បរិស្ថាន​ធម្មជាតិ​អាច​ជួយ​ឱ្យ​គេង​លក់​ស្កប់ស្កល់​បាន​

បរិស្ថាន​ធម្មជាតិ​អាច​ជួយ​ឱ្យ​គេង​លក់​ស្កប់ស្កល់​បាន​

​កាលពី​ថ្ងៃអាទិត្យ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លងទៅនេះ គេហទំព័រ HealthDay News បានលើកឡើង​អំពី​របកគំហើញ​នៃ​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ the University of Illinois ដែល​បាន​ចុះផ្សាយ​នៅក្នុង​លេខ​ខែកញ្ញា​របស់​ព្រឹត្តិប័ត្រ Preventive Medicine កន្លងទៅ ដែល​និយាយថា​ការ​ដែល​ស្ថិតនៅ​ជិត​បរិស្ថាន​ធម្មជាតិ​អាច​ជួយ​បង្កើន​គុណភាព​នៃ​ការ​គេង​បាន​។​

​នៅក្នុង​ការសិក្សា​នោះ គេ​បាន​តាមដាន​ដំណេក​របស់​មនុស្ស​ជាង​២៥៥,០០០ នាក់ នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ អ្នកដឹកនាំ​ការសិក្សា នាង Diana Grigsby-Toussaint ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ព្យាបាល​ដោយ​ចលនា​និង​សុខភាព​សហគមន៍​នៅ​សាកលវិទ្យាល័យ the University of Illinois បាន​និយាយថា ការ​គេង​មិនបាន​ស្រួល​ធ្វើឱ្យ​សុខភាព​ទាំង​ខាង​ផ្លូវចិត្ត​និង​ផ្លូវកាយ​ថយចុះ កាត់បន្ថយ​មុខងារ​យល់ដឹង ហើយ​ធ្វើឱ្យ​ឡើង​ធាត់​ផងដែរ​។ ការសិក្សា​បាន​បង្ហាញថា ការ​ស្ថិតនៅក្នុង​ធម្មជាតិ​អាចជួយ​ឱ្យ​គេ​ង​បាន​ស្រួល​។​

មនុស្ស​ចាស់ និង​ប្រុសៗ​គេ​ង​បាន​ស្កប់ស្កល់​បើកាលណា​ពួកគេ​ស្ថិត​នៅក្នុង​បរិស្ថាន​ធម្មជាតិ ដូចជា​មាត់សមុទ្រ និង​ឧទ្យាន​ធម្មជាតិ ជាដើម ព្រោះ​វា​ធ្វើឱ្យ​មាន​ការ​កើន​នូវ​សកម្មភាព​ខាង​រាងកាយ ដែល​ធ្វើឱ្យ​ងងុយ​គេង​។ ក៏ប៉ុន្តែ​នារីៗ​ហាក់ដូចជា​មិន​ទទួលបាន​នូវ​លទ្ធផល​នេះ​ទេ ប្រហែល​ដោយ​ការភ័យខ្លាច​ចំពោះ​សុវត្ថិភាព​។​

បើទោះជា​យ៉ាងណាក្តី នាង Grigsby-Toussaint បាន​និយាយថា ការចំណាយ​ពេលវេលា​នៅក្នុង​ធម្មជាតិ​អាចជួយ​ឱ្យ​មនុស្ស​ចាស់​អាយុ​លើសពី​៦៥​ឆ្នាំ​ទៅ​គេង​លក់​បាន​ល្អ​។ ហើយ​នេះ​គឺជា​គន្លឹះ​មួយ​សម្រាប់​ការសាងសង់​ទីកន្លែង​ថែទាំ ឬ​សម្រាកលំហែ​ចំពោះ​មនុស្ស​ចាស់ ដែល​គួរតែ​ធ្វើ​នៅក្នុង​បរិស្ថាន​ធម្មជាតិ​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។