ្នា​ថត​រូប​ក្នុង​ពិធី​បុណ្យ​អុំ​ទូក រួច​ហើយ​ផ្ដិត​មក​ហុច និង​តាម​សុំ​លុយ​ពី​គណៈអធិបតី​នៅ​លើ​វេទិកា។

អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​សៀមរាប បាន​សម្ដែង​ការ​ងឿង​ឆ្ងល់ និង​ភ្ញាក់​ផ្អើល​ជា​លើក​ដំបូង នៅ​ពេល​ដែល​ឃើញ​អ្នក​កាសែត​មួយ​ក្រុម​មាន​គ្នា ៩​នាក់ បាន​ដើរ​ថត​រូប​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប នៅ​ក្នុង​ស្ទឹង​សៀមរាប ហើយ​ផ្ដិត​រូប​ដើរ​ហុច​ឲ្យ​គណៈអធិបតី​ដែល​ចូលរួម​ពិធី​បុណ្យ ព្រម​ទាំង​តាម​ចោមរោម​សុំ​លុយ​ផង​នោះ។

ការ​ភ្ញាក់​ផ្អើល​នេះ កើត​ឡើង​បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ បាន​នាំ​ខ្លួន​អ្នក​កាសែត​ចំនួន ៤​នាក់ ព្រម​ទាំង​គ្នីគ្នា ៥​នាក់​ទៀត ទៅ​ប្រគល់​ឲ្យ​ប៉ូលិស​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​សៀមរាប សាកសួរ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នៅ​ក្រោយ​ពេល​ដែល​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ដំបូង ចាប់​ផ្ដើម​បាន​រយៈពេល​ជាង ៣​ម៉ោង។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប គឺ​លោក ភឹង ចិន្តារ៉េត។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​វិច្ឆិកា ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នក​កាសែត​ចំនួន ៤​នាក់ និង​គ្នីគ្នា​របស់​ពួក​គេ​ចំនួន ៥​នាក់​ទៀត ទៅ​សាកសួរ​រយៈពេល​ជិត ២​ម៉ោង កាល​ពី​រាត្រី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។ ការ​នាំ​ខ្លួន​អ្នក​ទាំង ៩​នាក់​ទៅ​សាកសួរ​នោះ ដោយសារ​តែ​សមត្ថកិច្ច​ដែល​កំពុង​រាយ​បណ្ដាក់​កម្លាំង​ការពារ​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បាន​ប្រទះ​ឃើញ​អ្នក​ទាំង​នោះ​នាំ​គ្នា​ដើរ​ថត​រូប​មន្ត្រី​សំខាន់ៗ​ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ហើយ​ផ្ដិត​រូប​ដើរ​ហុច ព្រម​ទាំង​តាម​ចោមរោម​សុំ​លុយ ជា​សកម្មភាព​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទាល់​តែ​សោះ។

លោក ភឹង ចិន្តារ៉េត បញ្ជាក់​ថា អ្នក​កាសែត​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ និង​ក្រោយ​មក​បាន​ដោះ​លែង​ទៅ​វិញ​នោះ គឺ ២​នាក់​មក​ពី​អង្គភាព​សារព័ត៌មាន​សេរីភាព​កម្ពុជា ម្នាក់​មក​ពី​សារព័ត៌មាន​គតិ​បណ្ឌិត​ខ្មែរ ម្នាក់​ទៀត​មក​ពី​សារព័ត៌មាន​កម្ពុជា​សន្តិភាព និង​មនុស្ស ៥​នាក់​ទៀត គឺ​ជា​សាច់ញាតិ​របស់​ពួក​គេ៖ «ថត​បាន​ផ្ដិត​មក​យក​មក​ដើរ​រុញ ហើយ​សុំ​លុយ សុំ​មិន​ទៅ​ណា​សោះ គឺ​តាម​ស្អិត ហើយ​មិន​មែន​តែ​ម្នាក់​ឯណា ៨-៩​នាក់​ហ្នឹង បើ​តាម​ថ្នាក់​ដឹក​នាំ​ណា​មួយ គឺ​ទៅ​ហ៊ុម​ជុំវិញ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ទៅ​អ្នក​កាសែត​ទាំង ៤​នាក់ ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ពុធ នេះ។

ចំណែក​អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ឲ្យ​ដឹង​ថា ក្រុម​អ្នក​កាសែត​ទាំង ៤​នាក់​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នោះ មិន​មែន​ជា​អ្នក​រស់នៅ​ខេត្ត​សៀមរាប ទេ គឺ​ពួក​គេ​នាំ​គ្នា​មក​ពី​ខេត្ត​កណ្ដាល។ លោក ឃឹម ប៊ុនសុង សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​អ្នក​កាសែត​ទាំង ៤​នាក់ និង​គ្នីគ្នា​របស់​ពួក​គេ ៥​នាក់​ផ្សេង​ទៀត ដែល​ដើរ​ថត​រូប ហើយ​ផ្ដិត​ហុច​ទារ​លុយ​ពី​ភ្ញៀវ​កិត្តិយស​នៅ​លើ​វេទិកា​បុណ្យ​អុំ​ទូក​ដូច្នេះ​ទេ ពីព្រោះ​ជាច្រើន​ឆ្នាំ​មក​ហើយ ខេត្ត​សៀមរាប មិន​មាន​អ្នក​កាសែត​ណា​ធ្វើ​បែប​នេះ​ឡើយ៖ «មិន​ដែល​មាន​ទេ ទើប​តែ​ឆ្នាំ​នេះ​ថត​រូប ក៏​យើង​មិន​ដែល​ហាម​ឃាត់​បង​ប្អូន​ថា​មិន​ឲ្យ​ថត​មិន​ឲ្យ​អី​ទេ គ្រាន់​តែ​ថត​ហើយ​ក៏​យើង​ជូន​គាត់​ទៅ បើ​គាត់​ឲ្យ​លុយ​ចាយ​ក៏​យក​ទៅ កុំ​ទៅ​ទារ​លុយ​គេ»

បើ​ទោះ​បី​ជា​មាន​បញ្ហា​បន្តិចបន្តួច​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ដំបូង​ក៏ដោយ ក៏​អាជ្ញាធរ​ខេត្ត​សៀមរាប នៅ​តែ​បន្ត​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ថ្ងៃ​ពុធ នេះ ដោយ​រលូន​រហូត​ដល់​ចប់​សព្វគ្រប់ មិន​មាន​អ្វី​រំខាន​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។