កែវ ពេ​ជ្យ​ពិសី ឆ្អែត​នឹង​សិល្បៈ​

Sanofi

ឆ្នាំនេះ កែវ ពេជ្រ​ពិសី មាន​អាយុ ៣១ ឆ្នាំ តែ​មហាជន​ជាច្រើន​សង្កេតឃើញថា​តារា​សម្តែង​រូបនេះ​នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត ជាពិសេស​ចុងក្រោយ​នេះ​នាង​ស្អាត​ប្លែក​ខុសពី​មុន​គឺ​នៅលើ​ទម្រង់​មុខតែ​ម្តង ។ មិនមាន​អ្វី​ចម្លែក​សម្រាប់​តារា​នាពេល​បច្ចុប្បន្ននេះ​ទេ គេ​កម្រ​ឃើញ​តារា​រូប​ណា​រក្សា​សម្រស់​ធម្មជាតិ​របស់ខ្លួន​ណាស់ ។ តារា​ខ្លះ​កាន់តែ​ស្រស់ ស្អាត និង មាន​យីអ៊ុន ក្រោយពី​កែ​សម្ផស្ស តែមាន​តារា​ខ្លះ​ត្រូវបាន​គេ​មើលឃើញថា ក្រោយពី​កែ​សម្ផស្ស​គឺ​សម្រស់​ធ្លាក់ចុះ ។ តួយ៉ាង​ដូចជា កែវ ពេជ្រ​ពិសី ជាដើម មានការ​សរសើរ​ពី​សំណាក់​មហាជន​ថា សម្រស់​របស់​នាង​ស្អាត​ប្លែក​ជាង​មុន​ទាំង​ក្នុង​រូបថត និង ជួប​ផ្ទាល់ ។ មានការ​និយាយថា កែវ ពេជ្រ​ពិសី បាន​កែ​ច្រមុះ​ឱ្យ​ខ្ពស់​ស្រួច និង ចាក់​ចង្កា​ជាដើម ។

ជាមួយ​ការទទួលស្គាល់​ការពិត កែវ ពេជ្រ​ពិសី បានឱ្យដឹងថា នាង​ពិតជា​បាន​កែ​បន្ថែម​ពិតមែន តែ​បែប​ធម្មជាតិ​មិន​ជ្រុល​ហួសហេតុ​ឡើយ ។ អ្នក​មេម៉ាយ​រូបនេះ​បាន​ប្រាប់ថា «​សម្រាប់​អ្នកសិល្បៈ​រូប​សម្រស់​ជា​រឿង​សំខាន់ តែ​យ៉ាងណា​ខ្ញុំ​សប្បាយចិត្ត ព្រោះ​ទៅណា​មក​ណា​គេ​សរសើរ​ថា​ស្អាត​ជាង​មុន ។ ខ្ញុំ​សុំ​មិន​និយាយថា កែកុន​ចំណុច​ណាខ្លះ​នោះទេ សុំ​រក្សា​ទុកជា​អាថ៌កំបាំង​(​សើច​)» ។​ ​រូប​សម្រស់​កាន់តែ​ស្អាត ការតុបតែង​ខ្លួន​ក៏​កាន់តែ​កាលី​ប​មិន​ចាញ់​តារា​ស្រករ​ក្រោយ​ប៉ុន្មាន​ឡើយ ។ កន្លងមក​អាជីព​សម្តែង​របស់ កែវ ពេជ្រ​ពិសី ទទួលបាន​ការ​កោត​ស​សើរ​ច្រើន ពី​សំណាក់​មហាជន​ដែល​ស្នេហា​វិស័យ​សិល្បៈ បើ​ប្រៀបធៀប​ជាមួយ​តារា​ដែលមាន​វ័យ​ស្រករ​នាង ។

នាង​ជា​តារា​សម្តែង​ដែលមាន​សមត្ថភាព និង មានកេរ្តិ៍ឈ្មោះ​គ្រាន់បើ​នៅក្នុង​ពិភព​សិល្បៈ ភាគច្រើន​គឺ​នាង​សម្តែង​ជា​តួឯក​ដែលមាន​ចរិត​សុភាពរាបសា ។ ការធ្លាក់ចុះ​ការងារ​សម្តែង​នេះ​បានធ្វើ​ឲ្យ​មានមតិ​ខ្លះ​លើកឡើងថា កែវ ពេជ្រ​ពិសី មិនសូវ​មានឱកាស​ដោ​យ​សារ​វ័យ​របស់​នាង​រាង​ជ្រេ​បន្តិច​ទៅហើយ​សម្រាប់​ការងារ​សិល្បៈ ។ មហាជន​ខ្លះ​មានការ​សង្ស័យថា កែវ ពេជ្រ​ពិសី មិន​ទទួលយក​ការសម្តែង​រឿង​ភាគ​ដូច​មុន​ដោយសារ​ខ្លាច​ប្រុស​ស្នេហ៍​ប្រចណ្ឌ ។ គួរ​បញ្ជាក់ថា ចាប់តាំងពី​លែងលះ​ជាមួយ​ស្វាមី កែវ ពេជ្រ​ពិសី បាន​ពើបប្រទះ​នឹង​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ដែល​ចុង​ក្រោយនេះ​មាន​លេច​ឮថា នាង​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​សម្បូរ​ទ្រព្យ​ម្នាក់ ។

ទាក់ទិន​នឹង​រឿងនេះ កែវ ពេជ្រ​ពិសី បាន​បកស្រាយ​ថា នាង​បាត់​មុខ​ពី​ការសម្តែង​មួយរយៈ ដោយសារ​ផលិតកម្ម​មួយចំនួន​យល់ច្រឡំ​ថា នាង​ជាប់កិច្ចសន្យា​ជាមួយ​ទូរទស្សន៍ ប៉ុន្តែ​ថ្មីៗ​នេះ​នាង​ទើប​ថត​ស្ប៉ត​ពាណិជ្ជកម្ម​សំឡី​អនាម័យ​មួយ ។ តារា​សម្តែង​វ័យ ៣១ ឆ្នាំ រូបនេះ​បាន​បន្ថែមទៀតថា «​និយាយ​តាម​ត្រង់​ចុះ​សម្រាប់​ខ្ញុំ​ដូចជា​ឆ្អែតឆ្អន់​ចំពោះ​ការងារ​សម្តែង ។ ម្យ៉ាង​គិតថា​គ្រប់គ្រាន់​ហើយ​ចង់ទុក​ឱកាស​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ម្តង យ៉ាងណា​នៅតែ​ស្រឡាញ់​ហើយ​បើ​មាន​គេ​ទាក់ទង​ខ្ញុំ​នៅតែ​ទទួល​» ។ ជាមួយគ្នានេះ កែវ ពេជ្រ​ពិសី បាន​ច្រានចោល​ថា នាង​គ្មាន​គូស្នេហ៍​ជា​ឧ​ត្ត​ម​សេនីយ៍​ដូច​អ្វីដែល​គេ​និយាយ​នោះទេ តែ​មិនមែន​មានន័យថា អត់​មាន​អ្នក​ស្រឡាញ់​នោះដែរ គ្រាន់តែ​មិនទាន់មាន​បុរស​ណា​ដែលមាន​លក្ខណៈសម្បត្តិ​ដូចដែល​នាង​ចង់បាន ។

«​បើ​ខ្ញុំ​មាន​គូស្នេហ៍​មែន ខ្ញុំ​មិន​លាក់លៀម​ទេ ជីវិត​របស់ខ្ញុំ​មិនមាន​អ្វី​ជា​អាថ៌កំបាំង​នោះទេ ។ និយាយ​តាម​ត្រង់​ចុះ ខ្ញុំ​ក៏​ចង់​មាន​ក្រុមគ្រួសារ​ដូច​គេឯង​ដែរ​» ។ ទាំងនេះ​ជាការ​លើកឡើង​របស់​កែវ ពេជ្រ​ពិសី ដែលជា​ពិធី​ការិនី​នៅក្នុង​កម្មវិធី «​មរតក​វប្បធម៌​» របស់​ទូរទស្សន៍​បាយ័ន ។ ទោះបីជា​ការងារ​សិល្បៈ​រាង​ស្ងាត់​បន្តិច​មែន តែ កែវ ពេជ្រ​ពិសី ប្រាប់ថា នាង​មិនសូវមាន​ពេលទំនេរ​ប៉ុន្មាន​ឡើយ ដោយសារ​នាង​រវល់​ជាមួយ​ការងារ​សម្អាង​ការដែល​កំពុងតែ​កាក់កប​នៅក្នុង​រដូវ​នេះ ។ កែវ ពេជ្រ​ពិសី បាន​ក្លាយជា​ម្ចាស់​សម្អាងការ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​កាលពី​បើក​ដំបូង​នាង​ចំណាយ​ដើមទុន​ប្រមាណ ២០ ម៉ឺន​ដុល្លារ និង បន្ថែម​ដើមទុន​បន្តបន្ទាប់​ទៀត បើ   ​គិត​មកដល់ពេលនេះ​អស់​ដើមទុន​ច្រើន​គ្រាន់បើ ។

សម្រាប់​ទីតាំង​ដែល​នាង​ជួល​ក្នុង​មួយខែ​តម្លៃ​ពីរពាន់​ដុល្លារ ។ កែវ ពេជ្រ​ពិសី មាន​គម្រោង​កែលម្អ និង តុបតែង​ហាង​ឱ្យមាន​ភាព​ទាក់ទាញ និង ទំនើប​មិន​ចាញ់​សម្អាងការ​នៅក្រៅ​ប្រទេស​ទេ ។ នៅពេល​ឆាប់ៗ​ខាងមុខនេះ នាង​មាន​គម្រោង​បន្ថែម​ស្ទូ​ឌី​យោ​សម្រាប់​ថតរូប​បន្ថែមទៀត ។ កែវ ពេជ្រ​ពិសី ប្រាប់ថា នាង​មានបំណង​ពង្រឹង​របរ​សម្អាងការ​មួយ​នេះ​ឱ្យបាន​ល្អ និង រឹងមាំ ព្រោះ​ជា​អាជីព​ដែល​អាច​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​អនាគត ៕​សុធា​រៈ​
​ ​ ​ ​ ​
​ ​ ​ ​ ​

Related