​ឆេះ​រោង​កាហ្វេ មួយកន្លែង​ខ្ទេច នៅ​ក្រុង​កំពង់ចាម​

កំពង់ចាម: រោង​កាហ្វេ​មួយកន្លែង យីហោ សុខ ស្រីមុំ (​ឈ្មោះ​ខ្មែរ​) ដែលមាន​ម្ចាស់​ជា​ស្ត្រី វៀតណាម ជួល​លក់ដូរ ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧​និង​២០​នាទី ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។​

​ក្រោយពី​កើតហេតុ​ភ្លាម គេ​បានឃើញ រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​ខេត្ត ចំនួន​២​គ្រឿង បាន​ចុះមក​បាញ់​ពន្លត់ ផងដែរ ហើយ​ក្នុង​ហេតុការណ៍​នេះដែរ មិនមាន​មនុស្ស​ណា​ម្នាក់ រងគ្រោះថ្នាក់​នោះទេ ។ ម្ចាស់​រោង​កាហ្វេ ឈ្មោះ ម៉ា​យ ស្រីមុំ អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ក្នុង​រោង​កាហ្វេ​ជួល កន្លែងកើតហេតុ គឺ​ក្រោយ​កើតហេតុ បាន​រត់​គេចខ្លួនបាត់​។​

​ចំពោះ​សំភារៈ​ដែល​បាត់បង់ មាន ទូរទស្សន៍ ២១ អ៊ិ​ញ ចំនួន​២ គ្រឿង តុ​លក់​កាហ្វេ ចំនួន​៨​តុ និង​សំភារៈ​លក់​កាហ្វេ មួយចំនួនទៀត​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការឆេះ​នេះ មិនទាន់​ដឹង​នោះទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ប៉ុន្តែ​តាម​អ្នកឃើញ​ហេតុការណ៍ មុនដំបូង គឺ​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​តិចៗ ចេញពី​កន្លែង​ឆុង​កាហ្វេ ខណៈ​ដែលមាន​មនុស្ស ៥-៦​នាក់ នៅក្នុង​ហាង​កាហ្វេ​នោះ តែ​មិនបាន​នាំគ្នា​ជួយ​ពន្លត់​ទេ បែរជា​រត់​ចេញមកក្រៅ​វិញ ធ្វើ​ឲ្យ​អណ្តាតភ្លើង​នោះ កាន់តែ​ឆាបឆេះ​ខ្លាំង​ទៅៗ តែម្តង​៕V/S

​ឆេះ​រោង​កាហ្វេ មួយកន្លែង​ខ្ទេច នៅ​ក្រុង​កំពង់ចាម​