ក្រុម​ទម្លាក់យោង​នៅ​ផ្សារ​ត្រពាំង​ថ្លឹង បោក​យក​ម៉ូតូ​១​គ្រឿង​ពី​នារី​វ័យក្មេង​២​នាក់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​២​នាក់​ត្រូវ​បាន​ស្ត្រី​​ទម្លាក់​យោង​២​នាក់​ល្បួង​បោក​យក​ម៉ូតូ​ទៅ​បាត់​ដោយ​និយាយ​ថា​រើស​បាន​កាបូប​លុយ​ និង​មាស​មួយ​ចំនួន​យក​ទៅ​ដូរ​ចែក​គ្នា​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​ផ្សារ​ចោម​ចៅ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​មានឈ្មោះ ផា​ន ស្រី​លក្ខណ៍ អាយុ​១៧​ឆ្នាំ ជា​សិស្ស និង​ប្អូនស្រី​ឈ្មោះ ផា​ន ដា​នី អាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ស្ត្រី​សង្ស័យ​បោក​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម អត់​ស្លាក​លេខ យក​ទៅ​បាត់ ។

បើ​តាម​សម្តី​របស់​នារី​រង​គ្រោះ​ឈ្មោះ ផា​ន ស្រី​លក្ខណ៍ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ នាង​និង​ប្អូនស្រី​បាន​ចេញពី​ទិញ​ម្ហូប​ក្នុង​ផ្សារ​ត្រពាំង​ថ្លឹង ក៏​ជួបនឹង​ស្ត្រី​សង្ស័យ​២​នាក់​ប្រាប់​ថា​រើស​បាន​កាបូប​លុយ ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​៤០០​ដុល្លារ និង​មាស​១​កូន​ថង់ ដោយ​បបួល​មក​ផ្សារ​ចោម​ចៅ ដើម្បី​ដូរ​ចែក​គ្នា ។ ខណៈ​ពេល​មក​ដល់​ផ្សារ​ចោម​ចៅ ក៏​ទុក​ម៉ូតូ​នៅ​ក្រៅ​ផ្សារ​ឲ្យ​បុរស​ម្នាក់​ដែល​គិត​ថា​ជា​អ្នក​រត់​ម៉ូតូឌុប​ដែល​បាន​ឌុ​ប​ពី​ផ្សារ​ត្រពាំង​ថ្លឹង​មក​ផ្សារ​ចោម​ចៅ​ជា​អ្នក​មើល តែ​បុរស​នោះ​ក៏​ប្រាប់​ថា​ទុក​ម៉ូតូ​នៅ​កន្លែង​នឹង​ហើយ គាត់​ប្រញាប់​ទៅ​ដឹក​ម៉ូយ ។ ខណៈ​កំពុង​ដើរ​ចូល​ផ្សារ​ក៏​ក្រឡេក​មក​មើ​ល​ម៉ូតូ​ស្រាប់តែ​បាត់​ម៉ូតូ និងបាត់​​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​នោះ​ ភ្លាម​ៗ​នោះ​ក៏​ឆែក​មើ​ក​ក្នុង​ថង់​ឃើញ​សុទ្ធតែ​ដុំ​ថ្ម ។

ក្រោយ​ពេល​កើតហេតុ​នារី​រង​គ្រោះទាំង​២​នាក់​ត្រូវ​​បាន​ម្តាយ​នាំ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​តាម​រក​ម៉ូតូ​របស់​ខ្លួន​វិញ​ផង និង​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ទាំង​២​នាក់​យក​មក​ដាក់ទោស​តាម​ច្បាប់ ៕