រន្ទះ​ចម្លែក​បាញ់​ខ្ទេច​ចម្ការ​ចេក​ងាប់​គោ​និង​ជ្រូក

រន្ទះ​ចម្លែក​បាញ់​ខ្ទេច​ចម្ការ​ចេក​ងាប់​គោ​និង​ជ្រូក

ខេត្តកំពត ៖ ឧប្បត្តិហេតុ​រន្ទះបាញ់​ដ៏​ចម្លែក​មិន​ធ្លាប់​មាន​មួយ បាន​វាយប្រហារ​បំផ្លាញ​ទ្រព្យសម្បត្តិ​កសិករ​មួយ​គ្រួសារ នៅ​ភូមិ​ព្រែក​គ្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា បណ្តាល​ឱ្យ​ងាប់​គោកូនកាត់​ពីរ​ក្បាល និង​ជ្រូក​មួយ​ក្បាល​ទម្ងន់​ជាង​៤០​គី​ទ្បូ​ក្រាម ។ រីឯ​ការ​ខូចខាត​ផ្សេង​ទៀត​មាន ទូរទស្សន៍​មួយ​គ្រឿង សសរ​រោង​គោ ដើម​ដូង​ពីរ​ដើម និង​ដើម​ចេក​មួយ​ចំនួន ។
បុរស​ឈ្មោះ កៅ តូ អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ភ្លៀង​បាន​ធ្លាក់​មក​យ៉ាង​ខ្លាំង​លាយឡំ​នឹង​ខ្យល់​ខ្លះ​ៗ​ផង ហើយ​រូប​គាត់​បាន​ដាស់​ប្រពន្ធ​ឱ្យ​ក្រោក ដើម្បី​យក​តង់​ទៅ​គ្រប​ស្រូវ ដែល​ទុក​នៅ​ក្រៅ​ផ្ទះ​ខ្លាច​ភ្លៀង​ទទឹក​ស្រូវ ។
បុរស​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ទៀត​ថា លុះ​ពេល​គ្រប​ស្រូវ​ហើយ រូប​គាត់​និង​ប្រពន្ធ​ក៏​ចូល​ដេក​វិញ តែ​ដេក​មិន​ទាន់​លក់​ផង ស្រាប់តែ​ឃើញ​ផ្លេកបន្ទោរ​ព្រាក​ៗ​រួច​ក៏​លាន់​ស្នូរ​រន្ទះបាញ់​ផ្ទួន​ៗ៣​ដង​លាន់​កក្រើក​ដី​ក្បែរ​ផ្ទះ ។ ពេល​ស្ងាត់​សូរ គាត់​ក៏​រត់​ចេញ​មក​ក្រៅ​ផ្ទះ​សំដៅ​ទៅ​មើល​រោង​គោ ស្រាប់តែ​ឃើញ​គោ​គាត់​នៅ​ក្នុង​រោង​ងាប់​ពីរ​ក្បាល រីឯ​ទ្រុង​ជ្រូក​នៅ​ក្បែរ​រោង​គោ​ដែល​គាត់​ដាក់​ជ្រូក​បី​ក្បាល​ក៏​សន្លប់​ទាំង​បី​ក្បាល​ដែរ ប៉ុន្តែ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​បាន​រស់​វិញ​ពីរ​ក្បាល រីឯ​មួយ​ក្បាល​ទៀត​ងាប់ ។
បុរស​ម្ចាស់ផ្ទះ​រៀបរាប់​ទៀត​ថា គាត់​ពុំដែល​ជួប​ប្រទះ​គ្រោះ​រន្ទះបាញ់​បែប​នេះ​ឡើយ តាំងពី​កើតមក គឺ​ទើបតែ​ពេល​នេះ​ទេ​ដែល​ជួប​ហេតុការណ៍​ដ៏​ចម្លែក​បែប​នេះ ។ គាត់​មានការ​សោកស្តាយ​ខ្លាំង​ណាស់​ចំពោះ​គោ​គាត់​មួយ​នឹម​នេះ ដែល​កាល​នៅ​រស់​គេ​សុំ​ទិញ​ឱ្យ​តម្លៃ​ក្នុង​មួយ​ក្បាល ២ ០០០​ដុល្លារ លុះដល់​ជួប​ហេតុការណ៍​ងាប់​ដូច្នេះ ដង្ខៅ​ទិញ​ឱ្យ​តម្លៃ​មួយ​ក្បាល​ត្រឹមតែ ១ ០០០​ដុល្លារ​ប៉ុណ្ណោះ ។ ចំណែក​ជ្រូក​មួយ​ក្បាល​ដែល​ងាប់ គាត់​ពុំ​បាន​លក់​ទេ គឺ​កាប់​ធ្វើ​ម្ហូប​ចែក​ឱ្យ​កូន​ហូប និង​ចែក​ឱ្យ​អ្នក​ជិតខាង​ហូប​ទាំងអស់ ។
លោក អ៊ូច ហ៊ុ​ល នាយ​ប៉ុស្តិ៍​ស្ដីទី​ឃុំ​ព្រែក​ត្នោត ថ្លែង​ថា លោក​មានការ​អាណិតអាសូរ​គ្រួសារ​រង​គ្រោះ​ខាងលើ​ជា​ខ្លាំង ដែល​ជួប​ហេតុការណ៍​ដ៏​អកុសល​បែប​នេះ ហើយ​គ្រោះ​រន្ទះបាញ់​នេះ​ពុំដែល​ធ្លាប់​មាន​ទេ ដែល​បាញ់​ផ្ទួន​ៗ​គ្នា​ដូច​កាំភ្លើងស្វ័យប្រវត្តិ គឺ​កន្លង​មក​គេ​ពុំដែល​ឃើញ​ពុំដែល​ជួប​ប្រទះ​ឡើយ ៕