តារាល្បីៗរបស់កម្ពុជា នឹងសម្ដែងនៅខេត្តកំពង់ចាម ស្របពេលដែលការរាប់ថយក្រោយ ចាប់ផ្ដើមសម្រាប់ការប្រគំតន្ត្រី JESSIE J នៅភ្នំពេញ

ភ្នំពេញ៖ តារាល្បីៗរបស់កម្ពុជាមួយចំនួន នឹងសម្ដែងនៅខេត្តកំពង់ចាម នៅចុងសប្ដាហ៍នេះ ខណៈដែលការរាប់ថយក្រោយ បានចាប់ផ្ដើមហើយសម្រាប់ការប្រគំតន្រ្តីរបស់តារាល្បី គឺ កញ្ញា Jessie J. ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ខែធ្នូ នៅកោះពេជ្រ រាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះ គឺជាផ្នែកមួយនៃកម្មវិធីប្រកួតរត់ប្រណាំង Smart Mega Concert- I am the Fastest ដែលត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ ភិអិនអិន វេលាម៉ោង៦លា្ងច រៀងរាល់ថ្ងៃសៅរ៍។ នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា នេះ តារាចម្រៀងល្បីៗ ដែលចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ Smart Mega Concert- I am the Fastest ក្នុងខេត្តកំពង់ចាមដែលមានដូចជា កញ្ញា ឡូរ៉ា ម៉ម កញ្ញា មាស សុខសោភា លោក ខាន់ ជែម និងលោកឆាយ វីរៈយុទ្ធ។

នេះជាព្រឹត្តិការណ៍ប្រគំតន្រ្តីមួយ ក្នុងចំណោមព្រឹត្តិការណ៍ប្រគំតន្រ្តីចំនួន ២៣ លើកដែលក្រុមហ៊ុនបានរៀបចំធ្វើឡើង និងបន្តប្រព្រឹត្តទៅទូទាំងប្រទេសនៅរៀងរាល់ថ្ងៃសៅរ៍។ វគ្គផ្តាច់ព្រាត់នៃព្រឹត្តិការណ៍ Smart Mega Concert- I am the Fastest ដែលជាព្រឹត្តិការណ៍ស្វែងរកបុរសនិងនារីដែលរត់លឿនបំផុតនៅកម្ពុជា នឹងធ្វើឡើងនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១១ខែវិច្ឆិកា ហើយ នឹងមានការចូលរួមសម្តែងដោយតារាចម្រៀងអន្តរជាតិ គឺ អ្នកនាង Jessie J. នៅថ្ងៃទី១២ ខែធ្នូ នៅឯមជ្ឈមណ្ឌលកោះពេជ្រក្នុងរាជធានីភ្នំពេញ។ កញ្ញា ឡូរ៉ា ម៉ម ត្រូវបានរំពឹងថានឹងចូលរួមសម្តែងបើកឆាក នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី Jessie J. នាថ្ងៃ១២ ធ្នូនេះ។

ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart លោក Yap Kokleong បានមានប្រសាសន៍ថា “យើងកំពុងតែទន្ទឹងរង់ចាំមើលការប្រកួតវគ្គផ្តាច់ព្រាត់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១០១៥ នេះ ដើម្បីស្វែងរកបុរស និងនារីដែលរត់បានលឿនបំផុត នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះយើង មានព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំ គឺSmart Mega Concert-I am the fastest ដែលកំពុងតែប្រព្រឹត្តទៅទូទាំងប្រទេស ដោយមានការចូលរួមពីទស្សនិកជនជាង ១.០០០.០០០ នាក់នៅទូទាំង ២៥ខេត្តក្រុង ។ នេះជាកិត្តិយសរបស់យើង យ៉ាងពិតប្រាកដដែលក្រុមហ៊ុនSmart បានបង្កើតនូវកម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យមួយ ដែលចូលរួមសម្តែងដោយតារាជាតិ និងអន្តរជាតិល្បីៗ ដើម្បីចែកជូនដល់ទស្សនិកជន នៅក្នុងប្រទេសកម្ពុជា។”

ព្រឹត្តិការណ៍ Smart Mega Concert- I am the fastestបានរៀបចំធ្វើឡើងនៅក្នុងខេត្តបន្ទាយមានជ័យ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ កំពត សៀមរាប ព្រះវិហារ ស្វាយរៀង ព្រះសីហនុ ព្រៃវែង និងស្ទឹងត្រែង៕