ADB បន្ថែម​ឥណទាន​80​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្ទេរ​អគ្គិសនី

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​ផ្តល់​នូវ​ឥណទាន​៨០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ប្រើប្រាស់​ក្នុង​ការ​ផ្ទេរ​ថាមពល​នៅ​ទូ​ទាំង​ក្រុង​រ៉​ង់​ហ្គូ​ន ។

គម្រោង​នេះ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្ទេរ​បណ្តាញ​នៅ Thida-Thaketa-Kyaikkasan ចាប់ពី​៦៦​គីឡូវ៉ុល មក​២៣០​គីឡូវ៉ុល និង​ការ​សាងសង់​ស្ថានីយ​ថ្មី​ចំនួន​ពីរ​កន្លែង​ទៀត​នៅ South Okkalapa និង West University នេះ​បាន​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់ ADB ។

ADB បន្ថែម​ថា សហគ្រាស​ថាមពល​អគ្គិសនី​មី​យ៉ា​ន់​ម៉ា នឹង​អនុវត្ត​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​សម្រាប់​គម្រោង​នេះ ។

សេដ្ឋវិទូ​ថាមពល​ជាន់ខ្ពស់​របស់ ADB ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ លោកស្រី Bui Duy Thanh មាន​ប្រសាសន៍​ថា ៖ «​អាយុកាល និង​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​ផ្ទេរ​បណ្តាញ គឺ​តម្រូវ​ឲ្យ​មានការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងជា​បន្ទាន់​ដើម្បី​ផ្តល់​នូវ​ស្ថិរភាព និង​ភាព​ទូលំទូលាយ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​» ។

ក្រុង​រ៉​ង់​ហ្គូ​ន​បាន​ដើរតួ​នាទី​ស្នូល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា ហើយ​ជំនួយ​នេះ​នឹង​ជួយ​ដល់​រដ្ឋាភិបាល ក្នុង​ការ​ធានា​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​អាច​ជឿ​ទុកចិត្ត​បាន​សម្រាប់​ទីក្រុង​ទាំងមូល និង​តំបន់​នៅ​ជុំវិញ ។

លោកស្រី​បន្ត​ថា ៖ «​នៅ​ទសវត្សរ៍​ចុង ក្រោយ​នេះ គេ​រំពឹង​ថា សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​នឹង​កើន​ឡើងជា​មធ្យម​៧,៨% ក្នុង​មួយ​ឆ្នាំ ដើម្បី​សម្រេច​បាន​នូវ​កំណើន​តម្រូវការ​ថាមពល ដែល​ទំនងជា​ច្រើន​ជាង​៩% ក្នុង​មួយ​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០៣០ ។ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​អភិវឌ្ឍន៍ នូវ​ប្រភព​ដែល​បង្កើត​ថ្មី និង​ពង្រឹង​បណ្តាញ​ដែល​មាន​ស្រាប់​» ។

រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​កំពុង​តែ​ដាក់​ទិស​ដៅ​ធ្វើ​អគ្គិសនី​កម្ម​ឲ្យ​បាន​១០០% នៅ​ឆ្នាំ​២០៣០ ហើយ ADB កំពុង​តែ​ជួយ​គាំទ្រ​ទិស​ដៅ​នេះ តាម​រយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រឿង​ធ្វើ​និយ័ត​កម្ម ។

រដ្ឋាភិបាល​នឹង​ផ្តល់​នូវ​ទឹកប្រាក់​៣,៣​លាន​ដុល្លារ​ដើម្បី​គ្របដណ្តប់​លើ​ការ​ចំណាយ​ផ្នែក​រដ្ឋបាល បរិស្ថាន វិធានការ​សុវត្ថិភាព​សង្គម ការ​កសាង​ផ្លូវ និង​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​សម្រាប់​គម្រោង​នេះ ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០១៩ ៕