ស្ត្រី​ដៃដល់​រួចខ្លួន មក​វ័ណ្ឌក​ស្ត្រី​ម្ចាស់​ដើមការ យុត្តិធម៌​ស្មើ​ដូច​ម្រាមដៃ ព្រោះ​ជនល្មើស​មាន​ប្តី​ធ្វើ​ប៉ូលិស

ស្ត្រី​ដៃដល់​រួចខ្លួន មក​វ័ណ្ឌក​ស្ត្រី​ម្ចាស់​ដើមការ យុត្តិធម៌​ស្មើ​ដូច​ម្រាមដៃ ព្រោះ​ជនល្មើស​មាន​ប្តី​ធ្វើ​ប៉ូលិស

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​រង​គ្រោះ​ម្នាក់​ជា​ម្តាយកូន​ក្រមុំ និង​ជា​ម្ចាស់​ដើមការ ដែល​រង​នូវ​ការ​វាយដំ​ពី​សំណាក់​ប្រពន្ធ​ប៉ូលិស​ខេត្ត​ម្នាក់ ក្នុង​ថ្ងៃ​រៀប​មង្គលការ​កូនស្រី​កំពុង​ដង្ហោយ​រក​យុត្តិធម៌ បន្ទាប់​ពី​ស្ត្រី​ដៃដល់​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ។ ការ​ដោះ​លែង​ស្ត្រី​រូប​នោះ បាន​ធ្វើ​ទ្បើ​ង​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ។ នេះ​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​នគរបាល​ស្រុក​មួយ​រូប ។

សាច់ញាតិ​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា រឿងរ៉ាវ​ទំនាស់​នោះ​គឺ​ផ្តើម​ចេញពី​រឿង​លុយ​ជំពាក់​១០​ម៉ឺន​រៀល មិន​គួរ​ណា​ស្ត្រី​ដៃដល់​ដែល​អាង​ប្តី​ជា​មន្ត្រី​នគរបាល​ខេត្ត យក​ដុំ​ថ្ម​បន្លំ​ដាក់​ក្នុង​ថង់​ខ្មៅ​ទៅ​វាយ​ស្ត្រី​រង​គ្រោះ បណ្តាល​ឱ្យ​បែក​ចិញ្ចើម​និង​ផ្អើល​ឆោ​ទ្បោ​ពេញ​រោងការ​នោះ​ទ្បើ​យ ។ អំពើ​ហិង្សា​នេះ បាន​ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​ខាតបង់​នូវ​ទ្រព្យធន​អស់​ជា​ច្រើន ព្រោះតែ​មិន​មាន​ភ្ញៀវ​មក​ចូលរួម​ហូប​ការកូន​ស្រី​គាត់ ។ ទំហំ​នៃ​ការ​ខាតបង់​មាន​ចំនួន​៤៥០០​ដុល្លារ ដែល​លុយ​នេះ​គឺ​គាត់​ជា​ជន​រង​គ្រោះ​បាន​ចងការ​ពី​ធនាគារ​ទាំងស្រុង ។

តាម​ការ​បង្ហើប​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​ធម្មតា​អរ​មួយ​រូប​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា មាន​មន្ត្រី​នគរបាល​ខេត្ត​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ បាន​បញ្ជា​មក​ប៉ុស្តិ៍​ឱ្យ​ជួយ​កែ​របាយការណ៍​ពី​វាយ​ដោយ​ដុំ​ថ្ម ទៅ​ជា​វាយ​ដោយ​ទូរស័ព្ទ​វិញ ។ ការ​ដែល​មាន​បញ្ជា​បែប​នេះ​ធ្វើ​ឱ្យ​មន្ត្រី​ប៉ុស្តិ៍ ដែល​ជា​ម្ចាស់​ករណី​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង ។

ក្រុម​គ្រួសារ​សាច់ញាតិ​ក៏​ដូច​ជា​ស្ត្រី​រង​គ្រោះ ដែល​ស្ទើរតែ​អស់ជំនឿ​បាន​សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​មន្ត្រី​នគរបាល​ជាន់ខ្ពស់ សូម​មេត្តា​ជួយ​ពិនិត្យ​រឿង​នេះ​ផង ព្រោះ​បើ​សង្ឃឹមលើ​នគរបាល​ខេត្ត​គឺ​ឈរ​ខាង​ភាគី​បង្ក​អស់​ទៅ​ហើយ ។ ដូច្នេះ​មាន​តែ​ថ្នាក់លើ​ទេ ទើប​អាច​ឱ្យ​គាត់​សង្ឃឹម​បាន ព្រោះថា ស្ត្រី​បង្ក​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ជា​ប្រពន្ធ​ប៉ូលិស បន្ទាប់​ពី​ខាង​ប៉ុស្តិ៍​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្រុក ហើយ​ក៏​ត្រូវ​បាន​ដោះ​លែង​នៅ​ខេត្ត​តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​កោះសន្តិភាព​ដឹង​ទៀត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ វិច្ឆិកា ស្ត្រី​ដៃដល់​បាន​ទៅ​ជេរ​បញ្ចោរ​គាត់​ថែម​ទាំង​ដៀមដាម​ដាក់​គាត់​ថា គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​គេ​បាន​ទេ ព្រោះ​ប្តី​គេ​ជា​មន្ត្រី​នគរបាល​ស្រាប់ ហើយ​បើ​ប្តឹង​ចង់បាន​លុយ​កុំ​សង្ឃឹម​ឱ្យ​សោះ ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​ក្នុងភូមិ​ម្កាក់ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង មាន​ករណី​ចូល​ទៅ​វាយ​ម្តាយកូន​ក្រមុំ​ក្នុង​ថ្ងៃ​រៀប​ការកូន​បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ដួល​សន្លប់ ។ ស្ត្រី​រង​គ្រោះជា​ម្តាយកូន​ក្រមុំ​មានឈ្មោះ ប៉ិច អូន អាយុ​៤៩​ឆ្នាំ ចំណែក​ស្ត្រី​ដៃដល់​ឈ្មោះ ជី សុខ​ហាក់ អាយុ​៤១​ឆ្នាំ និង​ប្តី​ឈ្មោះ ផូ ណ​ន អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​នគរបាល​នៅ​ការិយាល័យ​វិ​ក្រឹ​ត​ការ​ខេត្ត មាន​ទីលំនៅ​ត្រពាំង​លាភ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ។

ប្រភព​បន្ត​ថា រឿងហេតុ​គឺ​ផ្តើម​ចេញពី​អ្នក​រង​គ្រោះ​ជំពាក់​លុយ​ស្ត្រី​ដៃដល់​១០​ម៉ឺន​រៀល ។ ជន​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ រូប​គាត់​កំពុង​រៀបចំ​ពិធី​ការកូន ស្រាប់តែ​ពិធី​កំពុង​ចាប់ផ្តើម​ក៏​ឃើញ​មន្ត្រី​ប៉ូលិស​ខាងលើ​ឌុ​ប​ប្រពន្ធ​មក​ដល់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​នោះ​បាន​ដើរមក​រក​ខ្លួន​និង​បាន​យក​ដុំ​ថ្ម​ច្រក​ក្នុង​ថង់​ខ្មៅ​វាយ​លើ​រូប​គាត់ បណ្តាល​ឱ្យ​បែក​ចិញ្ចើម​ឆ្វេង​ងងឹតមុខ​ដួល​ទៅ​លើ​ដី បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​មក​ចូលរួម​ក្នុង​ពិធី​មង្គលការ ។ រឿងរ៉ាវ​នេះ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕