​ករណី​រំលោភ​ផ្លូវភេទ​លើ​ស្ត្រី​ និង​ កុមារ នៅតែ​កើនឡើង​

Sanofi

​បច្ចុប្បន្ននេះ​ករណី​រំលោភបំពាន​ផ្លូវភេទ​នៅតែ​ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​តែងតែ​គំរាមកំហែង​ទៅលើ​សុវត្ថិភាព​របស់​កុមារ និង ស្ត្រី នៅ​កម្ពុជា ។ ទោះបីជា​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល និង មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន កំពុង​តែមាន​ការយក​ចិត្ត​ទុកដាក់ ក្នុងការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រុ​ឹ​ង​យ៉ាង​ក្តី ក៏​គេ​នៅតែ​សង្កេតឃើញថា អំពើ​នៃ​ការចាប់រំលោភ​លើ​កុមារ និង ស្ត្រីភេទ ហាក់ដូចជា​មិនមាន​ការ​ថមថយ​ឡើយ ។​ ក្នុងចំណោម​អំពើ​ចាប់រំលោភ​លើ​ស្ត្រី និង កុមារ នាពេល​កន្លងមក​មាន​ករណីខ្លះ​ចាប់រំលោភ​ហើយ​សម្លាប់​ជនរងគ្រោះ​ចោល ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ទង្វើ​ដ៏​ឃោ​ឃៅ​និង​ព្រៃផ្សៃ​បំផុត ។

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​ប្រចាំ​អង្គការ​លីកាដូ (LICADHO) បាន​លើកឡើងថា ជាការ​ពិតណាស់ នាពេល​បច្ចុប្បន្ននេះ មាន​ករណី​រំលោភបំពាន​ផ្លូវភេទ​ទៅលើ​កុមារ និង ស្ត្រី នៅក្នុង​ប្រទេស​កម្ពុជា​នៅតែមាន​ការកើនឡើង​ជា​លំដាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នេះ​បើ​យោងតាម​ឯកសារ និង ទិន្ន័យ​មួយ​ដែល​លោក​ទើបតែ​បានទទួល​ពី ១៥ ខេត្ត ក្រុង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅក្នុង​ករណី​រំលោភ​ផ្លូវភេទ​ទាំង​ប៉ុន្មាន​ករណី​ក្នុង​រយៈពេល ៩ ខែ​ឆ្នាំ ២០១៥ នេះ ក៏មាន​ករណី​រំលោភ​សម្លាប់​ចំនួន ៨​ករណី​ទៀតផង​ដែរ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៤ គឺមាន​ត្រឹមតែ ៦ ករណី​ប៉ុ​ណ្ណុះ ភាគច្រើន​ករណីនេះ​តែងតែ​កើតមានឡើង​ទៅលើ​កុមារ ។​

​ពាក់ព័ន្ធ​ទៅនឹង​មូលហេតុ ដែល​បង្កឱ្យមាន​ករណី​រំលោភ​ផ្លូវភេទ​នេះ លោក អំ សំអាត មានប្រសាសន៍​បន្តទៀត​ថា « មាន​កត្តា​ជាច្រើន​ដែល​បណ្តាលឱ្យមាន​ការកើនឡើង​នូវ​ទង្វើ​ដែល​គួរឱ្យ​ស្អប់ខ្ពើម​នេះ ក្នុងនោះ​រួមមាន ទីមួយ ការនាំ​ចូល ឬ ចែកចាយ​នូវ​វី​ឌី​អូ និង រូបភាព​អាសអាភាស​ផ្សេងៗ​នៅក្នុង​សង្គម​កម្ពុជា ។ ទី​ពីរ ការសេព​គ្រឿងញៀន និង គ្រឿង​ស្រវឹង ។ ទី​បី ការ​ធ្វេស​ប្រ​ហេស​របស់​ឪពុកម្តាយ​ជនរងគ្រោះ ។

ទី​បួន កង្វះ​នៃ​ការអប់រំ ដែល​ទាក់ទង​ទៅនឹង​ករណីនេះ ។ ទី​ប្រាំ ការធ្វើ​ចំណាកស្រុក របស់​ជនរងគ្រោះ​ដើម្បី​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស និង ទី​ប្រាំមួយ មានការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការ​រវាង​ជនរងគ្រោះ និង ជនល្មើស ។ ទាំងអស់នេះ​ជា​បញ្ហា​ចោទ​ដ៏​ចម្បង​ក្នុងការ​បង្កឱ្យមាន​ការ​កើនឡើង​នៃ​ទង្វើ​ដែល​មិនគួរ​គប្បី​នៅក្នុង​សង្គម​យើង​នាពេល​បច្ចុប្បន្ននេះ ។​

ទន្ទឹមនឹងនេះ លោក អំ សំអាត ក៏បាន​បន្ថែមទៀតថា ថ្វីដ្បិតតែ​ករណី​រំលោភ​ផ្លូវភេទ​ចំពោះ​ស្ត្រី និង កុមារ​ក្នុងប្រទេស​យើង នៅតែ​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​យ៉ាងណាក្តី ប៉ុន្តែ​យើង​ក៏​អាចមាន​វិធានការ​មួយចំនួន​ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ករណី​ខាងលើនេះ បាន​មួយចំនែក​ផងដែរ ។ ដោយ​ក្នុងនោះ​លោក​បាន​បង្ហាញថា ចំពោះ​ការទប់ស្កាត់​រាល់​ទង្វើ​ទាំងអស់នេះ គឺ​អាស្រ័យទៅលើ​ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់ ។

ដោយ​ធ្វើយ៉ាងណា​ត្រូវតែ​យល់ដឹង​ឱ្យបាន​ច្បាស់​ទៅលើ​ការលំបាក​មួយចំនួន ដែល​ទាក់ទង​ទៅនឹង​ការរំលោភ​ផ្លូវភេទ​លើ​កុមារ និង​ស្ត្រី ។ មន្ត្រី​សហគមន៍​គួរតែ​បង្កើន​ការអប់រំ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ក្នុងការ​ធ្វើយ៉ាងណា​ដើម្បី​ជៀសផុត​ពី​ការរំលោភ​ផ្សេងៗ​ទាំង​រាងកាយ ក៏ដូចជា​ការប្រើ​អំពើហិង្សា​ជាដើម ។

ម្យ៉ាងវិញទៀត ចំពោះ​ជនរងគ្រោះ​ផ្ទាល់​ត្រូវតែ​បង្កើន​នូវ​ភាពក្លាហាន និង មិនត្រូវ​ខ្មាស់អៀន​ក្នុងការ​ប្តឹង​សមត្ថកិច្ច​រាល់​បញ្ហា​ទាំងឡាយណា ដែល​កើតមានឡើង​ទាក់ទង​ទៅនឹង​ការរំលោភបំពាន​ផ្លូវភេទ នោះទេ ។ ក្រៅពី​ការកើនឡើង​នៃ​ករណី​រំលោភបំពាន​ផ្លូវភេទ​លើ​ស្ត្រី និង កុមារ ក៏មាន​ការកើនឡើង​នៃ​ការរំលោភបំពាន​ផ្សេងៗ ដូចជា​ការប្រើ​អំពើហិង្សារ និង ការជិះជាន់​កម្លាំង​ពលកម្ម​កុមារ​ជាដើម ។

​បើ​យោងតាម​តួលេខ ដែល​ទទួលបាន​ពី​អង្គការ​លីកាដូ បាន​ឲ្យ​ដឹងថា ក្នុង​រយះពេល ៩ ខែ ក្នុង​ឆ្នាំ ២០១៥ នេះ ករណី​រំលោភ​ផ្លូវភេទ​លើ កុមារ និង ស្ត្រី មានការ​កើនឡើង​ច្រើន​គួរឱ្យកត់សម្គាល់ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៤ មាន​ករណី​រំលោភ​ផ្លូវភេទ​លើ​ស្ត្រី និង កុមារ មាន​ចំនួន​សរុប ១៣៧ ករណី ។

ដោយឡែក​ករណី​រំលោភ​ផ្លូវភេទ​លើ​ស្ត្រី និង កុមារ ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០១៥ នេះ​វិញ​គឺមាន​ការកើនឡើង​រហូត​ដល់ ១៥១ ករណី ។​ហើយ​ករណី​រំលោភបំពាន​ផ្លូវភេទ​ទៅលើ​ស្ត្រី ក្នុង​រយៈពេល ៩ ខែ កាលពី​ឆ្នាំ ២០១៤ មាន​ចំនួន ៥១ ករណី និង​រយៈពេល ៩ ខែ ក្នុង​ឆ្នាំ ២០១៥ មាន​ករណី​រំលោភបំពាន​ទៅលើ​ស្ត្រី​ចំនួន​៥៧ ករណី ។​ប៉ោ កុសល



Related