ផ្អិប​ជំនួយ​ដល់​ហាងពីហ្សានេះ សង្ស័យ​លក់​​វីដេអូ​ភេរវកម្ម​៥ម៉ឺន​អ៊ឺរ៉ូ

សាលារដ្ឋធានីប៉ារីស អត់លេងសើចជាមួយនរណាម្នាក់ ដែលគ្មាន«សាមគ្គីភាព»នោះទេ។ ហាងមួយ ដែល​សង្ស័យ​បាន​លក់​វីដេអូ​សុវត្ថិភាព ដែលថតជាប់សកម្មភាពភេរវកម្ម កណ្ដាលរដ្ឋធានីប៉ារីសនោះ នឹងមិនអាច​ទទួល​ជំនួយ​ពីរដ្ឋ​បារាំង​បាន​ទេ បើ​ហាង​នេះ​មិន​ចូល​រួម​រំលែក​ទុក្ខ ជាមួយ​ជន​រងគ្រោះ។
ផ្អិប​ជំនួយ​ដល់​ហាងពីហ្សានេះ សង្ស័យ​លក់​​វីដេអូ​ភេរវកម្ម​៥ម៉ឺន​អ៊ឺរ៉ូ
ទិដ្ឋភាពនៃការវាយប្រហារ ដោយក្រុម ISIS ថតដោយកាម៉េរ៉ាសុវត្ថិភាព នៃហាងលក់ពីហ្សាមួយ។ (រូបថតផ្តិតពីវីដេអូ)

ប្រាក់ឧបត្ថម្ភចំនួន៤ម៉ឺនអ៊ឺរ៉ុប របស់រដ្ឋបារាំង ដែលនឹងត្រូវផ្ដល់ តាមរយៈសាលារដ្ឋធានីប៉ារីស ទៅឲ្យ​ហាង​រក​ទទួលទាន ដែលរងគ្រោះព្រោះភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ នឹងត្រូវផ្អិបទុកចំពោះហាងលក់ពីហ្សា​មួយ យីហោ «Casa Nostra» ដរាបណាថៅកែរបស់ហាង មិនយកប្រាក់៥ម៉ឺនដុល្លា ដែលរកបាន ពីការលក់​វីដេអូ​សុវត្ថិភាពរបស់ខ្លួន ក្នុងថ្ងៃភេរវកម្មនោះ មកដាក់ចូលក្នុងហិប ជួយជនរងគ្រោះទេនោះ។

លោក ម៉ាទីចាស វីឆេរ៉ា (Mathias Vicherat) នាយខុទ្ទកាល័យអភិបាលរដ្ឋធានីប៉ារីស បានថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំង (AFP) ឲ្យដឹងថា៖ «យើងបានផ្អិបទុកប្រាក់ឧបត្ថម្ភចំនួន៤ម៉ឺនអ៊ឺរ៉ូ ដែល​សម្រេច​ដោយ​ក្រុមប្រឹក្សារដ្ឋធានី កាលពីថ្ងៃចន្ទកន្លងមកនេះ ប្រសិនបើម្ចាស់ហាង មិនយកប្រាក់៥ម៉ឺនអ៊ឺរ៉ូ ដាក់បញ្ចូល​ក្នុង​ហិប ជួយជនរងគ្រោះទេនោះ»។

ប្រាក់៥ម៉ឺនអ៊ឺរ៉ូ ទំនងជាត្រូវបានហាងលក់ពីហ្សានោះ ទទួលបានពីការលក់វីដេអូ នៃព្រឹត្តិការណ៍វាយ​ប្រហារ​ភេរវកម្ម ទៅឲ្យសារព័ត៌មានអង់គ្លេស ឈ្មោះ «Daily Mail»។ ភេរវកម្មច្រើនកន្លែង កណ្ដាលរដ្ឋធានីប៉ារីស កាល​ពីថ្ងៃទី១៣ ខែវិច្ឆិកា បានសម្លាប់មនុស្ស១៣០នាក់ និងរបួស៣៥១នាក់ ហើយការលក់ដូរក្នុងតម្លៃដ៏ថ្លៃ នៃ​ខ្សែវីដេអូសុវត្ថិភាព ដែលធ្វើឡើងដោយហាងលក់ពីហ្សានេះ បានបង្កឲ្យមានការក្ដៅក្រហាយជាទូទៅ ពី​បណ្ដា​ជន​បារាំង។

លោក វីឆេរ៉ា បានបន្តទៀតថា ទង្វើលក់ដូររូបភាពនេះ ជាទម្រង់នៃការធ្វើអាជីវកម្ម ទៅលើភាពរងគ្រោះ នៃ​ជន​រងគ្រោះជាច្រើននាក់ តែយ៉ាងណាក៏ដោយ វាមិនបានប៉ះពាល់ ទៅដល់រូបភាព​របស់អ្នករកទទួលទាន ជា​ច្រើន​នាក់ផ្សេងទៀត ដែលបានបង្ហាញ នូវសាមគ្គីភាព​របស់ពួកគេនោះឡើយ។

ចំពោះសារព័ត៌មានអង់គ្លេសវិញ បានថ្លែងការពារ ការទិញវីដេអូនេះ ទោះជាមានតម្លៃបែបណាក៏ដោយ តែ​មិន​មានអ្វី ដែលបានប៉ះពាល់ដល់ជនរងគ្រោះ ឬព្រឹត្តិការណ៍ដ៏រន្ធត់នោះឡើយ។ អ្នកនាំពាក្យរបស់សារព័ត៌មាន «Daily Mail» បានថ្លែងបញ្ជាក់ថា៖ «នៅក្នុងវីដេអូនោះ គ្មានអ្វីមួយ ដែលគួរលើកមកអះអាង ថាបានធ្វើឲ្យ​មាន ការប្រទាំងប្រទើសនោះទេ»។ អ្នកនាំពាក្យរូបនោះ បានពន្យល់ថា ប្រសិនជាវាមានតម្លៃថ្លៃ នោះដោយសារ មាន​ការប្រណាំងប្រជែងគ្នា រវាងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសបារាំង និងប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​ផ្សេង​ទៀត ហើយរូបភាពបានផ្ដល់ពីទិដ្ឋភាពទូទៅ នៃអំពើភេរវកម្ម។

តម្លៃលក់វីដេអូនេះ ត្រូវបានទម្លាយដោយអ្នកសារព័ត៌មានម្នាក់ ដែលចូលរួមនៅក្នុងការលក់ដូរ រវាង​សារព័ត៌មាន​អង់គ្លេស និងម្ចាស់ហាង។ អ្នកសារព័ត៌មាន លោក «Djaffer Ait Aoudia» បានថ្លែងប្រាប់​ក្នុង​កម្មវិធី «Petit journal» របស់ទូរទស្សន៍ «Canal+» របស់បារាំងថា៖ «ក្រុមអ្នកយកព័ត៌មាន (របស់ Daily Mail) បាន​តថ្លៃដំបូង ចេញពីតម្លៃ១,២ម៉ឺនអ៊ឺរ៉ូ ហើយការតថ្លៃមានភាពស្វិតស្មាញណាស់។ ពួកគេចង់បានវីដេអូនេះ ជា​ទី​បំផុត ដោយបានផ្លោះទៅ២ម៉ឺនអ៊ឺរ៉ូ រួច២,៨ម៉ឺនអ៊ឺរ៉ូ និងទីបំផុតបានបញ្ឈប់នៅត្រឹម ៥ម៉ឺនអ៊ឺរ៉ូ ជាប្រាក់​រាយ​សុទ្ធ។»

អ្នកសារព័ត៌មានដដែលបានថ្លែង ដោយមានរូបភាព (ថតដោយកាម៉េរ៉ាលាក់ខ្លួន) មកជាមួយថា ការផ្លាស់ប្ដូរ​វីដេអូ និងលុយកាក់ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ មួយថ្ងៃក្រោយភេរវកម្ម ប៉ុន្តែរូបភាពទាំងនោះ ត្រូវបាន​ការពារ​​​ដោយ​បច្ចេកវិទ្យាមួយ របស់នគរបាលបារាំង។ បន្ទាប់មកអ្នកជំនាញ ខាងព័ត៌មានវិទ្យាមួយរូប បាន​ចូល​​មក​ដោះ​ប្រព័ន្ធ​ការពារនេះ និងបានយកវីដេអូនេះចេញទៅ។ នៅទីបញ្ចប់ ពួកគេបានបោកបំបែកថាសរឹង (Hard Disk) ទៅ​លើ​ដី​ចោល ដើម្បីជឿជាក់ថា រូបភាពនេះមានតែសារព័ត៌មាន «Daily Mail» មួយប៉ុណ្ណោះ ដែល​ទទួល​​បាន​​ដោយ​ផ្ដាច់មុខ៕


» វីដេអូសុវត្ថិភាព ថតព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១៣​ ខែវិច្ឆិកា៖




» របាយការណ៍របស់អ្នកសារព័ត៌មាន ពីការទិញដូរវីដេអូខាងលើនេះ (ជាភាសាបារាំង)៖