ជប៉ុន នឹងបន្ថែមជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រឆាំងការប្រែប្រួលអាកាសធាតុ

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្ស៊ូអាបេ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រដ្ឋាភិបាលរបស់ លោកនឹងពង្រីកជំនួយជាទឹកប្រាក់ចំនួន ១,៣ពាន់ពាន់លានយ៉េន ស្មើនឹង ១០,៦០ពាន់ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២០ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រយោជន៍ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងនឹងការកើនឡើងនូវកំដៅពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា តួលេខនេះ គឺកើនឡើងជាងតួរលេខបច្ចុប្បន្នដែលមានចំនួនមធ្យម ១ពាន់ពាន់លានដុល្លារអាម៉េរិក ហើយលោក អាបេ គ្រោងនឹងប្រកាសការពង្រីកជំនួយនេះ នៅអឡុងពេលកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្ដីពី ការផ្លាស់ប្ដូរអាកាសធាតុ ដែលនឹងត្រូវបានធ្វើឡើងនៅក្រុងប៉ារីស ប្រទេសបារាំង។

ប្រភពផ្លូវការដដែល បានឲ្យដឹងទៀតថា ជាមួយនឹងជំនួយពីប្រទេសជប៉ុន នឹងបន្តចូលរួមចំណែកជួយ ដល់ការអភិវឌ្ឍ ដូចជា ថាមពលកំដៅក្នុងផែនដី ប្រព័ន្ធផ្លូវដែកនៅតំបន់ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕

ជប៉ុន នឹងបន្ថែមជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប្រឆាំងការប្រែប្រួលអាកាសធាតុ