តួកគី អត់មានបំណងបង្កើត ភាពតានតឹង ជាមួយរុស្ស៊ីទេ

អ៊ីស្តានប៊ុល៖ ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានថ្លែងនៅថ្ងៃ ពុធ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៥ថា តួកគី អត់ដែលមានបំណងទាល់តែសោះ ក្នុងការបង្កើតភាពតានតឹង ជាមួយរុស្ស៊ី បន្ទាប់ពីទីក្រុងអង់ការ៉ា បាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី បង្កការខឹងសម្បារដល់ក្រុងមូស្គូ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរាយការណ៍ នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យដឹងថា លោកប្រធានាធិបតី បានថ្លែងថា “យើងអត់មានបំណងបង្កើតបញ្ហាណាមួយ ជាមួយរុស្ស៊ីនោះទេ យើងគ្រាន់តែការពារសន្តិសុខរបស់យើង តែប៉ុណ្ណោះ”។

លោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃអង្គារ ដោយបានហៅការបាញ់ទម្លាក់យន្តហោះរុស្ស៊ី Su-24 នោះអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងធ្ងន់ធ្ងររវាងមូស្គូនិងអង់ការ៉ា។

ប្រធានាធិបតីតួកគីវិញ បានថ្លែងថា តួកគី មិនដែលចង់ឲ្យមាន “ភាពតានតឹង រឺ វិបត្តិ” ហើយថា នឹងបន្តលើកកម្ពស់សន្តិភាព កិច្ចសន្ទនា និងការទូតជាដរាប។

លោកថ្លែងបន្តថា ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រំពឹងថា តួកគី នៅតែរក្សាភាពស្ងប់ស្ងាត់ គ្រាដែលសន្តិសុខតាមព្រំដែនរបស់ខ្លួន ត្រូវបានគេបំពាននោះទេ។

លោកក៏បានបង្ហាញឲ្យដឹងផងដែរថា ពលរដ្ឋតួកគី២នាក់ បានរងរបួសដោយសារបំណែកយន្តហោះរុស្ស៊ីនោះ៕

តួកគី អត់មានបំណងបង្កើត ភាពតានតឹង ជាមួយរុស្ស៊ីទេ

តួកគី អត់មានបំណងបង្កើត ភាពតានតឹង ជាមួយរុស្ស៊ីទេ