លោក ជា ចំរើន ស្បថ​ថា បក្ស​ខ្លួន គ្មាន CPP នៅ​ពីក្រោយ

លោក ជា ចំរើន បានប្រកាសថា គ្មាន​ឡើយ​ការជួយឧបត្ថម្ភ​របស់​បុគ្គល​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ឬ​ការជួយជ្រោមជ្រែង​ពីក្រោយ​ខ្នង​របស់​គណបក្ស​កាន់អំណាច ក្នុងការ​ប​ង្កើ​ក​គណបក្ស​ថ្មី ដើម្បី​បែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ  ឬ​បក្ស​ណា​នោះទេ។ លោក ស្បថ​ចំពោះមុខ​អ្នកកាសែត​ថា ដាច់ខាត​មិនមាន​មេ​កើយ​នៅ​ពីក្រោយ​ចាំ​ជួយ​ឡើយ តែ​វា​ជា​ឆន្ទៈ និង​មនសិការ​របស់លោក ក្នុងការ​បង្កើត​បក្ស​នេះ ដើម្បី​ជួយ​ប្រទេសជាតិ។

គ្រាន់តែ​ឈាន​ជើង​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​មិនទាន់បាន​មួយ​សប្តាហ៍​ផង លោក ជា ចំរើន អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​កាន់អំណាច​នេះ បាន​បើក​សន្និសីទ​សារព័ត៌មាន​តែម្តង នៅ​សណ្ឋាគារ​សាន់វ៉េ នា​ថ្ងៃទី២៥ វិច្ឆិកា​នេះ ស្តីពី​ការបង្កើត «គណបក្ស​កម្ពុជា​សេរីភាព» របស់ខ្លួន​ផ្ទល់។ ការបង្កើត​បក្សភ្លាមៗនេះ ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​សួរ​សំនួរ​ម្តង​ហើយ​ម្តងទៀត ថា​តើ​បក្ស​កាន់អំណាច​ជា​អ្នក​នៅក្រោយ​ខ្នង ហើយ​ជួយ​ជ្រោមជ្រែង​ឬ​យ៉ាងណា?

លោក ជា ចំរើន មិន​គ្រាន់តែ​បដិសេធ​ចំពោះ​ការលើកឡើង​បែបនេះ​ទេ តែ​រូបលោក ថែមទាំង​ហ៊ាន​ស្បថ​ចំពោះមុខ​អ្នកកាសែត​ដែល​ចូលរួម​ប្រមាណ​ជា៥០នាក់ ថា អ្វីដែល​លោក កំពុង​ធ្វើ​នេះ គឺ​កើតចេញពី​មនសិការ និង​ទឹកចិត្ត​ពិតប្រាកដ ដើម្បី​ជួយ​ប្រទេសជាតិ និង​សុភមង្គល​ប្រជាពលរដ្ឋ។ លោក​បាន​ស្បថ​យ៉ាងនេះ​ថា៖ «ខ្ញុំ​គ្មាន​ការបង្គាប់បញ្ជា​ពី​បក្ស​ប្រជាជន​កម្ពុជា ឫ​នរណាម្នាក់​មក​ឲ្យ​ខ្ញុំ​បង្កើត​បក្ស ដើម្បី​បំបែក​សំឡេង​បក្ស​ណា​នោះទេ គឺ​ខ្ញុំ​ធ្វើ​ដោយ​ចិត្ត​ខ្លួនឯង។ មកដល់ពេលនេះ ប្រសិនបើ​ខ្ញុំ​ទទួល​លុយ​ពី​បក្ស​កាន់អំណាច​មួយរយ​រៀល ឬក៏​មានការ​បញ្ជា​ពីស​ម្តេច ហ៊ុន សែន មែន​នោះ អ៊ីចឹង​ខ្ញុំ​ចេញពី​សន្និសីទកាសែត​នេះ​ទៅ ខ្ញុំ​អាចមាន​គ្រោះថ្នាក់​ស្លាប់។ អត់​មាន​ទេ! ដាច់ខាត គឺ​អត់​មាន​ទេ! គឺ​ខ្ញុំ​ធ្វើ​ដោយ​ឆន្ទៈ​របស់ខ្ញុំ»។

ម្យ៉ាង​វិញ​ទៀ នៅពេលដែល​អ្នកកាសែត​សូម​ឲ្យ​បំភ្លឺ​ពី​មូលហេតុ​នៃ​ការចាកចេញ​ពី​បក្ស​ចាស់ ហើយ​ទៅ​បង្កើត​បក្ស​ថ្មី​នោះ រូបលោក​មិនបាន​បញ្ជាក់ថា ដោយសារ​តែមាន​ភាពឈឺចាប់ ឬ​បញ្ហា​ប្រេះឆា​ក្នុង​បក្ស​កាន់អំណាច​នោះទេ តែ​លោក​គ្រាន់តែ​លើកឡើងដដែលៗថា មូលហេតុ​ចម្បង​នៃ​ការ​ដើរចេញ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ទៅ​បង្កើត​បក្ស​ដោយ​ខ្លួនឯង​នាពេលនេះ គឺ​ព្រោះតែ​រូបលោក មិនអាច​ធ្វើគ ធ្វើ​ថ្លង់ និង​ឈរ​ឱបដៃ​មើល ភាពអយុត្តិធម៌​សង្គម ទាំង​អម្បាលម៉ាន បន្តទៀត​នោះទេ ជាពិសេស​បញ្ហា​ពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​គ្រប់លំដាប់​ថ្នាក់ ។  «ខ្ញុំ​ទ្រាំលែងបាន​ហើយ! ក្នុងនាម​ខ្ញុំ​ជា​ខ្មែរ ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វីដែល​អាចជួយ​ប្រទេសជាតិ​ខ្ញុំ និង​ប្រជាជន​ខ្ញុំ។ ខ្ញុំ​គ្មាន​ជំនឿ​លើ​បក្ស​កាន់អំណាច ឬ​បក្សប្រឆាំង​ណា ថា​នឹង​អាច​ដោះស្រាយ​ភាពអយុត្តិធម៌​ជួន​ប្រជាពលរដ្ឋ​នោះទេ។ ដូច្នេះហើយ ខ្ញុំ​ត្រូវតែ​ចេញ​ធ្វើ​ដោយ​ខ្លួនឯង»។ នេះ​ជា​បញ្ជាក់​ពី​មូលហេតុ​របស់លោក ជា ចំរើន។

បើទោះបីជា​បក្ស​នេះ​មិនទាន់​ដំណើរការ​ជា​ផ្លូវការ​ក៏ដោយ តែ​គោលការណ៍ មួយចំនួន ត្រូវបាន លោក ជា ចំរើន ព្រាងទុក​រួចរាល់​ហើយ ដើម្បី​បញ្ចូល​ក្នុង​គោលនយោបាយ​ជា​អាទិភាព។ គោលនយោបាយ​ទាំងនោះ មានដូចជា ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ឲ្យ​យល់​ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព, កែប្រែ​ប្រព័ន្ធយុត្តិធម៌, ពង្រឹង​វិស័យ​កសិកម្ម និង​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​កម្មករ ជាដើម។

លោក ជា ចំរើន មិន​ប្រាកដ ១០០% ភាគរយ​នោះទេ តែបើ​តាម​ការគ្រោងទុក រូបលោក នឹងដាក់​ពាក្យសុំ​បង្កើត​គណបក្ស​ទៅកាន់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទៅ២៥ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។ រហូតមកដល់​ពេលនេះ រូបលោក​សូម​មិន​បកស្រាយ​ពី ពី​គោលការណ៍​នៃ​បទ​បញ្ហា​ផ្ទៃ និង​លក្ខ​ខ​ន្តិ​កៈ រួមទាំង​រចនាសម្ព័ន្ធ​គណបក្ស ព្រមទាំង​ចំនួន​អ្នកគាំទ្រ ថា​យ៉ាងណា​នោះទេ តែ​លោក​គ្រាន់តែ​បង្ហើប​ថា តាមមើលទៅ​អ្នកគាំទ្រ​លោក​ពេលនេះ ភាគច្រើន ជា​និស្សិត សាស្ត្រាចារ្យ និង​ក្រុម​បញ្ញវន្ត។

សូម​រម្លឹកថា លោក ជា ចំរើន បាន​ចូលធ្វើ​នយោបាយ​ជាមួយ​បក្ស​ប្រជា​កម្ពុជា​តាំង​ឆ្នាំ ១៩៩៣ មកម្ល៉េះ ហើយ​លោក ក៏​ជា​អតីត​អ្នក​តំ​ណា​រាស្ត្រ កាលពី​អាណត្តិ​ទី៤ផងដែរ។ កាលពី​ថ្ងៃទី១៨ វិច្ឆិកា រូបលោក បានដាក់​លិខិត សូម​លាលែង​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយពីរ​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី២០ វិច្ឆិកា គណបក្ស​ក៏​សម្រេច​ឲ្យ​រូបលោក​លាឈប់​ពី​បក្ស៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​