ជនភៀសខ្លួន​ណូ​រូ​ទី​៥​មកដល់​កម្ពុជា​តាំងពី​សបា្តហ៍​មុន​

​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជូន​ជនភៀសខ្លួន​ម្នាក់ទៀត ពី​កោះ​ណូ​រូ​មកកាន់​កម្ពុជា​។ នេះ​ជនភៀសខ្លួន​ណូ​រូ​ទី​៥​នោះ ជា​បុរស​ជនជាតិ រ៉ូ​ហ៊ីង​យ៉ា បាន​មកដល់​ភ្នំពេញ​តាំងពី​សប្តាហ៍​មុន​មកម្ល៉េះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Sydney Morning Herald​។​

​យ៉ាងណាក៏ដោយ The Sydney Morning Herald ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ វិច្ឆិកា​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ នៃ​ការបញ្ជូន​ជន​ភៀស​ទី​៥​មក​កម្ពុជា​នោះទេ គ្រាន់តែ​បង្ហើប​ថា ជន​ភៀស​ទី​៥​មកដល់​កម្ពុជា ប៉ុន្មាន​ថ្ងៃ​មុន ​ការបង្ហាញ​ពីការព្រួយបារម្ភ​ពី​បញ្ហានយោបាយ​ចុងក្រោយ​នៅ​កម្ពុជា របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិទទួក​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា កន្លងទៅ លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិទទួល​បន្ទុកសិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ព្រមាន​ចំពោះ​កម្តៅ​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​កើនឡើង​ខ្លាំង និង​ស្ថិតនៅ​ក្នុងស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។

​សារព័ត៌មាន​ថ្មីៗ​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដើម្បី​បំភ្លឺ​ជុំវិញ​ការមកដល់ នៃ​ជនភៀសខ្លួន​ទី​៥​ពី​កោះ​ណូ​រូ នេះ​បាន​នៅឡើយ ដោយ​ទូរ​សព្ទ​មិនមាន​អ្នកទទួល​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៤ មិថុនា​កន្លងមក អូស្ត្រាលី​-​កម្ពុជា បាន​បញ្ជូន​ជន​ភៀស ខ្លួន​ស្ម័គ្រចិត្ត​ចំនួន ៤​នាក់​ពី​កោះ​ណូ​រូ មក​រស់នៅ​រាជធានី​ភ្នំពេញ  ក្រោម​កិច្ចព្រមព្រៀង​រវាង​អូស្ត្រាលី​-​កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ចុងឆ្នាំ​២០១៤ ។ ជនភៀសខ្លួន​ទាំងនោះ រួមមាន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ និង​ជនជាតិ​អ៊ីរ៉ង់ ៣​នាក់ (​ស្រី​១​នាក់​) បានមក​តាំង​លំនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​។ ក្រោយមក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ ស្នើ​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​ខ្លួន​វិញ កាលពីដើម​ខែតុលា ឆ្នាំ​២០១៥​កន្លងមក​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​