កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កម្មវិធី​សូត្រ​ព្រះ​ត្រៃបិដក​អន្តរជាតិ ប៉ុន្តែ​ថវិកា​មិនទាន់​គ្រប់​

ភ្នំពេញ: គិត​ត្រឹម​ពេលនេះ សរុប​បច្ច័យ​ដែល​បានមកពី ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដើម្បី​រៀបចំ​កម្មវិធី​សូត្រ​ស្វាធ្យាយ ព្រះ​ត្រៃបិដក​អន្តរជាតិ នៅ​សាធារណរដ្ឋ​ឥណ្ឌា លើក​ទី​១១ ក្នុងនាម​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ មាន​ចំនួន​១៣​ម៉ឺន ៣​ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ បច្ច័យ​ទាំងនេះ នៅ​មិនទាន់​គ្រប់​នៅឡើយ​ទេ ព្រោះ​បច្ច័យ​តាម​ការគ្រោងទុក សម្រាប់​រៀបចំ​កម្មវិធី​ទាំងមូល គឺមាន​ចំនួន ២៥ ម៉ឺន​ដុល្លារ​អាមេរិក​។ ព្រះអង្គ​សូម​អំពាវនាវ ជាថ្មី​ម្ដងទៀត ទៅកាន់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បន្ត​ចូល​បច្ច័យ តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​។​

​តំណាង​គណៈសង្ឃ​នាយក និង​ជា​ជំនួយការ​ផ្ទាល់ ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ប្រធាន​សមាគម សមណ​និស្សិត​កម្ពុជា ព្រះចៅអធិការ​វត្ត​ខ្មែរ​ទាំង​៨ ព្រះ​តេជគុណ តែម ម៉ាច មាន​ថេរៈ​ដីកា​ថា គិត​ត្រឹម​ពេលនេះ សរុប​បច្ច័យ​ដែល​បានមកពី ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដើម្បី​រៀបចំ​កម្មវិធី​សូត្រ​ស្វាធ្យាយ ព្រះ​ត្រៃបិដក​អន្តរជាតិ នៅ​សាធារណរដ្ឋ​ឥណ្ឌា លើក​ទី​១១ ក្នុងនាម​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ មាន​ចំនួន​១៣​ម៉ឺន ៣​ពាន់ ដុល្លារ​អាមេរិក ប៉ុណ្ណោះ​។

​ព្រះ​តេជគុណ បន្តថា បច្ច័យ​ទាំងនេះ នៅ​មិនទាន់​គ្រប់​នៅឡើយ​ទេ ព្រោះ​បច្ច័យ​តាម​ការគ្រោងទុក សម្រាប់​រៀបចំ​កម្មវិធី​ទាំងមូល គឺមាន​ចំនួន ២៥ ម៉ឺន​ដុល្លារ​អាមេរិក​។ ព្រះអង្គ​សូម​អំពាវនាវ​ជាថ្មី​ម្ដងទៀត ទៅកាន់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បន្ត​ចូល​បច្ច័យ តាម​កម្លាំង​សទ្ធា​ជ្រះថ្លា ខណៈ​ព្រះអង្គ នឹងត្រូវ​ដឹកនាំ​ពុទ្ធបរិស័ទ​ទៅកាន់​ដែនដី​ពុទ្ធភូមិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខ​នេះហើយ​។​

​សេចក្តីអំពាវនាវ​បែបនេះ ធ្វើឡើង​ខណៈពេលដែល ព្រះ​តេជគុណ តែម ម៉ាច ក្នុង​ពិធី​ជួបជុំ​ពុទ្ធបរិស័ទ មុននឹង​ចេញដំណើរ ទៅកាន់​សាធារណរដ្ឋ​ឥណ្ឌា ដើម្បី​ប្រារព្ធ​កម្មវិធី​សូត្រ​ស្វាធ្យាយ ព្រះ​ត្រៃបិតក​អន្តរជាតិ លើក​ទី​១១ នា​រសៀល​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា​នេះ​។​

​គួរ​រំលឹក​ដែរ​ថា កម្មវិធី​សូត្រ​ស្វាធ្យាយ ព្រះ​ត្រៃបិដក អន្តរជាតិ​លើក​ទី​១១ នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ ដែល​រៀបចំ​នៅ​ពុទ្ធ​គ​យា ស្ថិតនៅ​ភូមិ​ពុទ្ធ​គ​យា ឃុំ​ពុទ្ធ​គ​យា ស្រុក​គ​យា រដ្ឋ​ប៊ី​ហា សាធារណរដ្ឋ​ឥណ្ឌា​។ តាម​គម្រោង កម្មវិធី​នេះ នឹងមាន​ព្រះសង្ឃ ព្រមទាំង​ពុទ្ធបរិស័ទ​អ្នក​កាន់​ព្រះពុទ្ធសាសនា ថេរវាទ​ចំនួន​១៣ ប្រទេស ប្រមាណ​ជា ពីរ​រយ​ពាន់ អង្គ​/​អ្នក និមន្ត និង​ចូលរួម​៕V​/S

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កម្មវិធី​សូត្រ​ព្រះ​ត្រៃបិដក​អន្តរជាតិ ប៉ុន្តែ​ថវិកា​មិនទាន់​គ្រប់​