តារាភាពយន្ត​ហូលីវូដ​នឹង​ទទួល​តំណែង​ប្រធាន​កិត្តិយស​ក្នុង​មហោស្រព​ភាពយន្ត​កម្ពុជា

តារា​ភាពយន្ត​ហូលីវូដ របស់​សហរដ្ឋអាមេរិក ដ៏​ល្បី គឺ​អ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie Pitt) នឹង​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មការ​កិត្តិយស​នៅ​ក្នុង​មហោស្រព​ភាពយន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

សារព័ត៌មាន អេ.ភី (AP) រាយការណ៍​ថា អ្នកស្រី អែនជេលីណា ចូលី ភីត ទទួល​តំណែង​នេះ​សម្រាប់​មហោស្រព​ភាពយន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ មហោស្រព​នៅ​កម្ពុជា នឹង​ចាក់​បញ្ចាំង​ភាពយន្ត​ចំនួន ១៣០​រឿង មក​ពី ៣៤​ប្រទេស។

ទីប្រឹក្សា​មហោស្រព​ភាពយន្ត លោក សេឌ្រីក អេឡោយ (Cedric Eloy) ថ្លែង​ថា តួនាទី​របស់​អ្នកស្រី អែនជេលីណា ចូលី ភីត នៅ​ក្នុង​មហោស្រព​នេះ នឹង​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​ឧស្សាហកម្ម​ផលិត​ភាពយន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ងើប​ឡើង​វិញ ក្រោយ​ការ​បំផ្លាញ​ដោយ​របប​ខ្មែរក្រហម។

បច្ចុប្បន្ន​នេះ តារា​ភាពយន្ត អែនជេលីណា ចូលី ភីត កំពុង​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ថត​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ស្ដីពី​ប្រវត្តិរូប​របស់​សកម្មជន​សិទ្ធិមនុស្ស​មួយ​រូប ឈ្មោះ លឿង អ៊ុង។ រឿង​នេះ គឺ​ទាក់ទង​នឹង​សោកនាដកម្ម​ក្នុង​របប​ខ្មែរក្រហម ដែល​មាន​ចំណង​ជើង​ថា "ដំបូង គេ​សម្លាប់​ប៉ា​ខ្ញុំ" ឬ​ជា​ភាសា​អង់គ្លេស​ថា "First They killed My Father”។

អ្នកស្រី អែនជេលីណា ចូលី ភីត ថ្លែង​ថា អ្នកស្រី​មាន​មោទនភាព​ក្នុង​ការ​ជួយ​គាំទ្រ​មហោស្រព និង​ការ​ផលិតភាព​យន្ត​នៅ​កម្ពុជា។ អ្នកស្រី​បន្ត​ថា កម្ពុជា​សម្បូរ​ប្រវត្តិសាស្ត្រ មាន​វប្បធម៌​យូរ​លង់ និង​ប្រជាជន​ប៉ិនប្រសប់ ដែល​អាច​ផ្ដល់​ដល់​អ្នក​ដទៃ​នៅ​ក្នុង​តំបន់ និង​ពិភព​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។