«យុវតី​បាន​ស្លាប់​ដោយ​វាយ​នឹង​"ញញួរ" ព្រោះ​ចង់​គេច​ពី ISIS»

ស្ថិតក្នុងវ័យជំទង់ យុវតី សាមរ៉ា (Samra) បានចាកចេញពីមាតុភូមិរបស់ខ្លួន កាលពីអំឡុងឆ្នាំ២០១៤ ដើម្បី​ក្លាយ​ជា​យុទ្ធនារី ស្ម័គ្រ​ប្រយុទ្ធ​ដើម្បី​ព្រះអាឡាហ៍ នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែនាងទំនងជា ត្រូវបាន​វាយ​សម្លាប់ ដោយ​សារ​នាង​ចង់​គេច​ចេញ ពីក្រុមរដ្ឋអ៊ីស្លាម ដែលនាងនៅជាមួយ ជាច្រើនខែ។
«យុវតី​បាន​ស្លាប់​ដោយ​វាយ​នឹង​"ញញួរ" ព្រោះ​ចង់​គេច​ពី ISIS»
នាង សាមរ៉ា នៅមុនចេញទៅស៊ីរី និងរូបថតពេលនាង ងាកមកកាន់សាសនាអ៊ីស្លាម និយមតឹង។ (រូបថតទ្វីសធើរ)

យុវតី សាមរ៉ា កេស៊ីណូវិច (Samra Kesinovic) អាយុ១៨ឆ្នាំ (អាយុបច្ចុប្បន្ន) ទំនងជាត្រូវបានសម្លាប់ ដោយ​វាយ​នឹង«ញញួរ» នៅក្នុងក្រុង រ៉ាកា (Raqqa) ដែលជាបញ្ជាការដ្ឋាន របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) នៅក្នុងភាគខាងជើង នៃ​ប្រទេស​ស៊ីរី។ នេះ​​ជា​អ្វី ដែលសារព័ត៌មាន នៅលោកខាងលិច ជាច្រើនបានធ្វើរបាយការណ៍ នៅថ្ងៃពុធទី២៥ ខែ​វិច្ឆិកា​នេះ ដោយ​យោង​តាម​ប្រភពព័ត៌មាន ដែលបង្ហើបឲ្យដឹង ពីកន្លែងកើតហេតុ។

អតីតក្មេងជំទង់ ជាតិអូទ្រីស ដែលបានចាកចេញ ពីមាតុភូមិរបស់ខ្លួន កាលពីឆ្នាំ២០១៤ ជាមួយ​មិត្ត​របស់​នាង ឈ្មោះ សាប្រ៊ីណា (Sabina) ដើម្បីក្លាយខ្លួនជាយុទ្ធនារី ស្ម័គ្រប្រយុទ្ធដើម្បីព្រះអាឡាហ៍ (ឬហៅថា Djihad) របស់​ក្រុមរដ្ឋអ៊ីស្លាមនោះ ទំនងជាត្រូវបានសម្លាប់ ព្រោះនាងមានបំណង ចង់រត់គេចខ្លួន ចេញពីទីនោះ។ ប៉ុន្តែ​ព័ត៌មាននេះ នៅមិនទាន់អះអាង ថាជាការពិតនិងផ្លូវការ ដោយអាជ្ញាធររបស់ប្រទេសអូទ្រីស នៅឡើយ។

បើតាមសារព័ត៌មាន «Österreich» របស់ប្រទេសអូទ្រីស បានឲ្យដឹងថា យុវតី សាមរ៉ា បានទាក់ទង​មក​គ្រួសារ និងមិត្តភ័ក្ររបស់នាងវិញ នៅក្នុងរដ្ឋធានី វិយ៉ែន (Vienne) របស់ប្រទេសអូទ្រីស។

«ម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀត បានបាត់ខ្លួន»

សារព័ត៌មានបានរាយការណ៍ទៀតថា យុវតីបានអះអាងប្រាប់គ្រួសារនាង ពីបំណងដែលចង់ត្រឡប់មកផ្ទះវិញ តាំងពីខែតុលា ឆ្នាំ២០១៤។ ភាពសាហាវឃោឃៅ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលនាងបានឃើញផ្ទាល់ភ្នែក ជា​រៀង​​រាល់ថ្ងៃ បានធ្វើឲ្យនាងពិបាកទ្រាំ ហើយឈប់ចង់រស់នៅជាមួយ តទៅទៀត។ នាង សាមរ៉ា ដែលទំនង​ជា​បាន​​រៀ​ប​ការ ជាមួយយុទ្ធជន ស្ម័គ្រប្រយុទ្ធដើម្បីព្រះអាឡាហ៍ មានដើមកំណើរ ឆែកឆិន ម្នាក់ និង​ដែល​មាន​កូន​ម្នាក់​​ជា​មួយ​នោះ ត្រូវចូលរួមសឹងជារៀងរាល់ពេល ក្នុងការកម្មវិធីកាត់«ក» និងកម្មវិធីវាយវាត់ នឹង​រំពាត់​ខ្សែតី ជា​សាធារណៈ ទៅលើអ្នកទោស។

កាលពីខែធ្នូ ឆ្នាំ២០១៤ អ្នកជំនាញម្នាក់ របស់អង្គការសហប្រជាជាតិ បានអះអាងជុំវិញករណីខាងលើថា ម្នាក់​ពីក្នុងចំណោមយុវតីទាំងពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងសមរភូមិ និងម្នាក់ទៀតបានបាត់ខ្លួន។ ប៉ុន្តែព័ត៌មាន​ទាំង​អស់ ពីតំបន់គ្រប់គ្រង​​ដោយពួករដ្ឋអ៊ីស្លាម ពិបាកនឹងឲ្យគេពិនិត្យ ពីភាពជាក់លាក់ ហើយក៏មិនអាច​វិន្និច្ឆ័យ ថា​យ៉ាង​ដូចម្ដេចឡើយ។ ដូច្នេះក្រុមគ្រួសាររបស់នាង នៅតែមានសង្ឃឹម ថានឹងឃើញកូនស្រីរបស់ខ្លួន វិល​ត្រឡប់​មក​វិញ នៅក្នុងថ្ងៃណាមួយ៕