អូបាម៉ា៖ មិន​មាន​ការគំរាម​កំហែង​ជាក់លាក់​គួរ​ឲ្យ​ទុក​ចិត្ត​មក​លើ​យើង​ទេ

អូបាម៉ា៖ មិន​មាន​ការគំរាម​កំហែង​ជាក់លាក់​គួរ​ឲ្យ​ទុក​ចិត្ត​មក​លើ​យើង​ទេ

ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អម​ដោយ​អគ្គ​មេធាវី Loretta Lynch (ឆ្វេង) និង​ឧបការីផ្នែកសន្តិសុខជាតិ​ Jeh Johnson មាន​ប្រសាសន៍​នៅ​ក្នុង​បន្ទប់ Roosevelt Room នៃ​សេតវិមាន ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥។

បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដែល​អះអាង​ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ក្រុង​បេរូត​ (Beirut) ​និង​ទីក្រុង​ទុយនីស​ (Tunis)លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​កំពុង​ធ្វើ​ការ​បញ្ជាក់​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​ពី​ការ​គំរាម​កំហែង​ភេរវកម្ម​ក្នុង​ពិធី​បុណ្យ​ថ្លែង​អំណរគុណ (Thanksgiving) ​នៅ​ចុង​សប្តាហ៍​នេះ។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​មាន​ប្រសាសន៍​ថា៖ «ឥឡូវនេះ ​យើង​ដឹង​ថា ​គ្មាន​ការ​ស៊ើប​ការណ៍​សម្ងាត់​ជាក់​លាក់​និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន​អំពី​ផែនការ​នៃ​ការ​វាយ​ប្រហារ​លើ​មាតុភូមិ​ទេ‍»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​រយៈ​ពេល​៦​នាទី​ទៅ​កាន់​សាធារណ​ជន​អាមេរិកាំង ​លោក​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា មន្រ្តី​ប្រឆាំង​ភេរវកម្ម ​មន្រ្តី​យោ​ធា​ និង​ក្រុម​ស៊ើប​ការណ៍​សម្ងាត់ ​កំពុង​បន្ត​ឃ្លាំមើល​ការ​គំរាម​កំហែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​នៅ​ឯ​បរទេស។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​មាន​ប្រសាសន៍​ទៀត​ថា៖ «​ក្នុង​ករណី​មាន​ការ​គំរាម​កំហែង​ជាក់​លាក់ ​និង​អាច​គួរ​ឲ្យ​ទុក​ចិត្ត​បាន សាធារណៈ​ជន​នឹង​ត្រូវ​បាន​ផ្តល់​ដំណឹង។​យើង​គិតថា វាជាការ​សំខាន់​សម្រាប់​ពលរដ្ឋ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត​នោះ‍»។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​ថ្លែងដូច្នេះ​ បន្ទាប់​ពី​ជំនួប​ជាមួយ​ក្រុមសន្តិសុខ​ជាតិ​របស់​លោក​ស្តីពី​សន្តិសុខ​របស់​អាមេរិក ​ដែល​ជំនួប​នេះ​ធ្វើ​ឡើង​ជិត​២​សប្តាហ៍​បន្ទាប់​ពី​ការ​វាយ​ប្រ​ហារនៅ​ក្នុង​ទីក្រុង​ប៉ារីស​ដែល​បាន​សម្លាប់​មនុស្ស​១៣០​នាក់៕