កំពុង​ដេក​លក់​ភ្លើង​ឆេះ​ផ្ទះ​ទាំង​យប់​សង្ស័យ​មាន​​គេ​លួច​ដុត

ខេត្តពោធិ៍សាត់​ ៖ ​ផ្ទះ​តៀម​ជាប់​នឹង​ដី​មួយ​ខ្នង​ ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី​ ដែល​មាន​ទទឹង​១២ម៉ែត្រ​ បណ្ដោយ​​៥​ម៉ែត្រ ​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​ក្លាយជា​ផេះ​ផង់​ដោយ​មិនដឹង​មូលហេតុ​ សង្ស័យ​មាន​គេ​លួច​ដុត​ ​កាលពី​វេលា​ម៉ោង​​ជិត​១​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៦​ វិច្ឆិកា​ ២០១៥ ​នៅ​ភូមិ​ព្រៃ​ខ្លុង​ ឃុំរ​កាត ​ស្រុក​ភ្នំក្រវាញ​ ​។​

​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ​ឈ្មោះ ​ញ៉ែ​ម ណា​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ពាល​ញែក​១ ​សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់ ប៉ុន្តែ​គាត់​ឲ្យ​ប្អូន​រស់នៅ​មើលថែ​រក្សា​ ហើយ​ប្អូន​របស់​គាត់​​ក៏​​បាន​ជួល​បន្ត​ឲ្យ​គេ​ទៀត​ ។ ​នៅ​យប់​ថ្ងៃ​កើតហេតុ​ អ្នក​ជួល​ដេក​នៅ​ក្នុងផ្ទះ​នោះ​ដែរ​ ។​ អ្នក​ដេក​មិនដឹង​ថា​មាន​​ភ្លើង​ឆេះ​ និង​ពី​ពេល​ណា​នោះ​ទេ​ ខ​ណៈ​​កំពុង​ដេក​លក់​​នោះមានកំ​ដៅ​ក្ដៅ​ឡើង​ៗ​បណ្ដាល​ឲ្យ​ភ្ញាក់ ​ ស្រាប់តែ​បើកភ្នែក​ឡើង​ឃើញ​អណ្ដាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ជិត​ពាក់កណ្ដាល​ផ្ទះ​​​ទៅ​ហើយ​ភ័យ​ស្លន់​ស្លោ​ស្រឡាំងកាំង​មិនដឹង​យក​អី​ទុក​អី​នោះ​ទេ ​​យកបាន​​​តែ​ម៉ូតូ​មួយ​គ្រឿង​​​​​​ ​រីឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​និង​សម្ភា​រ​ដែល​មាននៅ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​បាន​ក្លាយជា​ផេះ​ផង់​ទាំងអស់​ ។

​ការ​ឆេះ​ផ្ទះ​នេះ​មិន​ទាន់​ដឹង​​មក​ពី​មូលហេតុ​ច្បាស់លាស់​ទេ ​អ្នក​ខ្លះ​សន្និដ្ឋាន​ថា​ អាច​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ​និង​ខ្លះ​ទៀត​សង្ស័យ​មាន​គេ​លួច​ដុត តែ​ទោះ​​បី​ជា​យ៉ាងណា​ក្តី​ នេះ​គ្រាន់តែ​ជា​ការ​ស្មាន​ប៉ុណ្ណោះ​ រឿង​ពិត​គឺ​ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ ។​ ចំណែក​ការ​វាយតម្លៃ​ការ​ខូចខាត​​ក៏​មិន​ទាន់​ដឹង​ថា​អស់​ប៉ុន្មាន​ដែរ ​ហើយក៍​មិន​ទាន់​ដឹង​ថា​ម្ចាស់ផ្ទះ​ប្ដឹង​ទាមទារ​សំណង​ពី​អ្នក​ជួល​នោះ​យ៉ាងណា​នោះ​ទេ​ ៕ ​