សង្ស័យ​ខឹង​ប្រពន្ធ​រត់ចោល ផឹកស្រា​ស្រវឹង​ជោកជាំ​ដុត​ផ្ទះ​ឆេះ​ម៉ត់

ពោធិ៍សាត់: ផ្ទះ​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល ម្នាក់ ដែល​បាន​ជួល​ឲ្យ​គេ​ស្នាក់នៅ​ត្រូវបានអគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ដោយ​គេ​សង្ស័យ​អ្នក​ជួល​ស្នាក់នៅ​ខឹង​ប្រពន្ធ​រត់ចោល ក៏​ដុត​ឆេះ​ម៉ត់​រួច រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ព្រៃខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ លឹម ចាន់​បាន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​មន្ត្រីនគរបាល​ស្រុក​ភ្នំក្រវាញ និង​ជាអ្នកមើលការខុសត្រូវ​ផ្សារ​ស្រុក​ភ្នំក្រវាញ មាន​ទីលំនៅ​ក្នុង​ទីរួមស្រុក​ភ្នំក្រវាញ ។

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា តាម​ការរៀបរាប់​ពី​ម្ចាស់ផ្ទះ​ជា​មន្ដ្រីនគរបាល បាន​ឲ្យ​ដឹងថាផ្ទះ​របស់គាត់​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ខាងលើ​មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ១២ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ថ្ម នៅ​ចំការ​ស្ថិត​ក្នុងភូមិ​.​ឃុំ​កើតហេតុ ប៉ុន្ដែ​ពុំបាននៅផ្ទះ​កើតហេតុ​នេះ​ទេ ដោយ​គាត់​ជួល​ទៅ​ឲ្យ​ប្ដី​ប្រពន្ធ​ស្គាល់ គ្នា​​ស្នាក់នៅ ប៉ុន្តែ​គ្រួសារ​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើនេះ​ដូចជា​មាន​អាថ៌កំបាំង ដោយ​ពុំមាន​ប្រភពណាមួយ ឆ្លើយ​ប្រាប់​ពី​អត្ដ​សញ្ញាណ​ប្ដី​ប្រពន្ធ ជួល​ស្នាក់នៅ​នោះ​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​ការឆេះ​នេះ​ក៏​ពុំទាន់​ដឹង​មូលហេតុ​អ្វី ហើយ​ខូចខាត​សម្ភារៈ​អ្វី​ឲ្យច្បាស់លាស់​នោះដែរ ដោយ​ស្ថិតក្នុង​ការស្រាវជ្រាវ​នៅឡើយ​។​

​ប្រភព​ផ្សេងៗ​ជុំវិញ​កន្លែងកើតហេតុ និង​នៅក្នុង​ស្រុក​ភ្នំក្រវាញ​លើកឡើង​ស្រដៀងៗគ្នា​ថា ការឆេះ​ខាងលើនេះ ត្រូវបាន​គេ​សង្ស័យ​បុរស​ជា​ប្ដី​ផឹកស្រា​ស្រវឹងជោគជាំ ហើយ​បាន​ដុត​តែម្តង ខណៈ​បុរស​សង្ស័យ​ខាងលើ អន់ចិត្ត​នឹង​ប្រពន្ធរបស់ខ្លួន​រត់ចោល​កាលពីមុន​កើតហេតុ ដោយ​កន្លងមក​គេ​សង្កេតឃើញ​គ្រួសារជួល​ផ្ទះ​គេ​ស្នាក់ នៅ ដើម្បី​រកស៊ី​ចិញ្ចឹមជីវិត​ខាងលើ ដូចជា​មិនសូវ​ចុះសម្រុងនឹង​គ្នា​នោះឡើយ ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ស្ទើរតែ​រាល់ថ្ងៃ ៕​

សង្ស័យ​ខឹង​ប្រពន្ធ​រត់ចោល ផឹកស្រា​ស្រវឹង​ជោកជាំ​ដុត​ផ្ទះ​ឆេះ​ម៉ត់