​ជនសង្ស័យ​១​ក្រុម បាញ់ប្រហារ​យុវជន​មួយក្រុម របួសធ្ងន់​៣​នាក់ ប្លន់​យក​ម៉ូតូ​២​គ្រឿង​

ភ្នំពេញ: យុវជន​៣​នាក់ ក្នុងចំណោម​មិត្ត​ភ័​ក្ត ជិត​២០​នាក់ បាន​រងរបួស​ធ្ងន់ ខណៈដែល​ត្រូវ​ក្រុម​ជនសង្ស័យ មួយក្រុម​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​អាវុធខ្លី​២​ដើម បាញ់ប្រហារ​ក្រុម​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ​២​គ្រឿង ហើយ​ជិះ​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២​និង​១៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្បែរ​បុរី​ភ្នំ​មាស តាមផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ ៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ផាន ភ័​ស្ត អាយុ​២៦​ឆ្នាំ ដែល​បាន​រត់គេចខ្លួន​ផុត​ជីវិត ពី​ការបាញ់ប្រហារ​នេះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រូបគេ​ជាមួយនឹង​មិត្ត​ភ័​ក្ត ជាច្រើន​នាក់​ទៀត មាន​គ្នា​ប្រមាណ​ជិត ២០ នាក់ បាននាំគ្នា​មក​ដើរលេង នៅក្នុង​ពិធីបុណ្យ​អុំ​ទូក នៅក្នុង​រាជធានី​ភ្នំពេញ ហើយក៏​បាននាំគ្នា​ជិះ​ម៉ូតូ​ដើរលេង ។ ពេលវេលា​ម៉ោង​កើតហេតុ យប់​កាន់តែ​ជ្រៅ ពួកគេ​បាននាំគ្នា​ជិះ​ម៉ូតូ​បំណង​ត្រឡប់​ទៅ​ស្រុកកំណើត ឯ​ខេត្តកណ្តាល​វិញ ប៉ុន្តែ​ពេលមកដល់ ក៏​ស្រាប់​តែមាន ជនសង្ស័យ​មួយក្រុម មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ជិះ​មក​ក្បែរ​ពីក្រោយ បាន​ដក​កាំភ្លើងខ្លី​២​ដើម​បាញ់ប្រហារ​មកលើ​ពួកគេ​តែម្តង​។ ពេល​ពួកគេ​ទាំងអស់គ្នា មានការ​ភ័យ​ស្លន់ស្លោ ពេក ក៏មាន​អ្នកខ្លះ​ជិះ​ម៉ូតូ​រត់ និង​ខ្លះទៀត ផ្តួល​ម៉ូតូ​ចោល រត់​យកតែ​រួចខ្លួន ។​

​បន្ទាប់ពី​បាញ់​មិត្ត​ភក្ត្រ​គេ ឱ្យ​របួស​ហើយ ក្រុមចោរ​ទាំងនោះ មិន​អស់ចិត្ត បាននាំគ្នា​ដេញ​បាញ់​ពួកគេ បំរុង​សម្លាប់ចោល​តែម្តង តែ​ត្រូវ​ពួកគេ​ព្យាយាម​រត់គេចខ្លួន ចូល​កន្លែង​ងងឹត ទើប​ក្រុមចោរ មិន​ដេញតាម​ទៀត ហើយ​បាន​លើកយក​ម៉ូតូ​២​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក MSX និង​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០១៤ ហើយ​ជិះ​គេចខ្លួន​អស់​តែម្តងទៅ ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច ខណ្ឌមានជ័យ បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ដែរ និង​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​ព្យាបាល របួស និង​អ្នក​ខ្លះទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍ ដើម្បី​ងាយស្រួល​ឲ្យ​សមត្ថកិច្ច កំណត់​មុខសញ្ញា និង​ចាប់​យកមក​ផ្តន្ទាទោស ជា​ក្រោយ​តាមច្បាប់​៕V/S

​ជនសង្ស័យ​១​ក្រុម បាញ់ប្រហារ​យុវជន​មួយក្រុម របួសធ្ងន់​៣​នាក់ ប្លន់​យក​ម៉ូតូ​២​គ្រឿង​

​ជនសង្ស័យ​១​ក្រុម បាញ់ប្រហារ​យុវជន​មួយក្រុម របួសធ្ងន់​៣​នាក់ ប្លន់​យក​ម៉ូតូ​២​គ្រឿង​