ហានិភ័យ​នៃ​សុខភាព​ដែល​អ្នក​មិន​ចាប់​អារម្មណ៍​ថា​មាន​

ហានិភ័យ​នៃ​សុខភាព​ដែល​អ្នក​មិន​ចាប់​អារម្មណ៍​ថា​មាន​

​អ្នក​មិន​ចាំបាច់​ត្រូវ​ធាត់​ទេ ដើម្បី​កើត​ជំងឺ​ទឹកនោម​ផ្អែម​នោះ​។​ ​អ្នក​ប្រហែលជា​គិត​ថា​បាន​ដឹង​រួចហើយ អំពី​មូលហេតុ​ដែល​ធ្វើឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ គឺ     វ័យ​ចំណាស់ ការ​ដែល​ធាត់​ខ្លាំងពេក និង​ការដែល​មិនសូវ​ធ្វើ​សកម្មភាព​អ្វី​សោះ​ក្នុង​១​ថ្ងៃៗ​។

​ក៏ប៉ុន្តែ​នារីៗ​ដែល​មាន​រាង​ស្គម​ក៏មាន​កើត​ជំងឺ​នេះដែរ​។ លោក​វេជ្ជបណ្ឌិត Rochelle Naylor, MD អ្នកជំនាញ​ខាង​ក្រពេញ​បញ្ចេញ​ក្នុង នៅ​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម Kovler នៃ​សាកលវិទ្យាល័យ University of Chicago បាន​និយាយថា អ្នក​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​ប្រហែលជា​១៥%​គឺជា​មនុស្ស​ដែល​មាន​ទម្ងន់​ធម្មតា គឺ​ស​ន្ទ​ស្សន៍​ម៉ាស់​រាងកាយ​(Body-mass Index - BMI) ក្រោម​២៥​។ "​បើ​អ្នក​បាន​ជួប​អ្នក​ទាំងអស់​នោះ​នៅ​ឯ​ផ្សារ អ្នក​គិតថា​ពួក​គេ​គ្មាន​បញ្ហា​សុខភាព​អ្វី​ទេ​"​។​

​ហេតុអ្វី​ក៏​មនុស្ស​ស្គម​កើត​ជំងឺ​ទឹកនោម​ផ្អែម​ទៅរួច​?
​គឺ​ដោយ​មក​ពី​អ្វី​ដែល​គេ​ហៅថា "​អាការៈ​នៃ​រោគ​មានខ្លាញ់​ទាំងនៅ​ស្គម thin-fat syndrome " គឺ​ថា​អ្នក​នៅ​ស្គម តែ​មាន​ខ្លាញ់​ច្រើន​នៅក្នុង​រាងកាយ​។ លោក​វេជ្ជបណ្ឌិត Sethu K. Reddy, MD ប្រធាន​ផ្នែក​ជំងឺ​ទឹកនោម​ផ្អែម​នៃ​មជ្ឈមណ្ឌល Joslin នៅ Harvard Medical School បាន​ពន្យល់ថា កោសិកា​ខ្លាញ់​ដែល​ប្រមូលផ្តុំ​នៅក្នុង​ពោះ​បាន​បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើឱ្យ​ការ​ទប់ទល់​របស់​អាំង​ស៊ុយ​លីន​ថយចុះ ហើយ​ក៏​បង្ក​ទៅជា​ជំងឺ​ទឹកនោម​ផ្អែម​ទៅ​។​

តើ​គេ​ត្រូវធ្វើ​ដូច​ម្តេច​?
សំខាន់​គឺ​ត្រូវ​ហាត់ប្រាណ​៣០​នាទី​ក្នុង​១​ថ្ងៃៗ  ឱ្យបាន​៥​ថ្ងៃ​ក្នុង​១​សប្តាហ៍ ហើយ​អនុវត្ត​លំ​ហាត់​ដែល​ពង្រឹង​ដំណើរការ​របស់​បេះដូង​ដែល​បង្កើន​វេទយិត​របស់​អាំង​ស៊ុយ​លីន​។ បន្ថយ​ការ​ញ៉ាំ​ចំណីអាហារ​កែឆ្នៃ បន្ថែម​ចំណី​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​។ ហើយ​បើ​កម្រិត​ជាតិ​ស្ករ​នៅតែ​ខ្ពស់​ទៀត អ្នក​ត្រូវ​តែ​ញ៉ាំ​ថ្នាំ​ហើយ​។​

ម្យ៉ាងទៀត​ត្រូវ​ពិនិត្យមើល បើ​មាន​សញ្ញា​ស្តីពី​ជំងឺ​ទឹកនោម​ផ្អែម​ណាមួ​យ​ខាងក្រោម អ្នក​ត្រូវ​ឆាប់​ធ្វើតេស្សត​ឈាម ឬ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៖
-​    ​នោម​ច្រើន​នៅពេល​យប់​
-​    ​មាន​អារម្មណ៍​ថា​ចេះតែ​ស្រេកទឹក​
-​    ​កើន ឬ​ស្រក​ទំងន់​ដោយ​គ្មាន​មូលហេតុ​
-​    ​មាន yeast infections ញឹកញាប់​
-​    ​ព្រឹល​ភ្នែក​
-​    ​រមាស់​ឆៀបៗ​នៅ​ដៃ ឬ​ជើង​
-​    ​ក្រ​ជា​ពេល​មាន​របួស​៕

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។