សមត្ថកិច្ច ចាប់ខ្លួនក្មេងទំនើង យកដបសាំងគប់រួចដុតផ្ទះគេ ទាំងកណ្តាលអាធ្រាត្រ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចាប់ខ្លួនក្មេងទំនើងម្នាក់ បន្ទាប់ពីជនរងគ្រោះជាម្ចាស់ផ្ទះ បានប្តឹងថា បានយកសាំង១ដបមកគប់ដុតផ្ទះទាំងកណ្តាលអាធ្រាត្រ ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ នគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ស៊ីវ សារិន្ទ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកយុវជនសង្ស័យមានឈ្មោះ ម៉ត មុតម៉ារ៉ាវី ជាកូនលោកគ្រូបង្រៀនម្នាក់ រស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានមុខរបរមិនពិតប្រាកដ ជាមុខសញ្ញាក្មេងទំនើង ។

យុវជនទំនើងរូបនេះ សមត្ថកិច្ចធ្លាប់ចាប់ខ្លួន៣ដងពីបទ បង្កវាយរថយន្តសាំងយ៉ុងគេខូចខាត និងបង្ករបួសស្នាមចំនួន២លើក ដោយឡែកជាមួយម្ចាស់ផ្ទះរងគ្រោះ គឺគេធ្លាប់មានទំនាស់គ្នាចំនួន២ដងផងដែរ ។ ជនរងគ្រោះបានអោយដឹងថា នៅម៉ោង២និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ គាត់កំពុងដេកជាប់មាត់ទ្វារផ្ទះខាងមុខ បានឮសម្លេងដូចជាគរជះទឹកប្រាវមកលើផ្ទះ ហើយក៏មានភ្លើងឆេះទ្វារផ្ទះសន្ធោសន្ធៅឡើង។ នៅពេលនោះគាត់ក៏បានស្រែកឆោរឡោឡើង ផ្អើលអ្នកជិតខាងចេញមកជួយពន្លត់ភ្លើងកំពុងឆេះទ្វារផ្ទះរហូតដល់រលត់ទាំងស្រុង ក្នុងពេលនោះដែរគាត់ក៏បានឃើញឈ្មោះ វី ដែលបានឈរមើលពួកគាត់ពន្លត់ភ្លើងឆេះផ្ទះ រួចគេក៏បានឡើងជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅចេញពីកន្លែងកើតហេតុ។

ភ្លាមៗនេះដែរគាត់ ក៏បានឡើងជិះម៉ូតូដេញតាម និងទាន់គេនៅកំពង់ផែផ្សារក្រោម ហើយបានសួរនាំចោទប្រកាន់រូបគេតែគេបានប្រកែក នៅពេលនោះគាត់បានចាប់ដៃអាវគេមកហិត គឺបានធំក្លិនសាំង ហើយក៏បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលផ្សារឆ្នាំង អោយជួយចាត់ការតាមផ្លូវច្បាប់។ តាមបញ្ជារលោកព្រះរាជអាជ្ញាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង១០ព្រឹក សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរកសាងសំណុំរឿង ។

អ្នកលក់សាំងពេលយប់ បានឆ្លើយថា នៅយប់នោះគេបានច្រកសាំង១លីត្រដាក់ក្នុងដបទឹកសុទ្ធ២ដប លក់អោយមិត្តភ័ក្រជនសង្ស័យ តែមួយដបគេបានចាក់ចូលម៉ូតូ និងមួយដបទៀតគេយកទៅអោយជនសង្ស័យ ចំណែកអ្នកជួយពន្លត់ភ្លើងឆេះផ្ទះ ក៏បានឆ្លើយថា ពិតជាបានឃើញជនសង្ស័យ នៅឈរមើលក្នុងពេលកើតហេតុពិតមែន។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងបន្ថែមតាមនិតិវិធីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់ ៕

សមត្ថកិច្ច ចាប់ខ្លួនក្មេងទំនើង យកដបសាំងគប់រួចដុតផ្ទះគេ ទាំងកណ្តាលអាធ្រាត្រ