បក្ស​ប្រជាជន​នឹង​មិន​ចរចា​បើ​បក្ស​ប្រឆាំង​លើក​យក​សំណុំ​រឿង​លោក សម រង្ស៊ី ជា​របៀបវារៈ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ពិចារណា​ក្នុង​ការ​មិន​ចរចា​ជាមួយ​គណបក្ស​ជំទាស់ ប្រសិន​បើ​គណបក្ស​នេះ​ពិត​ជា​លើក​ឡើង​នូវ​របៀបវារៈ​នយោបាយ ពី​សំណុំ​រឿង​របស់ លោក សម រង្ស៊ី ដើម្បី​ដាក់​លើ​តុ​ពិគ្រោះ​យោបល់​មែន​នោះ។ អ្នក​វិភាគ​នយោបាយ​វិញ​យល់​ឃើញ​ថា ប្រសិន​បើ​អ្នក​នយោបាយ​នៅ​តែ​ដើរ​លើ​ផ្លូវ​រៀងៗ​ខ្លួន​ដូច​នេះ អ្នក​រងគ្រោះ គឺ​ជា​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល បដិសេធ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ប្រសិន​បើ​កិច្ច​ពិភាក្សា​នោះ ផ្ដោត​លើ​បញ្ហា​របស់ លោក សម រង្ស៊ី ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ជំទាស់​ដែរ ប្រសិន​កិច្ច​ពិគ្រោះ​យោបល់​នោះ​ធ្វើ​ឡើង​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ត្រឹម​វប្បធម៌​សន្ទនា ហើយ​ចង់​បន្ត​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។

ការ​បដិសេធ​ពី​ជំនួប​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អនុប្រធាន​គណបក្ស​ជំទាស់ ប្រកាស​ជំហរ​ថា ខ្លួន​នឹង​វិល​ទៅ​រក​តុ​ចរចា​ឡើង​វិញ​ជាមួយ​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជំទាស់​ថា បក្ស​នៅ​ក្នុង​រដ្ឋាភិបាល​នឹង​ពិចារណា​មិន​ចរចា ប្រសិន​បើ​គណបក្ស​ប្រឆាំង​លើក​យក​សំណុំ​រឿង​របស់ លោក សម រង្ស៊ី ហើយ​ចង់​សម្រប​សម្រួល​ផ្នែក​នយោបាយ ដើម្បី​ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​មែន​នោះ។ លោក សុខ ឥសាន ចាត់​ទុក​ថា វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​សំណុំ​រឿង លោក សម រង្ស៊ី នេះ​វា​ពុំ​មែន​ជា​ទំនាស់​នយោបាយ ហើយ​បក្ស​កាន់​អំណាច មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​នោះ​ទៀត​ផង៖ «»។

កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា តំណាង​អយ្យការ​របស់​តុលាការ​ក្រុង​ភ្នំពេញ លោក ស៊ឺ វណ្ណនី បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ជំទាស់ ក្រោម​បទ​ចោទ​បរិហារ​កេរ្តិ៍​លើ លោក ហោ ណាំហុង។ ភាព​តានតឹង​ផ្នែក​នយោបាយ​នេះ មិន​ទាន់​ទាំង​ចុះ​កម្ដៅ​ស្រួល​បួល​ទៅ​វិញ​នៅ​ឡើយ​ផង រយៈពេល ៨​ថ្ងៃ​ក្រោយ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ស្រាប់​តែ​មាន​ដីកា​ថ្មី​បន្ថែម​មួយ​ទៀត ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក កោ វណ្ឌី វិញ​ម្ដង។ ដីកា​បន្ថែម​ដែល​បង្គាប់​ឲ្យ លោក សម រង្ស៊ី ចូល​ខ្លួន​ជា​ថ្មី​ទៀត​នេះ គឺ​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ទី​៤ ធ្នូ ពាក់ព័ន្ធ​នឹង​បទ​ចោទ​សម​គំនិត ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ផង ចាត់​ទុក​ថា នេះ​ជា​ទំនាស់​ផ្នែក​ផ្លូវ​នយោបាយ​ច្រើន​ជាង។ បន្ទាប់​ពី​នយោបាយ​ចាប់​ផ្ដើម​តានតឹង​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន និង​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ព្រមាន​ផ្ទួនៗ​ប្រឆាំង លោក សម រង្ស៊ី គេ​សង្កេត​ឃើញ​ថា ដីកា​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​មេ​បក្ស​ជំទាស់ ក៏​លេច​ឡើង​ព្រោងព្រាត​ភ្លាម​ដែរ​មួយ​រំពេច។ បញ្ហា​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា វា​ហាក់​ផ្ទុយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​លើ​គណបក្ស​ជំទាស់។ រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​ឃើញ​ដីកា​អនុវត្ត​ឲ្យ​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្តិ​បទល្មើស​លើ​អ្នក​តំណាង​រាស្ត្រ ២រូប​បន្ថែម​ទៀត​នៅ​ឡើយ ក្រៅ​ពី​មនុស្ស ៣​នាក់​បាន​ចេញ​សារភាព​ដោយ​ខ្លួន​ឯង បន្ទាប់​ពី លោក ហ៊ុន សែន អំពាវនាវ។ អតីត​អនុប្រធាន​ទី​១ រដ្ឋសភា ដែល​ត្រូវ​បាន​សមាជិក​សភា​លើសលប់​ពី​ខាង​គណបក្ស​កាន់​អំណាច​ដក​ចេញ​ពី​កៅអី លោក កឹម សុខា អះអាង​ថា នឹង​បន្ត​ស្វែងរក​យុត្តិធម៌​បន្ត​ទៀត ប្រឆាំង​ការ​ប្រើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​នេះ។

យ៉ាង​ណា​ក៏ដោយ លោក កឹម សុខា អតីត​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​ជំទាស់ នៅ​ពេល​ជើង​យន្តហោះ​ចុះ​ដល់​ដី​មិន​ទាំង​បាន ២៤​ម៉ោង​ឲ្យ​ស្រួល​បួល​ផង លោក​ប្រកាស​ពី​ជំហរ​បក្ស​ភ្លាម​ដែរ​ថា នឹង​ស្វែងរក​មធ្យោបាយ​ណាត់​ជួប​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក កឹម សុខា បញ្ជាក់​ថា មូលហេតុ​ចម្បង គឺ​ចង់​ជួសជុល​ភាព​ប្រេះឆា​ផ្នែក​នយោបាយ​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ របៀបវារៈ​សំខាន់​ក្នុង​ជំនួប​ដែល​ប៉ះប៉ូវ​ភាព​ធ្លុះធ្លាយ​កន្លង​មក​នេះ គណបក្ស​ជំទាស់​នឹង​ស្នើ​ដែរ​ទៅ​សម​ភាគី​របស់​ខ្លួន​ពី​សំណុំ​រឿង លោក សម រង្ស៊ី៖ «»។

សម្រាប់​អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា នេះ​ជា​ជម្រើស​ដ៏​ល្អ ប្រសិន​បើ​អ្នក​នយោបាយ​ចាប់​ផ្ដើម​ងាក​មក​រក​តុ​ចរចា​ឡើង​វិញ។

លោក​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នៅ​ពេល​នេះ​របស់​អ្នក​នយោបាយ ដែល​ចង់​ផ្សះផ្សា​ភាព​ប្រេះស្រាំ​កន្លង​ហួស​ទៅ​ហើយ​នេះ។ លោក​បន្ថែម​ថា បញ្ហា​កាន់​តែ​ស្មុគស្មាញ ប្រសិន​បើ​អ្នក​នយោបាយ​កាន់​តែ​បែរ​ខ្នង​ដាក់​គ្នា ហើយ​រឹត​តែ​មិន​ចំណេញ​ទៀត​នោះ គឺ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ លោក​បន្ថែម​ទៀត​ថា ការ​មិន​អត់​ឱន​ផ្នែក​នយោបាយ និង​មិន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ជា​ដើម​ចម​នាំ​ឲ្យ​មាន​ទំនាស់​ផ្នែក​នយោបាយ ជាពិសេស​ចង់​ឈ្នះ​ចាញ់​រៀង​ៗខ្លួន ដោយ​ពុំ​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ៖ «»។

ថ្មីៗ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ក៏​បាន​អំពាវនាវ​ដល់​ភាគី​ជម្លោះ​ទាំង​ពីរ​បក្ស​វិល​មក​រក​តុ​ចរចា​ឡើង​វិញ ដើម្បី​សម្រួល​ស្ថានការណ៍​នយោបាយ​កុំ​ឲ្យ​មាន​កម្ដៅ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។