មនុស្សជាង៨ម៉ឺននាក់ រឺករាយព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

សៀមរាប៖ ក្នុងរយៈពេល៣ថ្ងៃ នៅតាមបណ្ដោយដងស្ទឹងសៀមរាប-អង្គរ នាទីក្រុងវប្បធម៌ ប្រវត្តិសាស្រ្ដ បានរៀបចំពិធីអបអរសាទរ
នៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលជាព្រឹត្តិការណ៍វប្បធម៌ ប្រពៃណី ប្រវត្តិដ៏វ័យចំណាស់របស់ប្រជាតិខ្មែរ
និងជាការចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ នៃប្រទេសកម្ពុជា ដោយមានអ្នកចូលរួមជាង ៨ម៉ឺននាក់ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ការប្រារព្ធពិធី អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ក្នុងរយៈពេល៣ថ្ងៃនេះ ពីថ្ងៃទី២៤-២៦ វិច្ឆិកា ឆ្នាំ២០១៤ គឺមានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បានចូលរួមទស្សនា
កំសាន្ដសរុបជាង ៨ម៉ឺន ៣ពាន់នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ២ម៉ឺន ៣ពាន់នាក់ គឺកើនឡើងជិត ៩ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ២០១៤ មានភ្ញៀវសរុបជិត ៧ម៉ឺន ៧ពាន់នាក់ ។ ដែលពួកគាត់ បានទស្សនា លំហែកំសាន្ដ នៅតាមបណ្ដោយដងស្ទឹងសៀមរាប, សួនច្បារខាងមុខព្រះរាជដំណាក់,
សួនច្បារព្រះអង្គចេក-ព្រះអង្គចម, សួនច្បារខាងមុខសណ្ឋាគារ Grand Hotel, តំបន់ផ្សារចាស់-ផ្សាររាត្រី, តំបន់អង្គរ-ឃ្យុងយូរ តាមប្រាសាទនានា និងតាមរមណីយដ្ឋាន ជាដើម ។

លោកបានបញ្ជាក់ថា ក្រោមការរៀបចំ ដឹកនាំរបស់អាជ្ញាធរខេត្ត ដែលមាន លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយស្ថាប័ន អង្គភាព មន្ទីរ ក្រសួង វិស័យឯកជន និងរាល់ប្រតិបត្តិករទេសចរ បានធ្វើកិច្ចការរួមគ្នា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ។ ហើយពិធីនេះបានចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ ­អន្តរជាតិ បន្ថែមទៀត ឲ្យមកទស្សនាទឹកដីវប្បធម៌ប្រវត្តិសាស្រ្ដ សៀមរាប-អង្គរ នៃយើងនេះ ។

សម្រាប់កម្មវិធី ៣យប់ ៣ថ្ងៃនេះ គឺមានកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ សម្រក់ទៀនជ័យផ្សងទឹកភ្លៀង ដង្ហែសំពៅជ័យ ប្រទីប និងកន្ទោង ទៅបណ្តែតតាមដងស្ទឹងសៀមរាប រួមទាំងមានពិធីអុជកាំជ្រួច ផងដែរ ៕

មនុស្សជាង៨ម៉ឺននាក់ រឺករាយព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ