រថយន្ត​ និង​ម៉ូតូ​បុក​គ្នា​ទាំង​កំរោល​ របួស​ធ្ងន់​ម្នាក់​ សង្ស័យ​អ្នកបើកបរ​ស្រវឹង​ជោក​ដូច​គ្នា​ ​

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​ ដោយសារ​ជិះ​ម៉ូតូ​បុក​ជាមួយ​​រថយន្ត​កាម​រី​កញ្ចាស់​មួយ​គ្រឿង កាលពី​វេលា​មោ់ង​១០ និង២០​នាទី​យប់​ ថ្ងៃ​ទី​២៥ ​វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩B ត្រង់​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​គេ​សង្ស័យ​ថា អ្នកបើកបរ​ទំនង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ដូច​គ្នា​។

មន្ត្រី​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សោ សុ​ជាតិ ភេទប្រុស ​អាយុ​៣០​ឆ្នាំ នៅ​ភូមិ-ឃុំ​កើតហេតុ​ បាន​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ម៉ាក​កាម​រី​ ចង្កូត​ស្ដាំ​ទាំង​កំរោល ដែល​បើកបរ​ដោយ​ឈ្មោះ​ស៊ា​ង សុ​ភ័​ក្រ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន គ្រា​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​​​គេ​សង្ស័យថា ​ភាគី​ទាំង​២ស្ថិត​ក្នុង​​ស្ថានភាព​ស្រវឹងស្រា​ដូច​គ្នា​​​។

មន្ត្រី​ដដែល​បាន​បន្ត​ថា ឧប្បត្តិ​ហេតុនេះ​បាន​ធ្វើ​ឲ្យ​ភាគី​ម៉ូតូ​ឈ្មោះ​សុ​ជាតិ រង​របួស​បាក់ជើង​ម្ខាង និង​ផុង​លលា​ដ៏​ក្បាល​យ៉ាងធ្ងន់ធ្ងរ រីឯ​ម្ចាស់​រថយន្ត​ដាក់​មេ​ប្រូច​បាត់​ស្រមោល ទុក​តែ​រថយន្ត​ឲ្យ​សមត្ថកិច្ច​វាស់វែង​ដោះស្រាយ​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​