សហគមន៍​ជនជាតិ​ព្នង​ខេត្ត​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​លក់​ដី​សហគមន៍

សហគមន៍​ជនជាតិ​ព្នង ភូមិ​ពូនរ៉ែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ទប់ស្កាត់​ការ​ប៉ុនប៉ង​លក់​ដូរ​ដី​សហគមន៍ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ និង​គម្រោង​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​នា​ពេល​ខាង​មុខ​នេះ។

ដី​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ព្នង ភូមិ​ពូនរ៉ែង ក្នុង​ឃុំ​ដាក់ដាំ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី បន្ទាប់​ពី​ដី​នោះ​ត្រូវ​បាន​ឈ្មួញ​អ្នក​មាន​ប្រាក់ និង​មន្ត្រី​មូលដ្ឋាន ជំរុញ​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​លក់​ទៅ​ឲ្យ​អ្នក​ទិញ​ដី​យក​ជា​សម្បត្តិ​ឯកជន។

តំណាង​សហគមន៍​ឃុំ​ដាក់ដាំ លោក ពើយ ធិ ចាត់​ទុក​ការ​លក់​ដូរ​ដី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សមូហភាព​សហគមន៍ និង​តំបន់​ព្រៃ​រក្សា​ទុក ដើម្បី​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព។ លោក​ថា មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ គឺ​ជា​អ្នក​ជំរុញ​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​ក្នុង​រូបភាព​លក់​ដី​ចម្ការ​ចាស់ ប៉ុន្តែ​ដី​ដែល​លក់​នោះ​មាន​ដី​ចម្ការ​ចាស់​តិចតួច។ ចំណែក​ដី​ព្រៃ​សហគមន៍ ត្រូវ​គេ​វាស់​បញ្ចូល​ក្នុង​លិខិត​លក់​ដី ហើយ​យក​ស្នាម​មេដៃ​អ្នក​ភូមិ​ដែល​មាន​ដី​តិចតួច ធ្វើ​ជា​សំអាង​ថា អ្នក​ភូមិ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​លក់​ដូរ​ដី​នោះ៖ «គេ​យក​ឈ្មោះ​លក់​ចម្ការ ប៉ុន្តែ​ចម្ការ​អត់​ដល់​មួយ​ហិកតារ​ពីរ​ហិកតារ ភាគ​ច្រើន​គេ​ចាប់​ដី​ព្រៃ។ ប្រជាពលរដ្ឋ​អត់​សុខ​ចិត្ត​ទេ គាត់​រាយការណ៍​មក​ដល់​ខ្ញុំ ឲ្យ​ខ្ញុំ​រាយការណ៍​ទៅ​ខាង​លើ»

សេចក្តី​រាយការណ៍​របស់​តំណាង​សហគមន៍ មន្ត្រី​មូលដ្ឋាន​ដែល​កៀរគរ​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ​លើ​ឯកសារ​លក់ គឺ​នគរបាល​ប៉ុស្តិ៍​ដាក់ដាំ ឈ្មោះ ឃឿន និង​ឈ្មោះ សួន សុខា ជា​សាច់ញាតិ​អភិបាល​ស្រុក​អូររាំង គឺ​លោក នង សុនណារី។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ផ្ដិត​មេដៃ​លក់​ដី មាន​ចំនួន ២២​គ្រួសារ ក្នុង​នោះ ៨​គ្រួសារ​រស់នៅ​ភូមិ​ពូនរ៉ែង និង ១៤​គ្រួសារ​ទៀត​រស់នៅ​ភូមិ​ស្រែអំបូម ឃុំ​ប៊ូស្រា។

មិន​មាន​នរណា​ម្នាក់​ដឹង​ពី​អត្តសញ្ញាណ​អ្នក​ទិញ​ដី​នោះ​ទេ ក៏ប៉ុន្តែ​អនុប្រធាន​ភូមិ​ពូនរ៉ែង អ្នកស្រី គិ សាវេត ទទួល​ស្គាល់​ថា អ្នក​រត់​ការ​ទិញ​ដី​បាន​ផ្តល់​ប្រាក់​ឲ្យ​គាត់ ៤០០​ដុល្លារ សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​នោះ កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៥។ អ្នកស្រី​បន្ត​ថា មិន​បាន​ដឹង​ពី​ឈ្មោះ​អ្នក​ទិញ​ដី​នោះ​ទេ ពីព្រោះ​អ្នក​រត់​ការ​មាន​ឈ្មោះ ឃឿន និង សួន សុខា ជា​អ្នក​ធានា​ទទួល​ខុស​ត្រូវ​មិន​ឲ្យ​មាន​រឿងរ៉ាវ​ដល់​អនុប្រធាន​ភូមិ​ដែល​ចុះ​ហត្ថលេខា​នេះ​ទេ៖ «គេ​មក​រក​ខ្ញុំ​ថា ឲ្យ​ខ្ញុំ ៥០០។ ដល់​ពេល​ស៊ីញេ​ឲ្យ​ខ្ញុំ ៤០០។ ខ្ញុំ​និយាយ​ជាមួយ​ពួក​គេ​ឲ្យ​ខ្ញុំ​ស៊ីញេ បើ​មាន​រឿង​ពាក់ព័ន្ធ ខ្ញុំ​អត់​ទទួល​ទេ គេ​ធានា​ឲ្យ​ខ្ញុំ​ថា​ធានា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ឈ្មោះ សួន សុខា និង​ឈ្មោះ ឃឿន ដើម្បី​សុំ​បញ្ជាក់​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។ ចំណែក​មេ​ឃុំ​ដាក់ដាំ លោក សម វ៉ាន្នី បដិសេធ​ថា អ្នក​ភូមិ​មិន​បាន​លក់​ដី​សហគមន៍​ទេ គឺ​លក់​ដី​ចម្ការ​ចាស់​របស់​ពួក​គេ។ ករណី​នេះ លោក​ក៏​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរ​សិទ្ធិ​លក់​ដី​នោះ​ទៅ​ឲ្យ​ភាគី​ទិញ​លក់​រួច​ហើយ៖ «មាន​ដី​សហគមន៍​ឯណា​គេ​ចេះ​តែ​ពន្លើស​ទេ គាត់​ឲ្យ​ខ្ញុំ​ស៊ីញេ ខ្ញុំ​ស៊ីញេ ហើយ​មិន​មែន​ដី​សហគមន៍​ទេ»

រីឯ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ដី​នៅ​តំបន់​ភូមិ​ពូនរ៉ែង គឺ​ជា​ដី​ព្រៃ​សហគមន៍​ដែល​មន្ត្រី​ព្រៃ​ឈើ​បាន​ដាក់​ស្លាក​ហាម​កាប់​រាន ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ សហគមន៍​ខ្លះ​បាន​កាប់​រាន​ព្រៃ​នៅ​ទីនោះ ដើម្បី​យក​ដី។ លោក​ថា ការ​លក់​ដូរ​ដី​បាន​ពី​ការ​កាប់​រាន​ព្រៃ​ឈើ គឺ​ជា​រឿង​ខុស​ច្បាប់៖ «យើង​សម្លឹង​ទៅ​ថា​វា​ប៉ះពាល់​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋ។ មិន​ថា​អ្នក​មាន​អំណាច ឬ​មន្ត្រី​មក​ពី​ណា​ទេ បើ​មាន​ចលនា​យក​ដី​រដ្ឋ​លក់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ត្រូវ​តែ​ផ្ដន្ទាទោស»

យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​អះអាង​ថា អ្នក​លក់​ដី គឺ​សមាជិក​សហគមន៍​តិចតួច ដែល​យល់​ព្រម​ផ្ដិត​មេដៃ។ ហេតុ​នេះ សមាជិក​សហគមន៍​ភាគ​ច្រើន​ជំទាស់​ការ​លក់​ដូរ​ដី​នោះ និង​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ស៊ើប​អង្កេត​ករណី​លក់​ដី​ព្រៃ​សហគមន៍​នេះ​ឲ្យ​បាន​ច្បាស់លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។