ចិន និង ថៃ ធ្វើសមយុទ្ធយន្តហោះរួមគ្នា បង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅ

បាងកក៖ យោធាថៃ បានរៀបចំសមប្រយុទ្ធយន្តហោះយោធា ជាមួយប្រទេសចិន នៅថ្ងៃអង្គារ៍នេះ ជាសញ្ញាណនៃទំនាក់ទំនងដ៏ល្អមួយ ប៉ុន្តែថៃនិយាយថា ខ្លួន ក៏មិនបានដាក់ខ្លួនឯង ឲ្យនៅឆ្ងាយពីសហរដ្ឋអាម៉េរិកដែរ ដែលទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ ថៃ អាម៉េរិក ហាក់ថមថយចុះ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០១៤។

Channel News Asia រាយការណ៍ថា យន្តហោះយោធាថៃនិងចិន ចំនួន៥គ្រឿង បានបង្ហាញខ្លួននៅក្នុងសមយុទ្ធ សម្រាប់បណ្តាញព័ត៌មាន ដោយហោះក្នុងកម្រិតកម្ពស់៩០០ម៉ែត្រ ពីដីតែប៉ុណ្ណោះ នៅមូលដ្ឋានទ័ពអាកាសការ៉ាត់ ប្រហែល២៦០គីឡូម៉ែត្រ ភាគឥសានទីក្រុងបាងកក។

នៅថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ទ័ពអាកាសថៃ និងចិន នឹងរៀបចំសមយុទ្ធរួមគ្នា ជាលើកដំបូង ដែលចិននិយាយថា ដើម្បីបង្កើន “ទំនុកចិត្តទៅវិញទៅមក និងមិត្តភាព”។

ចាប់តាំងពីរដ្ឋប្រហារខែឧសភា ២១០៤ បណ្តាឧត្តមសេនីយ៍យោធាថៃ បានស្វែងរកតុល្យភាពទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន និងចិន។ សហរដ្ឋអាម៉េរិក បានរិះគន់ទង្វើរដ្ឋប្រហារនៅថៃ និងបានទម្លាក់ មិនឲ្យមានការធ្វើសមយុទ្ធយោធារួមគ្នា និងការហ្វឹកហ្វឺននានា ជាមួយថៃ ដោយនិយាយថា ខ្លួននឹងស្តារទំនាក់ទំនងឡើងវិញ នៅពេលមានការបោះឆ្នោតសាកលណាមួយកើតឡើង។

កិច្ចព្រមព្រៀងថ្មីៗ រវាងចិន និងថៃ រួមមានទាំងសំណើរបស់កងទ័ពជើងទឹកថៃ ក្នុងការទិញនាវាមុជទឹក តម្លៃ១ពាន់លានដុល្លារ ពីប្រទេសចិន និងគម្រោងប្រកបដោយមហិច្ឆតា ដើម្បីកសាងផ្លូវដែកពីខាងត្បូងចិន ភ្ជាប់មកកាន់ ឡាវ និងថៃ។ ទេសចរណ៍ចិន មកកាន់ប្រទេសថៃ ត្រូវគេរំពឹងថា នឹងកើនដល់៧លាននាក់ នៅឆ្នាំ២០១៥នេះ កើនពីឆ្នាំមុន ដែលមានត្រឹមតែ៤,៦៣លាននាក់ ទោះបីជាមានការបំផ្ទុះគ្រាប់បែក នៅទីក្រុងបាងកក កាលពីខែសីហា យ៉ាងណាក្តី។

ទោះជាបែបណាក្តី មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានថ្លែងបញ្ជាក់ថា ថៃ មិនទាន់បែរទិស១៨០ដឺក្រ ទៅចិននោះទេ ទោះបីជាទំនាក់ទំនងរវាងបាងកក និងវ៉ាស៊ីនតោន មានការរង្គោះរង្គើ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ក្តី ៕