ពិធី​បិទ​ការ​ប្រកួត​ប្រណាំងទូក​.​ង​នៅ​ដងស្ទឹង​ខេត្តសៀមរាប

ខេត្តសៀមរាប ​៖ ​ឆ្លង​តាម​ការ​ប្រកួត​ប្រណាំងទូកនៅ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាបក្នុង​រយៈពេល​០២​ថ្ងៃ​មកនេះ ក្រោម​​​អធិបតីភាព​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និងលោក ឈឹ​ម ម៉ា  អ្នកតំណាង​រាស្ត្រមណ្ឌល​សៀមរាប ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ លោក​ឧកញ៉ា លោក​ជំទាវ ជា​សមាជិក​រដ្ឋសភា គណៈអភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរ​ក្រុង ស្រុក អង្គការ​សង្គម​ស៊ី​វិល ភ្ញៀវ​ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ​ចូលរួម យ៉ាងច្រើន​កុះករ ហើយ​ត្រូវ​បាន​បិទ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ​​២០១៥​នេះ ។

តាម​ការ​ប្រកួត​ប្រ​ណាំង​រយៈពេល​០២​ថ្ងៃនេះ លោក សោម សារ៉ូ អនុប្រធាន​គណៈកម្មការ​បច្ចេកទេសបាន​ធ្វើការ​បូក​សរុប​អំពី​លទ្ធផល​នៃ​ការ​ប្រណាំងទូក​ទៅ​តាម​ជុំ​នីមួយ​ៗ និងបាន​ធ្វើការ​ប្រកាស​ចំណាត់ថ្នាក់​ដល់ ទូក​ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ឆ្នាំ​២០១៥ ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​១ ផ្នែក​បុរស បាន​ទៅ​ទូក​.​ង​​ឈ្មោះ ហនុមាន  របស់​សាលាខេត្ត​សៀមរាប បាន​ទទួលពានរង្វាន់​១ និង​ថវិកា​ចំនួន៤​លាន​រៀល ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​ទូក​.​ង​​ឈ្មោះ នាគរាជ​សែន​ជ័យ​ ទឺ​ក​ដី​អង្គរ​ របស់​មន្ទីរកសិកម្ម​ខេត្ត បាន​ទទួល​ទង់ជ័យ​១​ និង​ថវិកា​ចំនួន៣​លាន​រៀល ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ទូក​.​ង​​ឈ្មោះ ព្រឹក្សា​អភិវឌ្ឍន៍​មាន​រិ​ទ្ធ របស់​រដ្ឋបាល​ព្រៃឈើ និងមន្ទីរ​អភិវឌ្ឍន៍ជនបទ បាន​ទទួល​ទង់ជ័យ​ និង​ថវិកា​ចំនួន២​លាន​រៀល​។

ចំណាត់ថ្នាក់​លេខ​១ ផ្នែក​នារី បាន​ទៅ​ទូក​.​ង​ឈ្មោះ អង្គរជុំ​សែន​ជ័យ របស់​ស្រុក​អង្គរជុំ បាន​ទទួលពានរង្វាន់​១ និង​ថវិកា​ចំនួន៤​លាន​រៀល ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​ទូក​លើ​.​ង ឈ្មោះ នាគរាជ​ជ្រែក​ជលសារ របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ទទួល​ទង់ជ័យ​១ និងថវិកា​ចំនួន៣​លាន​រៀល ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ទូក​.​ង ​ឈ្មោះ​ហង្ស​ច័ន្ទ​មាន​រិ​ទ្ធិ​បារមី​មហានគរ របស់​សាខា​ពន្ធដា​ខេត្ត បាន​ទទួល​ទង់ជ័យ និង​ថវិកា​ចំនួន២​លាន​រៀល​។

មាន​ប្រសាសន៍​បិទ​ការ​ប្រកួត​ប្រណាំងទូក​ឆ្នាំ​២០១៥​នេះ លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​​​បញ្ជាក់​ថា ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​អុំទូក​នេះជា​ការ​រំលឹក និងគោរព​ដល់​វីរភាព​នៃ​បុព្វបុរស​នៃ​ទាហានជើងទឹកពី​ជំនាន់ដើមក្នុង​ការ​ធ្វើសឹក​សង្គ្រាម​តាម​ផ្លូវទឹក ហើយ​ក៏​ជា​មធ្យោបាយ​មួយដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា និងស្វែង​យល់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើសង្គ្រាម​តាម​ផ្លូវទឹកដែល​បុព្វបុរស​ខ្មែរ បាន​ចារឹក​ទុក នៅ​តាម​ជញ្ជាំង​ប្រាង្គ​ប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មា​ផង​ដែរ ។

លោក​ក៏​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់បងប្អូន​ក្រុម​កីឡាករ កីឡា​ការិ​នី និង​ថ្នាក់ដឹកនាំ​កីឡា​ប្រណាំងទូក ដែល​បាន​យកចិត្តទុកដាក់អស់ពី​កម្លាំងកាយ​ចិត្ត ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​ប្រព្រឹត្ត​ទៅ​បាន​ជោគជ័យ ៕