សហជីព​ជិត​៤០​គ្រោង​ស្នើ​រដ្ឋសភា​ឲ្យ​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ក្រោយ​បុណ្យ​អុំ​ទូក

ក្រុម​សហជីព​នៅ​កម្ពុជា ជិត ៤០​ស្ថាប័ន បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​លើ​សេចក្ដី​ព្រាង​ចុង​ក្រោយ​នៃ​ច្បាប់​ស្ដីពី​សហជីព។ ក្រុម​សហជីព​ប្រកាស​ថា នឹង​ដាក់​លិខិត​ស្នើ​ទៅ​ស្ថាប័ន​រដ្ឋសភា ក្រោយ​ពិធី​បុណ្យ​អុំ​ទូក ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​អន្តរាគមន៍ និង​កែប្រែ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​ក្រុម​សហជីព​អះអាង​ថា ជា​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សហជីព​កម្មករ​នៅ​កម្ពុជា។

សហជីព​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជិត ៤០​ស្ថាប័ន នឹង​ទាមទារ​ឲ្យ​រដ្ឋសភា​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​សហជីព​ចុង​ក្រោយ ដើម្បី​ធានា​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពិត​ជា​ដាក់​បញ្ចូល​នូវ​សំណើ​រួម​របស់​សហជីព​ពិត​ប្រាកដ​មែន។

ការ​លើក​ឡើង​របស់​ក្រុម​សហជីព​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អះអាង​ថា បាន​បញ្ជូន​ច្បាប់​ស្ដីពី​សហជីព​ទៅ​ដល់​ដៃ​រដ្ឋសភា ដើម្បី​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ថា សហជីព​បាន​ទទួល​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា។ លោក​ថា ទោះ​ជា​ចំណុច​ជាច្រើន រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​សំណើ​របស់​សហជីព​ទៅ​ក្នុង​ច្បាប់​នេះ​ក្តី តែ​ក៏​មាន​ចំណុច​មួយ​ចំនួន​ដែល​សហជីព​រក​ឃើញ​ថា នៅ​តែ​មាន​ការ​កែប្រែ​តិចតួច និង​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​ច្បាប់​នេះ​នៅ​ឡើយ។

លោក​ថា ចំណុច​ទាំង​នោះ​មាន ការ​បង្កើត​សហជីព ការ​ចុះ​បញ្ជិកា​សហជីព ការ​ផ្តល់​អំណាច​ជ្រុល​ហួស​ហេតុ​ដល់​អធិការ​ការងារ​ក្នុង​ការ​ព្យួរ និង​មាន​សិទ្ធិ​សម្រេច​ថា​កូដកម្ម​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ ការ​កំណត់​ចំនួន​កម្មករ​ពី ២៥% សម្រាប់​បង្កើត​សហជីព និង​ការ​ពិន័យ​ថ្នាក់​ដឹក​នាំ​សហជីព ព្រម​ទាំង​ការ​រាយការណ៍​ពី​សកម្មភាព​ចំណូល​ចំណាយ​របស់​សហជីព ជាដើម៖ «»។

តំណាង​សហជីព​រូប​នេះ​អះអាង​ថា ក្រោយ​បញ្ចប់​ពិធី​បុណ្យ​អុំ​ទូក សហជីព​ទាំងអស់​នឹង​ពិភាក្សា​គ្នា​ជុំវិញ​ក្តី​បារម្ភ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​សហជីព ដែល​ទើប​ទទួល​បាន​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នេះ។ លោក​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក ក្រុម​សហជីព​នឹង​ដាក់​លិខិត និង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ទៅ​កាន់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ពិនិត្យ​មើល​ភាព​ខ្វះ​ចន្លោះ ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មិន​បាន​បញ្ចូល​សំណើ​របស់​សហជីព​កាល​ពី​ពេល​កន្លង​មក ដើម្បី​ធានា​ថា ច្បាប់​នេះ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​សហជីព​នៅ​កម្ពុជា៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ជុំវិញ​ជំហរ​របស់​ក្រុម​សហជីព​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា ច្បាប់​សហជីព​ដែល​ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា កន្លង​មក គឺ​ឆ្លង​កាត់​ការ​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​ជាមួយ​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មុន​នឹង​បញ្ជូន​ទៅ​ដល់​ដៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អនុម័ត។ លោក​ថា រាល់​សកម្មភាព ឬ​ការ​ទាមទារ​របស់​សហជីព​ណា​មួយ គឺ​ជា​សកម្មភាព​ប្រឆាំង​មិន​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​អនុម័ត​ទៅ​រលូន​តែ​ប៉ុណ្ណោះ៖ «»។

ក្រុម​សហជីព​កម្ពុជា នៅ​តែ​ស្នើ​ឲ្យ​រដ្ឋសភា កែប្រែ​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ និង​ស្នើ​ឲ្យ​រដ្ឋសភា​ត្រូវ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់ ដោយ​បើក​ទូលាយ​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ មុន​ធ្វើ​ការ​អនុម័ត។ ជាង​នេះ​ទៀត សហជីព​ទាំង​ជាង ៤០​ស្ថាប័ន នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា​ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ហាញ​ពី​ជំហរ​ខ្លួន ព្រម​ទាំង​ដាក់​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ទៅ​កាន់​សហជីព​អន្តរជាតិ ប្រសិន​បើ​ច្បាប់​នេះ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ពិត​ប្រាកដ​ដល់​កម្មករ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។