ជម្លោះ​ក្នុង​វង់​ផឹកស៊ី​ចាក់​ស្លាប់​ម្នាក់​​នៅ​ស្រុក​ខ្សាច់​កណ្តាល​

ខេត្ត​កណ្តាល​ ៖ មាន​ករណី​​​ឃាត​កម្មមួយ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​២៥ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ពុក​ឫស្សី​កណ្តាល ​ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់​កណ្តាល​ ។

ជន​រង​គ្រោះ ឈ្មោះ ហាស់ ពិសាខ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​មុខ​​របរ​មិន​ពិត​ប្រាកដ រស់នៅ​​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ ​ស្លៀក​ខោ​ខូវប៊យ​ជើង​វែង អត់​អាវ ​មាន​ស្នាម​របួស​១២​កន្លែង នៅ​លើ​ មុខ ​ទ្រូង និង​ដៃ​ (ស្លាប់) ។​ ចំណែក​ជន​ដៃ​ដល់​ឈ្មោះ មុយ សាមៀច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​មុខ​របរ​មិន​ពិត​ប្រាកដ ​រស់នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា ​​​​​​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​​ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ។​

​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា មុន​ពេលកើត​ហេតុ នៅ​ផ្ទះ​ឈ្មោះ សល់ គឹម​ពុទ្ធា​រិទ្ធ ​មាន​កម្ម​វិធី​ផឹក​ស៊ី​នៅ​លើ​គ្រែ​មុខ​ផ្ទះ​របស់​ខ្លួនជា​មួយ​ជន​ដៃ​ដល់​​ឈ្មោះ ​មុយ សាមៀច​ ខណៈ​កំពុង​ផឹក​ស៊ី​នោះ ជន​រង​គ្រោះ ឈ្មោះ ហាស់ ពិសាខ ជិះ​ម៉ូតូ​​​ម្នាក់​ឯង​​​ដោយ​ស្ថាន​ភាព​ស្រវឹង​មក​ដល់ ហើយ​បាន​​ស្រែក​ហៅជន​​​ល្មើស​​មក​វាយ​គ្នា ​បន្ទាប់​មក​ជន​រង​គ្រោះ​បាន​​យក​កែវ​​ស្រា​វាយ​ក្បាល​ជន​ល្មើស ​​ហើយ​ក៏​ដើរ​ទៅ​ជិះម៉ូតូ​បម្រុង​ចេញ​​ទៅ​វិញដោយ​ស្រែក​ថាឯង​ចាំ​មើល​ ខណៈនោះ​ស្រាប់​តែ​ជន​ល្មើស​​​​ទាញ​យក​កូន​កាំបិត​ចុង​ស្រួច​ពី​កណ្តាល​វង់​ផឹក​ស៊ី​​ស្ទុះ​ទៅ​ក្រៀក​​និង​ចាក់​​ជន​រងគ្រោះ​ដែល​អង្គុយ​លើ​ម៉ូតូ​ជា​ច្រើន​កាំបិត​ បណ្តាល​ឱ្យ​​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ហើយ​ជន​ល្មើស​ទម្លាក់​កាំបិត​ចោល​នៅ​កន្លែង​កើត​ហេតុ រួច​រត់​គេច​ខ្លួន​ទៅ​ទិស​​ខាង​កើត​បាត់​ស្រមោល ។​

​ប្រភព​បន្ត​ថា ​មូល​ហេតុ​​​​ផ្តើម​ពី​ជន​​​​ដៃ​ដល់​និង​ជន​រង​គ្រោះ​​ធ្លាប់​មាន​ទំនាស់ជា​មួយ​គ្នា​កន្លង​មក ។

​ក្រោយ​​កើត​ហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​​ដើម្បី​ត្រួត​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិច័យ​លើ​សព​ ​​រួច​​ក៏​ប្រគល់​​សព​​ឱ្យ​ទៅ​ក្រុម​គ្រួសារ​​ដើម្បី​​​រៀបចំ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​ ចំណែក​ជន​​សង្ស័យ​​ដែល​រត់​គេច​ខ្លួន​នោះ សមត្ថកិច្ច​បាន​និង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​រក​ចាប់​ខ្លួន​​​យក​មក​ផ្តន្ទាទោស​​​តាម​​ច្បាប់ ៕