ប្រទីបចំនួន២២ មកពីគ្រប់មន្ទីរ អង្គភាព ត្រូវបានដាក់លយ នៅតាមដងស្ទឹងសិរីសោភ័ណ

បន្ទាយមានជ័យ៖ នៅយប់ថ្ងៃពេញបរមីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៥ នៅតាមដងស្ទឺងសិរីសោភ័ណ នៅម្តុំស្ពានថ្មថ្មី ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មន្ទីរគ្រប់អង្គភាពចំនួន២២ប្រទីប បាននាំគ្នាយកមកដាក់តាំង នៅតាមដងស្ទឹងសិរីសោភ័ណ ដើម្បីឲ្យប្រជាពលរដ្ឋ ក្នុងខេត្តខេត្តបន្ទាយមានជ័យ បានទស្សនាសប្បាយ ក្នុងពិធីបុណ្ឌអុំទូកអកអំបុក និងសំពះព្រះខែ ដែលមានចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ពីធីបុណ្យបណ្តែតប្រទីបនេះយោងតាមគម្ពីដីកា និងឯកសារមួយចំនួន បានធ្វើការអះអាងថា ការលយប្រទីបដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និង ព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយភោគផល ក្នុងការងារកសិកម្ម និងរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផង។

លោកបន្តទៀតថា នៅពេលយប់តាមមន្ទីរនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌ គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាតដែលមានមនុស្សម្នា ចូលរួមទស្សនាយ៉ាងច្រើនកុះករបញ្ចេញនូវស្នាមញញឹមគ្រប់គ្នាយ៉ាងសប្បាយរីករាយ។

ប៉ុន្តែឯកសារខ្លះបានអះអាងថា ការបណ្តែតប្រទីបនេះ ដើម្បីរំលឹកដល់ព្រះចង្កូមកែវទាំងបួន នៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៃទីតាំងទាំង៤ រួមមាននៅត្រៃត្រឹង្សសួគ៌ផងដែរ ទើបបានជាពុទ្ធបរិស័ទទាំងអស់តែងធ្វើពិធីបណ្តែតប្រទីប នៅយប់ពេញថ្ងៃបូណ៌មី ខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្តែតប្រទីប នៅយប់១៥កើត និង ១ រោច ខែកត្តិកបូជាចំពោះចង្កូមកែវ នៅពិភពនាគ ព្រះពុទ្ធបាទនៅស្ទឹងនិងនៅទីឯទៀតដូចពោលខាងលើ ហើយដោយជឿថា ការបណ្តែតប្រទីបនេះបានកុសលយ៉ាងធំបាន និងបានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿងដល់ខ្លួន ដល់ប្រជាពលរដ្ឋ និងដល់ប្រទេសជាតិផងដែរ៕