សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​អំពាវនាវ​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​ដីកា​តាម​ចាប់​លោក សម រង្ស៊ី

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី (Australia) លោក ស្កុត លុដឡាំ (Scott Ludlam) បាន​លើក​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ព្រឹទ្ធសភា។

លោក ស្កុត លុដឡាំ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​បៃតង (The Green) ចាត់​ទុក​ការ​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ការ​បណ្ដេញ លោក កឹម សុខា ពី​តួនាទី​ជា​អនុប្រធាន​សភា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង ថា​ជា​ករណី​ដែល​គួរ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​នេះ៖ «ខ្ញុំ​មិន​គិត​ពី​មូលហេតុ ដែល​រដ្ឋាភិបាល​មិន​អាច​ទទួល​បាន​សេចក្ដី​សម្រេច​របស់​ព្រឹទ្ធសភា ចំពោះ​គោល​នយោបាយ​ការ​បរទេស​នៅ​ថ្ងៃ​នេះ​ទេ ព្រោះ​ថា បើ​ផ្អែក​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី។ ចំណែក​អ្នក​នយោបាយ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចាប់​ខ្លួន អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ ត្រូវ​បាន​គេ​វាយ​ដំ ដែល​ជា​សញ្ញា​ដ៏​អាក្រក់​បំផុត​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ហេតុ​នេះ យើង​គិត​ថា សេចក្ដី​សម្រេច​ណា​មួយ​របស់​ព្រឹទ្ធសភា ដែល​អាច​មាន​ផល​ប៉ះពាល់​លើ​ករណី​នេះ គឺ​ជា​ការ​សម្រេច​ដែល​មាន​ផល​ប្រយោជន៍»

លោក ស្កុត លុដឡាំ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទម្លាក់​ចោល ឬ​មោឃភាព​ដីកា​តាម​ចាប់​ខ្លួន លោក សម រង្ស៊ី ធានា​ឲ្យ លោក សម រង្ស៊ី និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ផ្សេង​ទៀត អាច​វិល​ចូល​ស្រុក​វិញ​ដោយ​មិន​ភ័យ​ខ្លាច​ពី​ការ​ចោទ​ប្រកាន់ ឬ​ការ​តាម​ចាប់​ខ្លួន។ ស្រប​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ការពារ​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ពហុ​បក្ស និង​ត្រូវ​ចាត់​វិធានការ​ជាក់លាក់ ដើម្បី​ធានា​បរិយាកាស​សេរី និង​សុវត្ថិភាព​នយោបាយ។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​កៀរគរ​ឲ្យ​មាន​កិច្ច​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។