កូន​ប្រុស​លោក ហ៊ុន សែន ទទួល​ពានរង្វាន់​សន្តិ​ភាព​នៅ​ប្រទេស​ហ្វីលីពីន

កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ទទួល​ពាន​រង្វាន់​ហ្គុស៊ី សន្តិភាព អន្តរជាតិ​ឆ្នាំ​២០១៥ (The Gusi International Peace Prize) នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ក្នុង​ប្រទេស​ហ្វីលីពីន។

ពាន​រង្វាន់​ហ្គុស៊ី​សន្តិភាព​អន្តរជាតិ មាន​ទម្រង់​ស្រដៀង​ទៅ​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​របស់​ប្រទេស​ន័រវែស ដែរ។ ពានរង្វាន់​ហ្គុស៊ី សន្តិភាព​នេះ ផ្ដល់​ជូន​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ពាលី ខិតខំ​ថែរក្សា និង​បង្កើត​សុខ​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក។

គេហទំព័រ​នៃ​មូលនិធិ​ពានរង្វាន់​ហ្គុស៊ី​សន្តិភាព លោក ហ៊ុន ម៉ានី ដែល​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទទួល​បាន​កិត្តិយស​នេះ ដោយសារ​សកម្មភាព​មនុស្ស​ធម៌ ការ​លើក​ស្ទួយ​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌ និង​ភាព​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ដែល​លោក​បាន​ធ្វើ​កន្លង​មក។

ពាន​រង្វាន់​នេះ ក៏​បាន​ផ្ដល់​ដល់​មនុស្ស​ចំនួន ១៨​នាក់ ដែល​តំណាង ១៨​ប្រទេស​នៅ​ជុំវិញ​ពិភពលោក រួម​មាន​សហរដ្ឋអាមេរិក រុស៊្សី កាតា និង​ហ្វីលីពីន ជាដើម។

ពាន​រង្វាន់​ហ្គុស៊ី​សន្តិភាព​អន្តរជាតិ ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ​២០០២ ដោយ​លោក បាររី ហ្គុស៊ី (Barry Gusi) ដើម្បី​ឧទ្ទិស​ដល់​ឪពុក​របស់​លោក​ដែល​បាន​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​ជប៉ុន ដែល​ប៉ុនប៉ង​គ្រប់គ្រង​ប្រទេស​ហ្វីលីពីន។

លោក ហ៊ុន ម៉ានី ជា​ជនជាតិ​កម្ពុជា ដំបូង​គេ​ដែល​ទទួល​បាន​ពានរង្វាន់​ហ្គុស៊ី​សន្តិភាព​អន្តរជាតិ​របស់​ប្រទេស​ហ្វីលីពីន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។