អត្ត​ព​លិ​ក​កីឡាហែលទឹក​ជម្រើសជាតិ​កម្ពុជា​2​រូប​ត្រឡប់​មក​ពី​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ អត្ត​ព​លិ​ក​កីឡាហែលទឹក​ជម្រើសជាតិ​កម្ពុជា​២​រូប​គឺ​កីឡាករ​ហែម ថុ​ន ពន្លឺ និង​កីឡាការិនី​ហែម​ថុ​ន វិ​ទី​នី បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ បន្ទាប់​ពី​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​អស់​រយៈពេល​១​ឆ្នាំ​ពេញ ។

លោក​ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានឱ្យ​ដឹង​ថា កីឡាករហែម​ថុ​ន ពន្លឺ និង​កីឡាការិនី ហែម​ថុ​ន វិ​ទី​នី ដែល​មានឱកាស​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ក៏​ដោយសារ​តែ​មានការ​ជួយ​សម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​មានការ​ឯកភាព​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​ផង​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​កីឡាករ​-​កីឡាការិនី​ទាំង​២​រូប​នេះ​មានឱកាស​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ ដោយសារ​ពួក​គេ​មាន​ទេព​កោសល្យ​ល្អ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ហែម គី​រី បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​កីឡាការិនី ហែម​ថុ​ន វិ​ទី​នី ពេល​នេះ​មានការ​រីក​ចម្រើន​ជាង​មុន ចលនា​ហែល​ទឹក​ទន់ភ្លន់ ហែល​បាន​លឿន និយាយ​រួម​អ្វី​ៗ​មានការ​ប្រែប្រួល​ជាង​មុន​ច្រើន ។ លោក​បាន​បញ្ជាក់​ថា  ការ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​ដែល​មាន​កីឡាករ​ចម្រុះ​ជាតិ​សាសន៍​មក​ពី​តាម​បណ្ដា​ប្រទេស​ទាំង​មិន​ទាន់​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍ ។ ពួក​គេ​បាន​មក​ប្រមូលផ្ដុំ​គ្នា​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៦ ។ ចំណែក​កីឡាករ​ហែម​ថុ​ន ពន្លឺ និង​កីឡាការិនី​ហែម​ថុ​ន វិ​ទី​នី វិញ ក្រោយ​ពេល​វិល​ត្រឡប់​មក​វិញ សព្វថ្ងៃ​ពួក​គេ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​អាង​ហែល​ទឹកស​ម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​ទើប​សង់​រួច​មាន​តម្លៃ​ជិត​២​លាន​ដុល្លារ នៅ​ខេត្តកំពង់ចាម​នា​ថ្ងៃ​ទី​១ និង​ទី​២ ធ្នូ ខាង​មុខ​នេះ ៕