យុវ​ជនមួយ​ក្រុមចេញ​ពី​ក្លិប​ត្រូវ​ចោរ​​បាញ់​របួស​ធ្ងន់​-ស្រាល​៤នាក់​ប្លន់យក​​ម៉ូតូ​២​គ្រឿង​ទៅបាត់

រាជ​ធានីភ្នំពេញ ៖ យុវ​ជន​ចំនួន​១៦​នាក់​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​បត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រូវ​ជន​ប្រដាប់អាវុធ​គ្នា​៤នាក់បាញ់​៥​គ្រាប់បណ្តាល​ឱ្យរបួសធ្ងន់​៣​នាក់ ​និង​ស្រាល​ម្នាក់​ប្លន់​យក​ម៉ូតូ​២​គ្រឿង​ទៅ​បាត់​ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃទី​២៦ ​​វិ​ច្ឆិ​កា ​​២០១៥ ទល់​មុខ​ផ្ទះ​លេខ ៣៥១A ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រំ​៣ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​១៦​នាក់ ជិះ​ម៉ូតូ​៨​គ្រឿង ក្នុង​នោះ​ហុងដា​ឌ្រី​ម​៧​គ្រឿង​ និង MSX ពណ៌​ស ស្លាកលេខ ភ្នំពេញ​១FI៤៣២៦ មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ហើយ​ក្នុង​ចំណោម​ម៉ូតូ​ហុងដា​ឌ្រី​ម​ទាំង​៧​គ្រឿង​មាន​ម៉ូតូ​មួយ​គ្រឿង​ទើបនឹង​ទិញ​បាន​មួយ​ថ្ងៃ​មិន​ទាន់​ចាំ​ស្លាក​លេខ​ផង បាន​នាំ​គ្នា​ជិះ​ដើរ​លេង​បុណ្យអុំទូក​រួច​ចូល​លេង​ក្លឹ​ប​វ៉ា​វ​ឌី​ស្កូ​ក្លឹ​ប នៅ​ផ្លូវជាតិ​លេខ​៣ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រហូត​ដល់​ម៉ោង​ខាងលើ​ទើប​ចេញពី​ក្លឹ​ប​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ៣៧១ ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ ស្រាប់​តែ​លេច​មុខ​​​ជនសង្ស័យ​៤​នាក់ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ២​គ្រឿង បាន​ដេញ​តាម​ពីក្រោយ រួច​​​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក បាញ់​រះ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៥​គ្រាប់បណ្តាល​ឲ្យ​រង​បួស​ធ្ងន់​៣​នាក់​ របួស​ជើង​ទាំងអស់​គ្នា និង​ស្រាល​ម្នាក់​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន ក៏​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​ដែល​ទើបនឹង​ទិញ​​ ​និង​ម៉ូតូ MSX មួយ​គ្រឿង​ជិះ​គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើត​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភ​ក្កិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ហុងដា​ឌ្រី​ម​ទើបនឹង​ទិញ​រង​របួសស្រាល​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ។ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រក​ឃើញ​សំបក​កា​ទុ​ស្ស​៣​គ្រាប់ ៕