ចង់ស្រាយគំនុំ លួចគប់ដបសាំងដុតភ្លើងចូលផ្ទះ ត្រូវជាប់ខ្នោះ

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ទំនើង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​សាំង​១​ដប​ដុត​ភ្លើង រួច​គប់​ដុត​ផ្ទះ​ប្រជា​ពល
រដ្ឋ​ទាំង​កណ្តាល​យប់ កាលពី​ម៉ោង​០២ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។

លោក​ម៉ា យន្ត នាយ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ស៊ីវ សា​រិ​ន្ទ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ត មុត​ម៉ា​រ៉ា​វី មុខរបរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​ក្មេង​ទំនើង ដែល​សមត្ថកិច្ច​តាមដាន មាន​ទី​លំ​ក្នុងភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ជនសង្ស័យ​រូប​នេះ សមត្ថកិច្ច​ធ្លាប់​ចាប់ខ្លួន​៣​ដង​ហើយ ពី​បទ​១-​វាយ​រថយន្ត​សាំ​យ៉ុ​ង​គេ​ខូចខាត និង​២​ដង​ទៀត​កាប់​គេ​ឱ្យ​រង​របួស  ដោយឡែក​ជាមួយ​ម្ចាស់ផ្ទះ​ជា​ជន​រង​គ្រោះ គឺ​គេ​ធ្លាប់​មាន​ទំនាស់​ចំនួន​២​ដង ។

លោក​បន្ត​ថា តាម​បណ្តឹង​ជន​រង​គ្រោះ កាលពី​វេលា​ម៉ោង​០២ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥ គាត់​កំពុង​ដេក​ជាប់មាត់​ទ្វារ​ផ្ទះ​ខាង​មុខ​បានឮ​សំឡេង​ដូច​ជា​គរ​ជះ​ទឹក​ប្រាវ​មក​លើ​ផ្ទះ ហើយ​ក៏​មាន​ភ្លើង​ឆេះ​ទ្វារផ្ទះ​សន្ធោសន្ធៅ​ឡើង​។ នៅ​ពេល​នោះ គាត់​ក៏​បាន​ស្រែក​ឆោឡោ​ឡើង ផ្អើល​អ្នក​ជិតខាង​ចេញ​មក​ជួយ​ពន្លត់ភ្លើង​កំពុង​ឆេះ​ទ្វារផ្ទះ​រហូត​ដល់​រលត់​ទាំងស្រុង  ។ ក្នុង​ពេល​នោះ​ដែរ​ម្ចាស់ផ្ទះ​បានឃើញ​ឈ្មោះ​វី ដែល​បាន​ឈរ​មើល​ពួក​គាត់​ពន្លត់ភ្លើង​ឆេះ​ផ្ទះ រួច​គេ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ចេញពី​កន្លែង​កើតហេតុ​។

ភ្លាម​ៗ​នេះ​ដែរ ម្ចាស់ផ្ទះ​បាន​ឡើង​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​នៅ​កំពង់​ផែ​ផ្សារ​ក្រោម  ហើយ​បាន​សួរនាំ​តែ​ជនសង្ស័យ​បាន​ប្រកែក តែ​ម្ចាស់​ផ្ទះ​បាន​ចាប់ដៃ​អាវ​គេ​មក​ហិត គឺ​បាន​ធុំក្លិន​សាំង  ទើបបាន​កំណត់​ថា គេ​ពិតជា​អ្នក​គប់​សាំង​ដុត​ផ្ទះ​គាត់  ហើយ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង​ឱ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ខាងលើ​បាន​ប្រកែក​មិន​សារភាព តែ​សមត្ថកិច្ច​បាន​ផ្អែក​តាម​សាក្សី ជា​អ្នកលក់​សាំង និង​សាក្សី ជា​មិត្ត​ភ​ក្រ័​ជនសង្ស័យ ជា​អ្នក​ទៅ​ទិញ​សាំង ដែល​អាច​ដាក់បន្ទុក លើ​ជនសង្ស័យ​បាន ទើប​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​និ​តិ​វិធី​ច្បាប់ ៕