ភ្ញៀវ​ទេសចរ​កើនឡើង​តាម​ច្រក​ទ្វារ​​​ប៉ោយ​ប៉ែ​ត​ ​ទោះជា​ប្រទេស​មួយ​ចំនួន​រង​ការ​គំរាមកំហែង​ភេរវកម្ម​ក្តី

បន្ទាយ​មាន​ជ័យ ​៖ ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាស​ន៍ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​កើនឡើង​ចាប់តាំងពី​ខែតុលា​ដល់​ខែវិច្ឆិកា ​និង​អាច​បន្ត​ទៅ​ខែធ្នូ ២០១៥ បើ​ទោះជា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​រង​ការ​គំរាមកំហែង​​ភេរវកម្ម​ក៏​ដោយ​។

លោក​ជង់ ​ឡឹម​ ប្រធាន​មន្ទីរ​ទេសចរ​ខេត្តបន្ទាយមានជ័យ ​និង​ជា​អនុប្រធាន​ក្រុមការងារ​ច្រក​ទ្វារ​បានប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦ ​វិច្ឆិកា ២០១៥ ថា ​ចំនួន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពុំ​មានការ​ថយ​ចុះ​ទេ​ ថ្វី​ត្បិត​តែ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ភេរវកម្ម​ក៏ដោយ​។

ផ្ទុយ​ទៅ​វិញ​ចំនួន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាស​ន៍ ប្រធាន​មន្ទីរ​រូប​នេះ​ប្រាប់​ថា​ មានការ​កើនឡើង​ចាប់​តាំ​ងពី​ខែតុលា​រហូត​ដល់​ខែវិច្ឆិកា នេះ​ ហើយ​ក៏អាច​បន្ត​កើនឡើង​តទៅ​ទៀត​ដែរ​ ព្រោះ​ដល់​រដូវ​កាលដែល​ភ្ញៀវ​ប្រទេស​មួយ​ចំនួន​ដើរ​កំសាន្ត​។

លោក​ជង់ ​ឡឹម​ បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​បាន​កើនឡើង​ចាប់តាំងពី​ខែតុលា​រហូត​មក​ទល់​បច្ចុប្បន្ន ​ហើយ​ថា​ ចំនួន​ភ្ញៀវ​ប្រចាំ​ថ្ងៃមួយ​រយៈនេះ​ជា​មធ្យម​១.១០០​នាក់ (​មួយ​ពាន់​មួយ​រយ​នាក់​)​ក្នុង១​ថ្ងៃ​។

ទោះជា​យ៉ាងណា​ប្រធាន​មន្ទីរ​រូប​នេះ​មិន​បាន​ប្រាប់​លម្អិត​ពី​ទិន្នន័យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ប្រចាំខែ​នោះ​ទេ​ ដោយ​ប្រាប់​ថា​ ទាល់តែ​ដាច់​ខែ​ទើប​ដឹង​ទិន្ន័យ​សរុប​បាន​៕​