ទិដ្ឋ​ភាពនៃពិធីអកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប

ខេត្តសៀមរាប​ ៖ ​រាត្រី​ថ្ងៃ​១៥​កើត ខែកត្តិក ឆ្នាំមមែ ប​ស្ត​ស័ក ព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ​​២០១៥ នៅក្រុង​ទេសចរណ៍​សៀមរាប​អង្គរ​នា​ឆ្នាំ​នេះ អាជ្ញាធរ​ខេត្ត-ក្រុង និងមន្ទីរ​វប្បធម៌ និងវិចិត្រ​សិ​ល្បៈ​ខេត្ត ដោយ​មាន​ការ​ចូលរួម​របស់​បណ្តា​អង្គភាព ស្ថាប័ន និងបងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋានបាន​រៀបចំ​ប្រារព្ធ​ពិធី អកអំបុក សំពះ​ព្រះ​ខែ ដើម្បី​​បង្ហាញ​នៅ​ចំពោះ​មុខ​សាធារណ​ជនជាតិ អន្តរជាតិ អំពី​ភាព​សម្បូរ​បែប​ខាងវិស័យ​វប្បធម៌ អ​រិ​យ​ធម៌​របស់​ខ្មែរ ក៏ដូច​​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា កម្ពុជាកំពុង​ស្ថិត​ក្នុង​សន្តិភាព សុខដុមរមនាពេញលេញ​ទូ​ទាំង​ប្រទេស ។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សួនច្បារ​មហា​ស​ណ្ឋា​គារអង្គរ​ ខេត្តសៀមរាប ក្រោម​វត្តមាន​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និងលោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ឈឹ​ម ម៉ា អ្នកតំណាង​រាស្ត្រមណ្ឌល​សៀមរាប ព្រមទាំង​ ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត  អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ អា​ជា្ញ​ធរ​ក្រុង និងប្រជា​ពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

ពិធីបុណ្យ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ទៅ​តាម​កម្មវិធី​កំណត់​ពី​ម៉ោង​២០រហូត​ដល់​រំលងអ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ​វិច្ឆិកា​ ​២០១៥ ដោយ​មានការ​គោរព​ទៅ​តាម​កាល​វេលា​នៃ​ដំណើរ​យាង​ចរ​របស់​ព្រះ​ច័ន្ទ និង​គោរព​ទៅតាម​កាលកំណត់ ក្បួនខ្នាត​គម្ពីរ​ដីកា ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​គោរព​ប្រណិបត្តិ​ទៅ​តាម​គន្លង ទំនៀមទម្លាប់​ប្រពៃណី ប្រសិទ្ធិ​ពិធីការ​ជា​លំដាប់លំដោយតរៀង​មក៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព