CEO ​វ័យក្មេង​​ខ្មែរ​​ពីរ​រូប​ប្រាប់​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​

CEO ​វ័យក្មេង​​ខ្មែរ​​ពីរ​រូប​ប្រាប់​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​

ទម្លាប់​ប្រចាំ​ថ្ងៃ​ជា​កត្តា​កំណត់​​​​លទ្ធផល​ដ៏​សម្បើម​ក្នុង​ជីវិត​​​របស់​​បុគ្គល​ជោគជ័យ​ទាំង​ឡាយ​​ជា​ពិសេស​​បុគ្គល​ដែល​មាន​ឋានៈ ​តួនាទី​សំខាន់​ក្នុង​ការ​​​គ្រប់គ្រង​ស្ថាប័ន ​ឬ​ក្រុមហ៊ុន​តែ​ម្ដង។ ​​​​CEO ​វ័យ​ក្មេង​កម្ពុជា​​ពីរ​​រូប​​បាន​ប្រាប់ Sabay ​​​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​​ ​និង​ពន្យល់​ថា​ ​តើ​វា​ជះ​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​សកម្មភាព​ពេញ​មួយ​ថ្ងៃ​​​របស់​ពួកគាត់។

 

លោក​ គីម ហ៊ាង​ ​ប្រធាន​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ីស្ទែត ​និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុកម្ពុជា

 

CEO ​វ័យក្មេង​​ខ្មែរ​​ពីរ​រូប​ប្រាប់​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​

 

ជា​រៀងរាល់​ថ្ងៃ​ នាយក​ប្រតិបត្តិ​រូប​នេះ​តែង​ភ្ញាក់​នៅ​ម៉ោង​ ៥ ​កន្លះ​ព្រឹក​រាល់​ថ្ងៃ ​ហើយ​ចំណាយ​ពេល​ហាត់​ប្រាណ​ប្រហែល​ ១ ​ម៉ោង។ ​បន្ទាប់​ពី​នោះ​លោក​សំអាត​ខ្លួន ​និង​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​នៅ​ផ្ទះ។ ​​ក្រោយ​មក​ទៀត​​ លោក​ចំណាយ​ពេល​គិត​លើ​ការងារ​នៅ​ក្រុមហ៊ុន​ពេល​មួយ​ព្រឹក។ ​បើ​ត្រូវ​ជួប​ជជែក​ជាមួយ​មិត្តភ័ក្ដិ​លោក​មាន​ពេល​ថ្ងៃ​ត្រង់​ដើម្បី​ញ៉ាំ​អាហារ ​និង​ជជែក​គ្នា​ព្រោះ​នេះ​ជា​ពេលវេលា​ដែល​លោក​ទំនេរ​ក្នុង​មួយ​ថ្ងៃ។ ​​​នៅ​ពេល​យប់​​ម៉ោង​ប្រហែល​ ១០ ​កន្លះ​លោក​យក​ពេល​មើល​ទូរទស្សន៍​ ឬ​អាន​សៀវភៅ​ដើម្បី​បង្កើត​ចំណេះដឹង។ ​​ទន្ទឹម​គ្នា​នេះ ​លោក​គីម ហ៊ាង​ជា​មនុស្ស​ដែល​ចូលចិត្ត​កីឡា​ដ៏​ងប់ងុល​ម្នាក់។ ​ជា​ធម្មតា ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​លោក​តែង​​ចូលរួម​លេង​បាល់ទាត់​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន ​និង​មាន​ក្រុម​បាល់ទាត់​ផ្ទាល់​​ខ្លួន​ទៀត​ផង។

 

​​លោក​ លីម ហួរនីរ៉ា ​នាយក​​ប្រតិបត្តិ​​ក្រុមហ៊ុន​ Brands Management Limited

 

CEO ​វ័យក្មេង​​ខ្មែរ​​ពីរ​រូប​ប្រាប់​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​

 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Chatime ​​ចូលចិត្ត​ធ្វើ​ម្ហូប ​និង​ជិះកង់។ ​សម្រាប់​ការ​ជិះកង់​ ​ថ្នាក់​ដឹកនាំ​វ័យ ​២៤ ឆ្នាំ​​និយាយ​ថា ​លោក​តែង​ធាក់​ស្ទើរ​​រៀងរាល់​ព្រឹក​ បើ​​សិន​​​គ្មាន​ការងារ​ទៅ​ក្រៅ​ប្រទេស។​ ​លោក​ថា ​ជា​ធម្មតា​លោក​ជិះ​​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល​ ៣០ ទៅ​ ៦០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។ ​​​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ជិះ​កង់​ដ៏​ហត់នឿយ​បែប​នេះ ​ព្រោះ​លោក​គិត​ថា ​វា​ជា​ការ​ដាក់​វិន័យ​ខ្លួន​ឯង​​ដ៏​ល្អ​មួយ​ដើម្បី​លត់​ដំ​នឹង​ការ​លំបាក។ ​«នៅ​ពេល​ចាប់​ផ្តើម​ដំបូង​គឺ​ពិបាក​មែនទែន។ ​ខួរក្បាល​យើង​ថា ​ចង់​ធ្វើ​ឲ្យ​តែ​រាងកាយ​យើង​ថា ​ទៅ​អត់​រួច​ទេ»។ លោក​បញ្ជាក់។ ​​​លោក​ថា ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ម្នាក់​គឺ​មាន​ការងារ​ជា​ច្រើន​​ដែល​តម្រូវ​​​ឲ្យ​មាន​ការ​អត់ធ្មត់ ​ហើយ​ការ​ដាក់​គោលដៅ​ជិះ​កង់​នេះ​ជា​ការ​លត់ដំ​មួយ​ដ៏​ល្អ​​​បើ​យើង​អាច​សម្រេច​វា​បាន​ ​​លោក​​ក៏​អាច​​​​​​សម្រេច​ការងារ​ផ្សេង​ទៀត​បាន​ដែរ។ ​​​​លោក នីរ៉ា​​ក៏​ចូលចិត្ត​ការ​ធ្វើ​ម្ហូប​ដែរ ​ព្រោះ​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​ និង​យល់​ដឹង​ពី​​វិស័យ​​ម្ហូប​អាហារ​ដែល​ក្រុមហ៊ុន​លោក​ផ្តោត​លើ​​​​កាន់​តែ​ច្រើន​ថែម​ទៀត៕

 

ចុះ​អ្នក​វិញ ​មាន​ទម្លាប់​អ្វី​ដែល​​ជះ​ផលជា​វិជ្ជមាន​សម្រាប់​ខ្លួន​ឯង​ឬ​ទេ?

 

អត្ថបទ៖ ប្រាក់ ចាន់សីហា

​​​​​