លោក ជា ចំរើន ថា​នឹង​ដោះលែង​អ្នក​ជាប់គុក​គ្មាន​ទោស​ទាំងអស់ បើ​បក្ស​លោក​មាន​សំឡេង​ក្នុង​សភា​

​អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ជា ចំរើន បានប្រកាសថា រូបលោក នឹង​ស្វះ​ស្វែងរក​ដំណោះស្រាយ​យ៉ាងណា ដើម្បី​លើកលែងទោស​ឲ្យ​អ្នក​ជាប់ពន្ធនាគារ​ដោយ​ភាពអយុត្តិធម៌​ទាំងអស់ នៅ​ទូទាំងប្រទេស ប្រសិនបើ​គណបក្ស​កម្ពុ​ជា​សេរីភាព​របស់លោក​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា នា​អាណត្តិ​ទី​៦ នៃ​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការអះអាង​របស់លោក​ដូច្នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ជុំវិញ​ហេតុផល​នៃ​ការចាកចេញ​ពី​បក្ស​កាន់អំណាច និង​មូលហេតុ​នៃ​ការបង្កើត​គណបក្ស​ផ្ទាល់ខ្លួន ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ សាន់វ៉េ នា​ថ្ងៃទី​២៥ វិច្ឆិកា ម្សិលមិញ​។​

​បើទោះបីជា​គណបក្ស​ថ្មី​នេះ​មិនទាន់​ដំណើរ​ជា​ផ្លូវការ​ក៏ពិតមែន ប៉ុន្តែ​លោក ជា ចំរើន ដែលជា​ស្ថាបនិក​បក្ស បាន​បើក​ជំហរ​ពី​គោលនយោបាយ​ជា​ចម្បង​មួយ​របស់​គណបក្ស គឺ​ការសិក្សា​ស្រាវជ្រាវ​ពី​ប​ញ្ហ​អ្នក​ជាប់ពន្ធនាគារ​នៅ​ទូទាំងប្រទេស ដើម្បី​ឲ្យ​ដឹងថា តើ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​ជាប់ទោស​ដោយ​អយុត្តិធម៌​ពី​ប្រព័ន្ធតុលាការ​។ លោក​បញ្ជាក់​បែបនេះ​ថា​៖ «​មាន​ភាពអយុត្តិធម៌​ច្រើនណាស់ រហូតដល់​អ្នកខ្លះ​ជាប់គុក​ដោយ​ឥត​ហេតុផល​។ ដូច្នេះ​យើង​នឹង​ចាប់ផ្តើម​សិក្សា​ឡើងវិញ ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រង​នៅ​ឥទ្ធិពល​អយុត្តិធម៌​ពី​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​»​។

​លើសពីនេះទៅទៀត​នោះ លោក ជា ចំរើន ថែមទាំង​ប្តេជ្ញាចិត្ត​ថា រូបលោក​នឹង​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​ជាប់ពន្ធនាគារ​ដែល​គ្មាន​ទោសកំហុស​ទាំងអស់ ប្រសិនបើ​បក្ស​ខ្លួន​មាន​សំឡេង​ក្នុង​រដ្ឋសភា នា​អាណត្តិ​ថ្មី នៃ​ឆ្នាំ​២០១៨ ។ លោក​បាន​សង្កត់ធ្ងន់ៗ​ដូច្នេះ​ថា​៖ «​ប្រព័ន្ធតុលាការ​បច្ចុប្បន្ន​នេះ បានផ្តល់​ភាពអយុត្តិធម៌​ច្រើនណាស់​ដល់​ប្រជាពលរដ្ឋ​។ អ្នកខ្លះ​ពុំមាន​ទោស​ទេ តែ​បែរជា​ជាប់ទោស​។  ប្រសិនបើ​គណបក្ស​យើង បាន​សំឡេង​នៅក្នុង​រដ្ឋសភា ក្នុង​អាណត្តិ​២០១៨​នេះ អ្នក​ជាប់ទោស​នៅក្នុង​ពន្ធនាគារ ដែល​ទាក់ទង​នឹង​ភាពអយុត្តិធម៌ នឹងត្រូវ​បាន​លើកលែងទោស​ទាំងអស់​គ្មាន​ឲ្យ​សេសសល់​ឡើយ​»​។

​ថ្វីដ្បិតតែ គណបក្ស​កម្ពុជា​សេរីភាព ពុំទាន់​អនុម័ត​គោលនយោបាយ​ជា​ផ្លូវការ​ក៏ដោយ តែ​បក្ស​ថ្មី​នេះ បានកំណត់​នូវ​គោលនយោបាយ​ជា​អាទិភាព​មួយចំនួន​ក្នុង​បេសកកម្ម​នយោបាយ​របស់​ខ្លួន​រួចរាល់​ហើយ មានដូចជា ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ​ពី លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​, ការកែប្រែ​ប្រព័ន្ធតុលាការ​, ការបង្កើន​ការងារ​, ការពង្រឹង​វិស័យ​កសិកម្ម និង​ការដោះស្រាយ​បញ្ហា​ប្រាក់ខែ​កម្មករ​។ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ លោក ជា ចំរើន នឹងដាក់​ពាក់​សុំ​បង្កើត​គណបក្ស​ទៅកាន់​ក្រសួងមហាផ្ទៃ​។ 

​សូមបញ្ជាក់ថា លោក ជា ចំរើន បាន​ក្លាយជា​សមាជិក​នៃ​បក្ស​ប្រជាជន​កម្ពុជា​តាំង​ឆ្នាំ ១៩៩៣ មកម្ល៉េះ ហើយ​លោក ក៏​ធ្លាប់​ជាប់ឆ្នោត​ជា​តំ​ណា​រាស្ត្រ​ផងដែរ កាលពី​អាណត្តិ​ទី​៤ ។ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ រូបលោក បានដាក់​លិខិត សូម​លាលែង​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នៅ​ថ្ងៃទី​២០ វិច្ឆិកា គណបក្ស​ក៏​សម្រេច​ឲ្យ​លាឈប់​ពី​បក្ស តាម​សំណើរ​របស់លោក​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​