អ្នក​មូលដ្ឋាន​មិនអើពើ គយពីលើចុះទៅបង្ក្រាបបាន​រថយន្ត​យីឌុបដឹក​ឈើប្រណីតមួយគ្រឿង​ ប្រុង​នាំ​ចេញទៅយួន

ខេត្តរតនគិរី ៖ នាយករ​ដ្ឋា​ន​ស្រាវជ្រាវ​បង្ការ និង​បង្ក្រាប​បទល្មើស​គយ​ បាន​ចាប់​រថយន្ត​ធុន​ធំ​យី​ឌុ​ប​ដឹកឈើ​ប្រណិត​ខុសច្បាប់​១​គ្រឿង នៅ​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥ វេលា​ម៉ោង​០៨ និង​១៥​នាទី​យប់ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៨ ទល់​មុខ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ក្នុងភូមិ​ប៉ុក​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ​។

ក្នុង​​ករណី​បង្ក្រាប​បទល្មើស​ឈើ​ប្រណីត​ខាងលើ ដឹកនាំ​ដោយ​លោក​ ព្រាប គា​រ៉ាត ជំនួយ​យ​ការ​នាយកដ្ឋាន​ស្រាវជ្រាវ​បង្ការ និង​បង្ក្រាប​បទល្មើស​ឱ្យ​ដឹង​ថា ដោយ​មានការ​ចូល​រួ​ម​សហការ​ពី​ប៉េ​អឹ​ម​ផ្ទៃ​ប្រទេសគយ​ចល័ត និង​មន្ត្រី​គយ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ចាប់​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយយី​ឌុ​ប ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-0053 បាន​ផ្ទុក​ឈើ​ប្រណីត​ពេញ​ក្នុង​បំណង​លោត​​ឆត្រ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

លោក​ព្រាប គា​រ៉ាត បាន​បន្ត​ទៀត​ថា រាល់​ទំនិញ​ទាំងអស់ បើ​គ្មាន​ការ​អនុញ្ញាត និង​មាន​លិខិត​បង់ពន្ធ​ច្បាស់លាស់​ពី​ស្ថាប័ន​គយ​ទេ ត្រូវ​ចាប់​រឹបអូស​យក​មក​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្តរតនគិរី ដើម្បី​ម្ចាស់​ដើម​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។ សេចក្តី​រាយការណ៍​បាន​បន្ថែម​ថា ឈើ​ប្រណីត​នៅ​ក្នុង​រថយន្ត​ខាងលើ​ជាង​៣០​ម៉ែត្រគូប​ទេ ហើយ​ឈើ​ប្រណីត​ទាំងនោះ​ភាគច្រើន​សុទ្ធតែ​ប្រភេទ​ឈើ​ធ្នង់ និង​នាងនួន ។ សមត្ថកិច្ច​គយ​នៅ​មិន​ទាន់​វាស់វែង​ដឹង​ចំនួន​ច្បាស់លាស់​នៅឡើយ​ទេ ចំណែក​ម្ចាស់​ឈើ​រត់គេច​ខ្លួន​បាត់ ។

លោក​ព្រាប គា​រ៉ាត បានឱ្យ​ដឹង​ថា ឈើ​ប្រណីត​ដែល​ចាប់​បាន​ខាងលើ សមត្ថកិច្ច​គយ​មិន​បាន​ប្រគល់​ឱ្យ​មេព្រៃ​នោះ​ទេ ព្រោះ​គយ​មានច្បាប់​ពិសេស​របស់​គេ​មួយទៀត​សម្រាប់​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស ។

គួរ​បញ្ជាក់​ថា ឈ្មួញ​ដែល​មាន​លុយកាក់​ទិញ​ឈើ​ប្រណីត​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​សព្វ​ថ្ងៃនេះ គេ​កម្រ​ឃើញ​មាន​សមត្ថ​កិ​ច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តរតនគិរី បង្ក្រាប​បាន​ម្តងណា​ឡើយ ។

តាម​ការ​សន្និដ្ឋាន​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ឱ្យ​ដឹង​ថា ឈើ​ប្រណីត​ដែល​សមត្ថកិច្ច​ចាប់​បាន​ពេញ​ឡាន​ខ្នាត​យក្ស​នេះ ម្ចាស់​ឈើ​ប្រហែល​ជា​អ្នកមាន​អំណាច និង​មាន​លុយ ​ទើប​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​នេះ ។