ដើម​ត្នោត​រាប់រយ​ដើម​ត្រូវ​បាន​គាស់​លក់​ឱ្យ​ឈ្មួញ​វៀតណាម

ដើម​ត្នោត​រាប់រយ​ដើម​ត្រូវ​បាន​គាស់​លក់​ឱ្យ​ឈ្មួញ​វៀតណាម

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​កំពុង​នាំ​គ្នា​ដើរ​ប្រមូល​ទិញ​ដើម​ត្នោត​រាប់រយ​ដើម​រួច​ហើយ ដោយ​គាស់​យក​ទាំង​ឫស​លក់​ឱ្យ​យួន ដឹក​ទៅ​ស្រុក​យួន​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ ពុំ​ទាន់​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណាមួយ​អើពើ​ទ្បើ​យ​ពី​បញ្ហា​នេះ ។

មហាជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា បើ​សមត្ថកិច្ច​បើកដៃ​ឱ្យ​យួន ចូល​មក​គាស់​ដើម​ត្នោត​យក​ទៅ​ប្រទេស​យួន​បែប​នេះ មិនយូរ​ទេ​ពិតជា​អស់​ដើម​ត្នោត​ដែល​ជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិខ្មែរ​មិន​ខាន ។ បញ្ហា​ដើម​ត្នោត​នេះ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ហាម​មិន​ឱ្យ​កាប់​បំផ្លាញ​ទេ ហើយ​ត្រូវ​រួម​គ្នា​អភិរក្ស​រក្សា​ទុកជា​អត្តសញ្ញាណ​ជាតិ ។ ករណី​យួន​មក​ទិញ​ឱ្យ​គាស់​ដើម​ត្នោត​លក់​ឱ្យ​ខ្លួន​នោះ កើត​ទ្បើ​ង​ជាង​មួយ​ខែ​ហើយ​នៅ​ទួល​យាយ​ជរ ស្ថិត​នៅ​ភូមិ​បែក​ចាន ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ភូមិ​បែក​ចាន​បានឱ្យ​ដឹង​ថា ការ​គាស់​ដើម​ត្នោត​នៅ​ទួល​យាយ​ជរ​ភូមិ​បែក​ចាន​នេះ គឺ​ចាប់​តាំង​ពិ​ថ្ងៃ​ទី​១៨ វិច្ឆិកា រហូត​មក​ដល់​ថ្ងៃ​ទី​២៤ វិច្ឆិកា គាស់​បាន​ជាង​២០​ដើម ហើយ​បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ។

ប្រភព​ដដែល​បន្ត​ទៀត​ថា យួន​មក​ទិញ​ដើម​ត្នោត​នេះ​តាម​រយៈ​ឈ្មោះ វន នៅ​ភូមិ​អង្គ​ប្រ​ស្រែ មក​ទិញ​ពី​ពលរដ្ឋ​ឈ្មោះ ប្រឹង កាន ភេទ​ស្រី អាយុ​៥០​ឆ្នាំ នៅ​ភូមិ​បែក​ចាន ឃុំ​អង្គ​ប្រ​ស្រែ ហើយ​ដើម​ត្នោត​នេះ​ជា​របស់​ម្តាយ​គាត់​ឈ្មោះ​យាយ​កូយ អាយុ​៧៧​ឆ្នាំ ។

សមត្ថកិច្ច​ម្នាក់​បង្ហើប​ឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​វរ​ការពារ​ព្រំដែន​ច្រករបៀង ថ្នា​ធ្នង់​ជា​អ្នក​ឱ្យ​ជនជាតិ​វៀត​ណាម​យក​អេ​ស្កា​វ៉ា​ទ័​រ​ពី​ប្រទេស​វៀតណាម​ចូល​មក​គាស់​ដើម​ត្នោត​យក​ទៅ​ប្រទេស​វៀតណាម ដោយ​គាស់​ទាំង​ឫស​រុំ​ស្អាតបាត ដើម្បី​យក​ទៅ​ដាំ ។ មាន​ដើម​ត្នោត​រាប់រយ​ដើម​ហើយ ត្រូវ​បាន​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក​ពេញ ជា អភិបាលស្រុក​រមាស​ហែក បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​វៀតណាម​ចូល​មក​ទិញ​ដើម​ត្នោត​នៅ​ស្រុក​រមាស​ហែក​មែន​កាលពី​មួយ​ខែ​មុន លោក​ក៏​បានឱ្យ​មន្ត្រី​នគរ​បាល​ចុះ​ហាមឃាត់​ហើយ​ដែរ តែ​ចំពោះ​វៀតណាម​ចូល​មក​គាស់​ដើម​ត្នោត​នៅ​ភូមិ​បែក​ចាន​នោះ លោក​មិន​បាន​ដឹង​ទេ​ចាំ​លោក​ឱ្យ​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល ។ រីឯ​លោក​អធិការ​នគរបាល​ស្រុក​រមាស​ហែក​បានឱ្យ​ដឹង​ថា លោក​នឹង​ចាត់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ ចុះ​ទៅ​បង្ក្រាប​និង​ចាប់​អេ​ស្កា​វ៉ា​ទ័​រ ដែល​គាស់​ដើម​ត្នោត​នោះ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រករបៀង​ថ្នា​ធ្នង់​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ។ ចំណែក​អ្នក​ប្រមូល​ទិញ​ដើម​ត្នោត​លក់​ឱ្យ​យួន​វិញ​និយាយ​ថា ពួក​គេ​បាន​បង់ប្រាក់​ឱ្យ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​នគរបាល​ទាហាន​វរ​ការពារ​ព្រំដែន​អស់ហើយ ទើប​ពួក​គេ​អាច​យក​អេ​ស្កា​វ៉ា​ទ័​រ និង​រថយន្ត​មក​ដឹក​ដើម​ត្នោត​ទៅ​បាន ពីព្រោះ​គេ​ទិញ​ពី​ម្ចាស់​ដើម​ត្នោត​អស់ហើយ ។ បើ​ពួក​គេ​មិន​បង់លុយ​ឱ្យ​សមត្ថកិច្ច​ស្មានថា ដឹក​ចេញ​បាន​ឬ ? ដូច្នេះ​សូម​រង់ចាំ​មើល​ចំណាត់ការ​អាជ្ញាធរ និង​សមត្ថកិច្ច​មាន​វិធានការ​បែប​ណា ចំពោះ​ករណី​នេះ ៕